អភិបាលខេត្តសៀមរាបធ្វើការប្រមូលទិញផលដំណាំផ្លែល្ពៅ


ខេត្តសៀមរាប ៖ ដើមី្បអនុវត្តនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើមី្ប​ជំរុញការទិញចូល និង លក់ចេញនៃទីផ្សារផលិតផលរបស់កសិករ ហើយនៅពេលថ្មីៗនេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប​ ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ បង ប្អូនប្រជាកសិករ ឯកឧត្តមបណ្ឌិត​ក៏បានធ្វើការ​ប្រកាសដល់បងប្អូនប្រជាកសិករ ដែលជាអ្នកដាំដុះដំណាំល្ពៅ នៅក្នុងទូទាំងខេត្តសៀមរាប ដែលពុំមានទីផ្សារ នាំយកមកលក់ឲ្យ​សាលាខេត្តសៀមរាប ។ ​

ជាក់ស្តែងនៅរសៀលថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៦ ក៏មានបងប្អូនប្រជាកសិករនៅស្រុកស្វាយលើបាននាំយកនូវផ្លែល្ពៅប្រមាណ​ជាង​១០តោន យកមកលក់ឲ្យសាលាខេត្តសៀមរាប ។  ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជា​កសិករនៅ​ក្នុងមូលដ្ឋានខេត្តសៀមរាប ដែលបានធ្វើការប្រមូលផលល្ពៅ ហើយគ្មានទីផ្សារនាំចេញ សូមឲ្យនាំយកមកលក់នៅ​សាលាខេត្ត​សៀមរាបក្នុងតម្លៃ​១គីឡូក្រាម ៥០០រៀល ។  ក្នុងនោះសូមឲ្យបងប្អូនត្រួតពិនិត្យផ្លែល្ពៅរបស់ខ្លួន ដើមី្បធានាគុណភាព​ផ្លែល្ពៅ រក្សាទុកបានយូ ។

តាមប្រសាសន៍របស់លោកពូ វ៉ាន់ ឈន់ ជាប្រជាកសិករដែលមានទីលំនៅភូមិដូនទាំវ ឃុំរលួស ស្រុកប្រាសាទបាគង​ខេត្ត​សៀមរាប បានទៅធ្វើការដាំដំណាំល្ពៅ នៅស្រុកវ៉ារិន  បានបញ្ជាក់ឲ្យដឹងថា នៅ ពេលដែលបងប្អូនប្រជាកសិករដែលបានដាំដុះ​ដំណាំល្ពៅ  នឹងទទួលបានផលហើយនោះ  ក្នុងពេលធ្វើការ ប្រមូលភោគផលដំណាំល្ពៅនោះ បែជាគ្មានទីផ្សារ​ដែលធ្វើឲ្យបងប្អូន​មានការភ័យព្រួយបារម្ភ​ ពីការខូចខាតផល ផ្លែល្ពៅរបស់ពួកគាត់ ។ លោកពូក៏បានឲ្យដឹងទៀតថា ក្រោយពីទទួលបានដំណឹងពីការ​ប្រកាសរបស់ឯកឧត្តម បណ្ឌិតអភិបាលខេត្តសៀមរាប ពួកគាត់មានការត្រេកអរជាខ្លាំង ព្រមទាំងបានធ្វើការថ្លែងអំណរគុណ ចំពោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ អំពីសុខទុក្ខរបស់ប្រជាកសិករនៅទូទាំងខេត្ត ដែល បានជួប​បញ្ហាទាំងនេះ ។  ហើយផលល្ពៅដែលគាត់បានយកមកលក់ឲ្យសាលាខេត្តនាពេលនេះប្រមាណជាង ១០តោន ។

ក្នុងនោះដែរលោក ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ បានឲ្យដឹងថា ផ្លែល្ពៅដែលមានប្រមាណជាង ១០តោននេះ សភាពាណិជ្ជកម្មបានធ្វើការទិញបន្តពីសាលាខេត្តសៀមរាប ហើយត្រូវបានបែងចែកទៅតាមតម្រូវការរបស់បងប្អូន​នៅក្នុងក្រុងសៀមរាប ក្នុងតម្លៃដូចការទិញចូលពីប្រជាកសិករផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

173 175 176 177