ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៩នេះ មានធ្វើកិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តចូលរួមផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានលើកឡើងពីខ្លឹមសារ នៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប និងមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនា កម្សាន្ត អំពីវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះ ក៏ដើមី្បធ្វើការពិភាក្សាគ្នា ក្នុងជួរគណៈកម្មការរៀនចំពិធីបុណ្យអ៊ុំទូក ដើមី្បធ្វើការរៀបចំក្រុងប្រវត្តិសាស្ត្រសៀមរាបយើង ឲ្យមានសោភណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៦នេះ ដែលជាក្រុងគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ហើយក៏ជាការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើនផងដែរ។ ម៉្យាងទៀតពេលនេះ ក៏សូមឲ្យបណ្តាមន្ទីរ ធ្វើការរៀបចំទូក ដើមី្បចូលរួមអុំប្រណាំងនៅក្នុងពិធីបុណ្យនេះ ហើយក៏ធ្វើការផ្សព្វផ្សាយដល់បណ្តាក្រុមហ៊ុន សណ្ឋាគារ សមាគមន៍ទេសចរណ៍ អង្គការជាតិ អន្តរជាតិ ដែលមានបំណងចូលរួមក្នុងពិធីបុណ្យអ៊ុំទូកនេះ សូមមកទំនាក់ទំនងជាមួយគណៈកម្មការរៀបចំបុណ្យអ៊ុំទូកនៅគ្រប់ពេលម៉ោងធ្វើការនៅរដ្ឋបាលសាលាខេត្តសៀមរាប។
បន្ទាប់ពីការធ្វើកិច្ចពិភាក្សារួចមកឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបូកសរុប ចំនួនទូកដែលបណ្តាមន្ទីរ អង្គភាពបានរៀបចំ ទាំងទូកអុំនារី និង បុរស ដែលមានចំណុះមនុស្សតាមស្តង់ដា ២២នាក់ ហើយក្នុងនោះដែរក៏នៅមាន បណ្តាក្រុមហ៊ុនសណ្ឋាគារ វត្តអារាម រួមទាំងខេត្តជិតខាងនឹងមកចុះបញ្ជីធ្វើការប្រណាំងជាបន្តបន្ទាប់ទៀតផង ក្រោយ ពេលធ្វើការប្រជុំផ្សព្វផ្សាយនេះ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកនូវចំណុចមួយចំនួន ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក ដោយផ្តោតទៅលើបញ្ហាបរិស្ថាន ភ្លើងបំភ្លឺលម្អនៅតាមដងផ្លូវសាធារណៈ និង បង្គន់អនាម័យចល័ត ដោយសង្កត់ធ្ងន់ទៅលើការងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យអ៊ុំទូកនេះ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន ដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសន្តិសុខទេសចរណ៍ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការផ្សព្វផ្សាយទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ខ្មែរយើង ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រមណីដ្ឋានធម្មជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ដែលជាទីក្រុងគោលដៅភ្ញៀវទេសចរ នៅលើពិភពលោកផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ