ខេត្តសៀមរាប ៖ ដើមី្បជម្រុញនិងលើកកម្ពស់វិស័យទេសចរណ៍ ឲ្យកាន់តែមានគុណភាពសេវាកម្មទេសចរណ៍ និង បង្កើន ការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដោយទទួលបានសិទ្ធក្នុងការបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ ពីក្រសួងទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៣ ។ ការប្រឡងជ្រើសរើសចូលរៀលវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ថ្នាក់តំបន់ សៀមរាប និង តំបន់ជុំវិញ ជំនាន់ទី២៣នេះ បានប្រព្រឹត្តធ្វើទៅកាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាបក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីសំណាក់អស់ លោក លោកស្រីជាសាកលវិទ្យាធិការរង សាស្ត្រាចារ្យ និង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រួមនឹងមន្ត្រីមន្ទីរទេសចរណ៍ខេត្តផងដែរ ។
តាមការបញ្ជាក់របស់លោកស្រីប្រធានគ្រប់គ្រងមណ្ឌលប្រឡងបានឲ្យដឹងថា ការប្រឡងជ្រើសរើសចូលរៀលវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ថ្នាក់តំបន់ សៀមរាប និង តំបន់ជុំវិញ ជំនាន់ទី២៣នេះ មានបេក្ខជន ដែលជា និសិ្សត សមណនិសិ្សត សិស្សដែលទើបប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ និង មគ្គុទេសក៏ទេសចរណ៍ ដែលបានដាក់ពាក្យសុំធ្វើការប្រឡងសរុបចំនួន៥១៤រូប ដែលស្មើ ១៧បន្ទប់ ដែលមានចំនួន ១០ភាសារ ដោយកំណត់យកបេក្ខជនចំនួន ១៨០រូបតែប៉ុណ្ណោះ។ វិញ្ញាសាប្រឡងនាពេលនេះ មានវិញ្ញាសាសរសេរ វប្បធម៌ទូទៅ និង វិញ្ញាសាសរសេរ ឯកទេសភាសា តែអវត្តមានមិនបានចូលប្រឡងចំនួន ៤០រូប ។
លោក ទ្រី ឈីវ អគ្គនាយករងទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ឲ្យដឹងផងដែរ អំពីលក្ខ័ន្តនៃការប្រឡងជ្រើសរើសចូលរៀលវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ថ្នាក់តំបន់សៀមរាប និង តំបន់ជុំវិញជំនាន់ទី២៣នេះ នៅសាកលវិទ្យាល័យ អង្គរ ដែលមានបេក្ខជន ជាសមណៈនិសិ្សត និសិ្សត សិស្ស និងមគ្គុទេសក៍ ទេសចរណ៍ ដែលជ្រើសរើសទៅតាមភាសាឯកទេស ១០ភាសារ ។ វិញ្ញាសាប្រឡងនាពេលនេះ មានវិញ្ញាសាសរសេរវប្បធម៌ទូទៅ ដោយផ្តោតលើចំណេះដឹងទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រនៃប្រទេសកម្ពុជា វិញ្ញាសាសរសេរឯកទេសភាសា ផ្តោតលើចំណេះដឹងផ្នែកទេសចរណ៍ សំខាន់លើការបកស្រាយ និង ពន្យល់អំពីផលិតផលទេសចរណ៍ទូទាំងប្រទេស និង វិញ្ញាសាផ្ទាល់មាត់ ផ្តោតលើចំណេះដឹងទូទៅ ពីប្រវត្តិសាស្ត្រវប្បធម៌ ចំណេះដឹងស្តីពីទេសចរណ៍ ជាប់ទាក់ទងនឹងការពន្យល់បកស្រាយ និង ការផ្តល់សេវាជូនភ្ញៀវទេសចរ ដោយបេក្ខជនឆ្លើយជាភាសាឯកទេសរបស់ខ្លួន ។
ឯកឧត្តម ប្រាក់ សុខុម បានមានប្រសាសន៍ថា ដោយយោងតាមអនុក្រិត្យ ស្តីពីមគ្គុទេសក៍ទេសចរណ៍ មាន៥ប្រភេទ ទី១ មគ្គុទេសក៍ទេសចរ ថ្នាក់ជាតិ, ទី២.មគ្គុទេសក៍ទេសចរ ថ្នាក់តំបន់ទី៣.មគ្គុទេសក៍ទេសចរថ្នាក់ក្រោមជាតិ ,ទី៤.មគ្គុទេសក៍ទេសចរ ថ្នាក់សហគមន៍ , ទី៥.មគ្គុទេសក៍ទេសចរថ្នាក់ពិសេស ដែលត្រូវបានក្រសួងជម្រុញវិស័យទេសចរណ៍ គុណភាព សេវាកម្មទេសចរណ៍ និង បង្កើននូវការងារជូនប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានលើកឡើងថា ដើមី្បឲ្យក្លាយ ជាមគ្គុទេសក៏ទេសចរណ៍ប្រកបដោយគុណភាព យើងត្រូវឆ្លងកាត់ក្នុងការប្រឡងចូលរៀនវគ្គសិក្សាបណ្តុះបណ្តាល ដើមី្បទទួលបាននូវអាជ្ញាប័ណ្ណពីអាជ្ញាធរពាក់ព័ន្ធ សំខាន់ពីក្រសួងទេសចរណ៍ ។ ក្នុងការបើកវិញ្ញាសានោះដែរ ឯ.ឧ ប្រាក់ សុខុម ក៏បានធ្វើការផ្តាំផ្ញើ ដល់បេក្ខជនទាំងអស់ ត្រូវយកចិត្តទុកដាក់ និង បញ្ចេញឲ្យនូវរាល់ចំណេះដឹងរបស់ខ្លួន ដែលបានសិក្សា និង អនុវត្តកន្លងមក ក្នុងការដណ្តើមនូវជ័យលាភី បន្តចូលរៀនសូត្រវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ថ្នាក់តំបន់ សៀមរាប និង តំបន់ជុំវិញ ជំនាន់ទី២៣នេះ ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា ប្រកបទៅដោយភាពអាព្យាក្រិត្យ យុត្តិធម៌ផងដែរ ៕ ម៉ី សុខារិទ្ធ