សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះ និងគ្រឿងឧបភោគបរិភោគ ដល់គ្រួសារទីទ័លក្រ នៅស្រុកជីក្រែង


ខេត្តសៀមរាប ៖ លំនៅដ្ឋានដែលធ្វើអំពីឈើ ប្រកដំបូលសង្ក័សី មានជញ្ជាំងក្តារ ក្រាលក្តា មានបណ្តោយ ៤ម៉ែត្រ ទទឹង ៥ម៉ែត្រ ដែលជាអំណោយរបស់ឯកឧត្តម ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត  លោកជំទាវរួមទាំងក្រុមគ្រួសារ  ក្នុងតម្លៃ ១ពាន់២០០ដុល្លា ផ្តល់តាមរយៈ សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់កាលពីព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៦ ក្រោមវត្ត​របស់លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធាន គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមមរាប ព្រមទាំង​បាននាំយកនូវគ្រឿងឧបភោគបរិភោគ  ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រគល់ជូន​ដល់គ្រួសារលោក អេង ខេង  អាយុ ៥៤ឆ្នាំ ជាបុរសពោះម៉ាយ មានកូនប្រុសស្រី០៤នាក់ រស់នៅភូមិគោកអំពិល ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក អេង ខេង  ដែលមានភូមិស្រុកកំណើតដូចខាងលើ តែដោយមានជីវភាពក្រខ្សត់ក្នុងគ្រួសារ រួមទាំងជួបនូវគ្រោះថ្នាក់ដោយគ្រោះ​ធម្មជាតិ ធ្វើឲ្យលំនៅរបស់ពួកគាត់បាក់រលំជាមួយលើក ទៅពីរលើក ក៏បាន សម្រេចខ្ចីបុលគេធ្វើជាសាហុយ នាំប្រពន្ធកូនទៅធ្វើ​ការងារជាកម្មករនៅប្រទេសថៃ ។ តែដោយកម្មអកុសល ពេល ដែលខ្លួនធ្វើការបានប្រាក់ហើយនោះ បាននាំប្រពន្ធធ្វើការវេប្រាក់​ពីប្រទេសថៃឲ្យម្ចាស់បំណុលហើយនោះ បានធ្វើ ដំណើរឆ្លងផ្លូវ ក៏ត្រូវរថយន្តបានបុកប្រពន្ធស្លាប់  ហើយខ្លួនជាប្តីក៏មិនហ៊ាន​ឆ្លើយ​ប្រាប់សមត្ថកិច្ចថៃថាជាប្រពន្ធខ្លួន ឡើយ ពីព្រោះពួកគាត់ចូលទៅធ្វើការស្រុកថៃដោយគ្មានច្បាប់ ហើយក៏ប្រញាប់នាំយកកូនទាំង​បួន ចូលមកកាន់ ស្រុកកំណើតវិញ ដោយពុំបានយកសពប្រពន្ធមកធ្វើបុណ្យតាមប្រពៃណីឡើយ នៅឆ្នាំ២០១៥ ។  ក្រោមការ​អំពាវនាវ របស់សាខាកាកបាទក្រហមខេត្ត ទើបមានសប្បុរសជន ដែលមានឯកឧត្តម ធា ស៊ីវត្ថា ជាសមាជិកក្រុមប្រឹក្សាខេត្ត​សៀមរាប លោកជំទាវ បានជួយឧបត្ថម្ភ ទើបបានសាងសង់លំនៅដ្ឋាននេះឡើង ជូនក្រុមគ្រួសារលោក អេង ខេង  ឲ្យបានរស់​នៅបានសមរម្យ  ។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយអ្វីឡើយ ។ លោកជំទាវ ក៏បានសម្តែងនូវភាពទុក្ខសោក​របស់ក្រុមគ្រួសារប្អូនប្រុស អេង ខេង  ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុម​គ្រួសារប្អូននាពេលនេះ ក្រោមការជួយឧបត្ថម្ភរបស់ឯ.ឧ ធា ស៊ីវត្ថា​ និង លោកជំទាវ ជាសប្បុរសជនក្នុងខេត្ត ហើយក៏ជាការបង្ហាញ​នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជាជានិច្ច ។ លោកជំទាវក៏បានធ្វើការណែនាំមួយចំនួន និង សូមឲ្យដល់ក្រុមគ្រួសាររបស់ប្អូនប្រុស អេង ខេង  មុននឹងចាកចេញពីក្រុមគ្រួសារ ត្រូវធ្វើការស្វែងយល់ពីព័ត៌មានផ្សេងៗ និង ធ្វើការពិចារណាឲ្យបាន ច្បាស់ មិនត្រូវធ្វើការប្រថុយប្រថាន សងព្រេងទៅធ្វើការងារឯ​ស្រុកគេ គ្មានច្បាប់ត្រឹមត្រូវ ដែលជាហានីភ័យមួយ សម្រាប់បងប្អូន ជាក់ស្តែងដូចក្រុមគ្រួសាររបស់ប្អូនប្រុសជាដើម ។ ការប្រគល់​លំនៅដ្ឋាននាពេលនេះ ក្នុងការ ជួយសម្រួលដល់ការរស់នៅរបស់ក្រុមគ្រួសារបងប្រុស  ហើយក៏ជាការលើកកម្ពស់សុវត្ថិភាពសុខ​មាលភាព របស់ ប្រជាពលរដ្ឋ សំខាន់កុមារដែលជាទំពាំងស្នងឬសី្សនៃសង្គមជាតិ  និង សូមឲ្យកូនៗរបស់បងបានចូលសិក្សារៀន សូត្រផងដែរ ។

អំណោយសង្កត់ផ្ទះថ្មី ដែលផ្តល់ជូននាពេលនោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ​១យួរ និងទឹកបរិសុទ្ធ៥យួរ ។  ក្នុងនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានឧបត្ថម្ភបន្ថែមនូវថវិកា ៤០ម៉ឺនរៀល​ផងដែរ ។

ឆ្លៀតឱកាសនោះដែរលោកជំទាវ និង គណៈប្រតិភូសាខាកាកបាទក្រហមខេត្ត បានបន្តដំណើរចុះត្រួត    ពិនិត្យ បង្គន់អនាម័យ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ចំនួន១០បង្គន់  បានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិ តាអុង ឃុំល្វែងឬសី្ស ក្នុងស្រុកជីក្រែង​នោះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_1166 DSC_1169 DSC_1175 DSC_1177 DSC_1178 DSC_1182