កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ផែនការការពារ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តី​សម្រេច និង ផែនការការពារសម្រាប់មហាសន្និបាតសភា តំបន់អាស៊ី លើកទី៩ របស់អនុគណៈកម្មការទទួល បន្ទុកផ្នែកសន្តិសុខ នៃគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩  ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ហ៊ុន ណេង  ប្រធាន​អនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ នៃមហាសន្និបាតសភាតំបន់លើកទី៩ និង ជាសមាជិករដ្ឋសភាជាតិ  ដោយមាន​ការ​អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកអនុគណៈកម្ម ការ និង អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់​ព័ន្ធ អាជ្ញាធរក្រុងផងដែរ ។

មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានដាក់នូវរបៀបវារៈនៃកិច្ចប្រជុំនាពេលនោះ ដោយបានផ្តោតទៅលើ​ចំណុចសំខាន់ ចំនួន៣ ក្នុងនោះលើការផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់គណៈកម្មការ រៀបចំមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ និង សេចក្តីរាយការណ៍ អំពីគម្រោងផែនការ និង វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនដល់គណៈ​ប្រតិភូចូលរួមកិច្ចប្រជុំ និង ការចុះពិនិត្យមើលទីតាំងក្នុងការ រៀបចំមហាសន្និបាត ព្រមទាំងលើកនូវបទពិសោធន៍ដែលការងារសន្តិ​សុខយើងបានអនុវត្តកន្លងមកផងដែរ ។

ឆ្លងតាមការផ្សព្វផ្សាយអំពីសេចក្តីសម្រេច នូវសមាសភាពសមាជិកអនុគណៈកម្មការរ និង សេចក្តីរាយការណ៍របស់សមត្ថកិច្ច​ជំនាញផ្នែកការពារសន្តិសុខ ដែលបានលើកឡើងនូវទីតាំងសំខាន់ៗ ដែលកងកម្លាំងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់​ខ្ពស់  នៅទីតាំងកម្សាន្តនៅពេលរាត្រី ដោយខេត្តសៀមរាបជាមជ្ឈមណ្ឌលប្រមូល ផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះអង្គប្រជុំក៏បាន ផ្តោតចំពោះទីតាំងផ្សាររាត្រី និង តំបន់ផាប់ស្ទ្រីប ផ្សារចាស់ ដែលជាទីកណ្តាលក្រុងប្រវត្តិសាស្ត្រ ។ ក្នុងនោះអង្គប្រជុំ ក៏បានលើកនូវផែនការ និង ទិសដៅដែលត្រូវអនុគណៈកម្មការផ្នែក​សន្តិសុខត្រូវធ្វើការអនុវត្តជាបណ្តើៗ  សំខាន់លើ ការរៀបចំនូវសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននៅតាមដងផ្លូវ និង ទីប្រជុំជន ក្នុងការសម្រួលដល់ការធ្វើចរាចរណ៍ របស់គណៈប្រតិភូ ក៏ដូចបងប្អូនប្រជាពលរដ្ឋផងដែរ ។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ចំពោះផ្លូវ មួយចំនួនដែល​អាជ្ញាធរខេត្តបានកំពុងធ្វើការកែលម្អនេះ អាជ្ញាធរខេត្តនឹងធ្វើការជម្រុញដល់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវ ត្រូវពន្លឿនក្នុងការធ្វើផ្លូវឲ្យបាន​រួចរាល់នៅមុនបុណ្យអុំទូកខាងមុខ ព្រមទាំងធ្វើការដាក់នូវភ្លើងបំភ្លឺផ្លូវពេលរាត្រី និង ធ្វើការតុបតែងភ្លើងពណ៌​ នៅតាមដងវិថីនានា ក្នុងការទទួលសាទរព្រះរាជពិធីបុណ្យអុំទូកផង និង ទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ហើយក៏ជាការលើកនូវ​សោភណ្ឌភាពក្រុងប្រវត្តិសាស្តផងដែរ  ។ ម៉្យាងទៀត លើការងារសន្តិសុខ សណ្តាប់់ធ្នាប់ អនាម័យ បរិស្ថាន អាជ្ញាធរខេត្ត ធ្វើការ​ជម្រុញដល់កងកម្លាំង  មន្ទីរជំនាញ បង្កើន ការយកចិត្តទុកដាក់ខ្ពស់ នៅតំបន់កម្សាន្តផាប់ស្ទ្រីប និង ផ្សាររាត្រីអតីតអង្គរឃ្យុងយូរ គឺឲ្យធ្វើអាជីវកម្មនៅដដែល  តែចំពោះបញ្ហាការដ្ឋានសំណង់នៅជាប់បរិវេណ នៃ សាលមហាសន្និបាត គឺសុំឲ្យធ្វើការបិទការសាង​សង់មួយរយៈខ្លី ផងដែរ ។

បន្ទាប់ពីកិច្ចពិភាក្សាដំណើរការយ៉ាងផុលផុសរួចមក មានប្រសាសន៍បូកសរុបនោះដែរ ឯកឧត្តម ហ៊ុន ណេង ក៏បានលើកផងដែរថា ឆ្លងតាមកិច្ចពិភាក្សានេះ កិច្ចប្រជុំបានទទួលនូវបទពិសោធន៍ និង វិធានការល្អៗ ដែលកង កម្លាំងសមត្ថកិច្ចយើងបានអនុវត្ត​នាពេលកន្លងមក ក្នុងកិច្ចប្រជុំថ្នាក់កំពូល នៅខេត្តសៀមរាប ដែលជាខេត្តមួយនៃ គោលដៅរបស់ភ្ញៀវទេសចរណ៍ ក៏ដូចថ្នាក់ដឹកនាំ​កំពូលៗលើពិភពលោក ជ្រើសរើសយកជាទីជួបជុំទៀតផង ។ ឯកឧត្តមបានបន្តទៀតថា បទពិសោធន៍ទាំងនេះ គឺជាប្រទីបសម្រាប់​កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរខេត្ត យកទៅ អនុវត្ត ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនចំពោះគណៈប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ។ ម៉្យាងទៀតកត្តា សំខាន់ គឺការរៀបចំនូវសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និង ជុំវិញសាលសន្និសិទ្ធ នៃអង្គមហាស​ន្និបាត រួមទាំង អនាម័យ បរិស្ថាន ​។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើ កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់លើការ គ្រប់គ្រង អំពីសមាសភាព ដែលបានចូលមកស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និង តាមច្រកទ្វារអន្តរជាតិ ទាំង ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដើមី្បធ្វើការទប់ស្កាត់នូវរាល់ការប៉ុងប៉ង របស់ក្រុមជនខិលខូចទាំងជាតិ អន្តរជាតិ ក្នុងការធានាសុវត្ថិភាព សន្តិសុខ​ជូន​គណៈប្រតិភូ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

187 188 189 190 191 192