ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៦មិ្សលមិញនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាបមានធ្វើពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាជាមួយក្រុងកូម៉ាត់ស៊ុយ ខេត្តអ៊ិស៊ីកាវ៉ា នៃប្រទេស ជប៉ុន ដែលមានឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្តភាគីខេត្តសៀមរាបឯកឧត្តម ស៊ិនជី វ៉ាដា អភិបាលក្រុងកូម៉ាត់ស៊ុយ និងឯកឧត្តម តូស៊ីកាសឹ យូមីដា ប្រធានក្រុមប្រឹក្សាក្រុងកូម៉ាត់ស៊ុយ ភាគីក្រុងកូម៉ាត់ស៊ុយ រួមនឹងសហការី ។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចផ្តួចផ្តើមនេះដែរ ក៏មានវត្តមានចូលរួមជាអធិបតីរបស់ឯកឧត្តម ហិដិហិសា ហូរីណុអ៊ុឈិ អគ្គរាជ ទូតជប៉ុន ប្រចាំនៅកម្ពុជា និងលោកជំទាវ ។
មានប្រសាសន៍ស្វាគមន៍នោះឯកឧត្តម នូ ផល្លា ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែល ជានិច្ចជាកាលតែងជួយឧបត្ថម្ភ គាំទ្រដល់កិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា ។ ឯកឧត្តមបានបន្តទៀតថា ក្នុង ដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ពីជាមានអត្ថន័យជាប្រវត្តិសាស្ត្រ នៃខេត្តក្រុងទាំងពីរ ដែលបានផ្សាភ្ជាប់កាន់តែជិតស្និត តាមរយៈនៃកិច្ចផ្តួចផ្តើម ក្នុងការចងសម្ពន្ធ័មេត្រីភាពរវាងខេត្តសៀមរាប និង ក្រុង កូម៉ាត់ស៊ុយ ។ ឯកឧត្តម នូ ផល្លា ក៏បានបញ្ជាក់ថា ការអនុវត្តការងារជាពហុវិស័យ តាមស្មារតីខ្លឹមសារនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នា ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការទ្វេរភាគី បន្ទាប់ពីរាជរដ្ឋាភិបាលប្រទេសទាំងពីរ អនុញ្ញាតជាគោលការណ៍ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ ពីសក្តានុពលរបស់ខេត្តសៀមរាប ដែលបាន ពេងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ហើយដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ ដែល មានប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិ ដែលបានកំពុងទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរណ៍ និង ជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោកចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តម នូ ផល្លា ក៏បានលើកផងដែរពីហេដ្ឋារចនាសម្ព័ន្ធនៃវិស័យទេសចរណ៍របស់ខេត្ត ព្រមទាំងកំណើននៃភ្ញៀវទេសចរចូលមក ទស្សនាកម្សាន្តផងដែរ ។ ឯកឧត្តមក៏បានបញ្ជាក់ថា ខេត្តសៀមរាបបានធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តា ខេត្តក្រុងជាច្រើន ក្នុងតំបន់អាស៊ី ,ទ្វីបអឺរ៉ុប និង អាមេរិក សំខាន់ក្នុងពេលកន្លងមកក៏បានចងសម្ព័ន្ធមេត្រីជាមួយក្រុង ខេត្តចំនួន២ គឺក្រុងកូតា នៃខេត្តអាយឆិ និង ខេត្តខាណាហ្កាវ៉ា នៃប្រទេសជប៉ុនផងដែរ ។ ឯកឧត្តមក៏បានសំណូមពរដល់ប្រតិភូ សូមជួយធ្វើការផ្សព្វផ្សាយជូនដល់ អ្នកវិនិយោគប្រទេសជប៉ុនសម្លឹងឆ្ពោះមកខេត្តប្រវត្តិសាស្ត្រសៀមរាប ដើមី្បចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត និងបង្កើននូវការងារជូនដល់ប្រជាជនកម្ពុជា។
មានប្រសាសន៍នោះដែរឯ.ឧ ស៊ិនជី វ៉ាដា ក៏បានកោតសរសើរពីកិច្ចអភិវឌ្ឍន៍របស់កម្ពុជា សំខាន់ខេត្ត សៀមរាប មានកិច្ចអភិវឌ្ឍន៍ ធ្វើឲ្យសោភណ្ឌភាពក្រុងមានការទាក់ទាញអារម្មណ៍ភ្ញៀវដែលចូលមកកាន់ខេត្តប្រវត្តិសាស្ត្រមួយនេះ ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការបង្ហាញពី សក្តានុពលរបស់ក្រុងកូម៉ាត់ស៊ុយ ដែលជាក្រុងមួយបានផ្តោតទៅលើការអប់រំ និង កសិកម្ម ដែលបានទ្រទ្រង់ក្នុងក្រុងកូម៉ាត់ស៊ុយ ព្រមទាំងបានបន្សល់ទុកនូវប្រពៃណី វប្បធម៌ ក្នុងការធ្វើនូវសម្ភារៈពីផក់សាឡែន ដែលមានអាយុកាលជាង២ពាន់ឆ្នាំមកហើយ ដែលធ្វើទីក្រុងមួយនេះមានភាពល្បីល្បាញនៅប្រទេសជប៉ុន ។ ឯកឧត្តម ស៊ិនជី វ៉ាដា ក៏បានកោតសរសើរផងដែរ ភាពដ៏ល្បីល្បាញនៃប្រាង្គ ប្រាសាទអង្គរ ដែលជាសម្បត្តិអច្ឆរិយៈលើលោក ហើយក្នុងរយៈពេល២០០ឆ្នាំមុននេះ ក៏មានជនជាតិជប៉ុនដែលបាន ស្គាល់ប្រាសាទអង្គរ ហើយបានចារិកអក្សរជប៉ុននៅលើថ្មប្រាសាទ ដែលសបញ្ជាក់អំពីចំណងមិត្តភាពប្រទេសទាំងពីរជាយូអង្វែងផងដែរ ។ ឯកឧត្តមក៏មានការសង្ឃឹមជឿជាក់ថាការចុះហត្ថលេខាលើលិខិតផ្តូចផ្តើម ក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងខេត្តសៀមរាប និង ក្រុងកូម៉ាត់ស៊ុយ ក៏ដូចប្រទេសទាំងពីរ នឹងមានអត្ថន័យទៅតាម ខ្លឹម សារនៃការចារិកអក្សរជប៉ុននៅថ្មប្រាសាទ ក្នុងការរក្សាចំណងមិត្តភាពបានយូអង្វែងតទៅអនាគត ។
មានប្រសាសន៍នោះដែរឯកឧត្តម ហិដិហិសា ហូរីណុអ៊ុឈិ អគ្គរាជទូតជប៉ុន ក៏បានធ្វើការអបអរសាទរផងដែរ ក្នុងពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម រវាងខេត្តសៀមរាប និងក្រុងកូម៉ាត់ស៊ុយ នៃខេត្តអ៊ិស៊ីកាវ៉ា ដែលកាន់តែធ្វើឲ្យ ចំណងមិត្តភាពប្រទេសទាំងពីរ មានភាពស្អិតរមួតនឹងគ្នាក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អនឹងគ្នាជាការផ្លាស់ប្តូរនូវទំនាក់ទំនងគ្នាដើមី្បការអភិវឌ្ឍន៍នៅក្នុងតំបន់ទាំងមូលផងដែរ ។ ម៉្យាងទៀតប្រទេសយើងទាំងពីរ និងធ្វើការ ផ្លាស់ប្តូរវប្បធម៌ សិល្បះនឹងគ្នា ។ ឯកឧត្តមក៏សង្ឃឹមជឿជាក់ថា តាមរយៈពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម រវាងខេត្តសៀមរាប និងក្រុងកូម៉ាត់ស៊ុយនិង ធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងសេដ្ឋកិច្ច ការងារអប់រំ បរិស្ថាន រួមទាំង វិស័យទេសចរណ៍ផងដែរ។
នារាត្រីនោះដែរក៏មានធ្វើពិធីលាងសាយភោជន៍ជូនគណៈប្រតិភូក្រុងកូម៉ាត់ស៊ុយនៅសណ្ឋាគារបុរីអង្គរក្នុងជាមិត្តភាពរវាងខេត្តសៀមរាប និង ក្រុងកូម៉ាត់ស៊ុយនៃខេត្តអ៊ិស៊ីកាវ៉ា នៃប្រទេសជប៉ុនក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ ដើមី្បកិច្ចអភិវឌ្ឍន៍ខេត្តក្រុងទាំងពីរមានការរីកចម្រើនទៅអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ធ