ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២០ខែ តុលាឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តទួលសិលា ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ត សៀមរាប មានបើកអង្គវេទិកាសាធារណៈ ស្តីពីសេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពក្រោមអធិបតីភាពឯកឧត្តម ប៊ុន ថាប្ញទ្ធិ អនុប្រធានក្រុមការងារថ្នាក់ជាតិ និង ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកវ៉ារិន បានដឹកនាំមន្ត្រីនៃអង្គភាពមន្ទីរស្ថាប័នក្រុមការងារពាក់ពន្ឋ័រួមជាមួយ អាជ្ញាធរមូលដ្ឋាន និង តំណាងប្រជាពលរដ្ឋមកពី១៦ភូមិក្នុងឃុំស្រែណូយសរុបប្រមាណជា ៣១៥នាក់ ដើម្បីស្តាប់មតិយោបល់ និងសំណូមពរ ក្នុងការដោះស្រាយ បញ្ហា ការលំបាកដែលជាទុក្ខកង្វល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់សំខាន់ដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោបាយនិងយុទ្ឋសាស្ត្រចតុកោណដំណាក់កាល ទី៣របស់រាជរដ្ឋាភិបាល អំពីវឌ្ឍនភាពក្នុងឃុំ ស្រែណូយ។
ជាបន្តបន្ទាប់ពីលោក នាក់ ណេរ៉ុន អភិបាលនៃគណៈអភិបាលស្រុកវ៉ារិនបានធ្វើកិច្ចស្វាគមន៍ព្រមទាំង លើកនូវពីគោលបំណងនៃអង្គវេទិកា ដែលផ្តោតទៅលើការងារសេវាសាធារណៈ និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព រួចមកមានប្រសាសន៍បើកអង្គវេទិកានោះ ឯកឧត្តម ប៊ុន ថាប្ញទ្ធិបានផ្តល់ឱកាសដល់ប្រជា ពលរដ្ឋលើកឡើងជាសំណួរ និងសំណូមពរពាក់ពន្ឋ័ទៅនឹងបញ្ហាមួយចំនួន ដើម្បីឲ្យថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញ ដែលមានការពាក់ព័ន្ធជួយធ្វើការដោះស្រាយនិងបកស្រាយបំភ្លឺជូនបងប្អូន។ ក្នុងនោះឯកឧត្តមក៏បានលើកផងដែរពីការទៅចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ តើបានគ្រប់គ្នាហើយឬនៅបើមិនទាន់បានចុះឈ្មោះទេ ត្រូវរួតរះ ទៅចុះឈ្មោះ ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ ។ឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានបញ្ជាក់ថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាព គឺជាគន្លឹះ នៃកត្តាសំខាន់ដែលកើតចេញឡើងពីអនុសញ្ញានៅទីក្រុងប៉ារីស នាថ្ងៃទី២៣ តុលា១៩៩១ និង គោលនយោបាយឈ្នះៗដែលនាំឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ។
សំណួរ និង សំណូមពរដែលប្រពលរដ្ឋបានលើកឡើង ដែលពាក់ព័ន្ធទៅនឹងបញ្ហាការងារ អត្រានុកូលដ្ឋាន ក្នុងកែឈ្មោះក្នុងបញ្ជីកំណើត ដែលមានតម្លៃសេវាខ្ពស់ បញ្ហាការធ្វើលិខិតកាន់កាប់ដីធ្លី អំពីសេវារថយន្តសង្រ្គោះមានតម្លៃខ្ពស់ ការសុំធ្វើការជួសជុលផ្លូវលំ បញ្ហាទីផ្សារផលកសិផលដំឡូងមី និង ផ្លែល្ពៅ ព្រមទាំងការងារសន្តិសុខ ក្នុងការបំបាត់គ្រឿងញៀន ក្មេងទំនើង និង ល្បែងស៊ីសង និងសំណូមពរបង្កើតសមាគមន៍យុវជននៅតាមភូមិ ក្នុងការគ្រប់គ្រងយុវជន រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀតផង។
ក្នុងនោះដែរបណ្តាលោក លោកស្រីជាវាគ្មិន មកពីបណ្តាមន្ទីរអង្គភាព ក៏បានឡើងធ្វើការបកស្រាយបំភ្លឺអំពីទុក្ខកង្វល់របស់បងប្អូនដែលបានលាក់ទុកនូវចិត្តជាយូដែលអាជ្ញាធរមូលដ្ឋាន មិនមានលទ្ធភាពក្នុងការដោះស្រាយជូនបងប្អូនបាន ហើយពេលនេះបានធ្វើឲ្យបងប្អូនបានកាន់តែយល់ច្បាស់អំពីតម្លៃនែកិច្ចការដែលបានលើកឡើងនា ថ្ងៃនេះផងដែរ ។
មានប្រសាសន៍បូកសរុបលទ្ឋផលនៃអង្គវេទិកាឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានសម្តែងក្តីរីករាយចំពោះលទ្ឋផលនៃដំណោះស្រាយ ជូនប្រជាពលរដ្ឋបានដោយរលូនល្អប្រសើរដែលទទួលយកបានដោយរីករាយពេញចិត្តគ្រប់ៗគ្នា ជាពិសេសបានការចូលរួមពន្យល់បកស្រាយបំភ្លឺជូនបងប្អូននាពេលនេះមានចំនួន១១សំណួរ ។ ចំពោះការពន្យល់បកស្រាយពីបញ្ហាសេវាសាធារណៈ មេត្តាមានការប្រុងប្រយត្ន័ កុំកោសលុបទៅលើឯកសារអត្រាកូលដ្ឋានទាំងនោះព្រោះវាខុសទៅនឹងច្បាប់ រួមទាំងមានទោសព្រហ្មទណ្ឌ បើទោះបីជាខុសឈ្មោះខុសថ្ងៃខែឆ្នាំកំណើតឬបាត់បង់ដោយប្រការណាមួយសូមរាយការណ៍ជូនទៅសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន លើសពីនេះបងប្អូនត្រូវថែរក្សាទុកដាក់ឯកសារផ្ទាល់ខ្លួន និង កូនចៅក្រុមគ្រួសារឲ្យបានល្អ ព្រោះថាឯកសារដូចជាសំបុត្របញ្ជាក់កំណើតគឺប្រើប្រាស់អស់មួយជីវិតនិងធ្វើបានតែម្តងទេ។ ម៉្យាងទៀតអំពីដាំដុះដំណាំកសិកម្ម នៅពេលទទួលផល គ្មានទីផ្សារ ឯកឧត្តមសំណូមពរ និងស្នើដល់ប្រជាពលរដ្ឋត្រូវចេះធ្វើការជ្រើសរើសពេលវេលាក្នុងការដាំដុះដំណាំទាំងនោះ ដើមី្បឲ្យត្រូវទៅតាម តម្រូវការទីផ្សារក្នុងនិង ក្រៅ ស្រុក ។ ឯកឧត្តម ប៊ុន ថាប្ញទ្ធិ បានបន្តទៀតថាគ្រប់សមត្ថកិច្ច អាជ្ញាធរ រួមទាំងប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចេះរួម សហការគ្នាក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន ក៏ដូចសង្គមជាតិទាំង មូល ។ម៉្យាងទៀតការបង្កើតនូវ សមាគមន៍យុវជនក្នុងមូលដ្ឋាន គឺជាកត្តាដ៏ល្អក្នុងការជម្រុញដល់យុវជនចូលរួម ការអភិវឌ្ឍន៍នៅមូលដ្ឋាន និង ការ ធានានូវសន្តិសុខ សុវត្ថិភាពនៃភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្លួន ក្នុងការ បង្កើននូវភាពស្និតស្នាលនឹងគ្នាក្នុងមហាគ្រូសារខ្មែរតែមួយ ។
ឆ្លៀតឱកាសនោះដែរឯកឧត្តមក៏បាននាំយកអំណោយសាខាកាកបាទក្រហមខេត្តទៅប្រគល់ជូនដល់បងប្អូន ក្រុមគ្រួសាររងគ្រោះដោយ គ្រោះអគ្គីភ័យ ចំនួន៣គ្រួសារក្នុងពេលកន្លងមក នៅក្នុងឃុំស្រែណូយ នេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ