ការដោះស្រាយ សម្របសម្រួលនូវរាល់បញ្ហានៅក្រៅប្រព័ន្ធតុលាការ គឺកត្តាដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋទទួលរងគ្រោះ


ខេត្តសៀមរាប ៖ សមាជិក សមាជិកា ដែលជាបណ្តាញអ្នកផ្តល់សេវាកម្មដល់ស្ត្រីរងគ្រោះដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ បានជួបប្រជុំពិភាក្សាស្តីពី យេនឌ័រ និង ផលប៉ះពាល់ ក្រោមអធិបតីភាពរបស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប នឹងដោយមានការអញ្ជើញចូលរួមពី លោកជំទាវជាថ្នាក់ដឹកនាំ ចំនួន៤ខេត្តរួមមាន ព្រះសីហនុ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម ខេត្តព្រះវិហារ និង មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល ដោយមានវត្តមានចូលរួមផងដែររបស់លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ។

មានប្រសាសន៍នាឳកាសនោះ លោកស្រី យូ សុភា ដោយ​បាន​បញ្ជាក់ថា ការដោះស្រាយ សម្របសម្រួលនូវរាល់ បញ្ហានៅក្រៅប្រព័ន្ធតុលាការ គឺកត្តាដ៏សំខាន់ និង​ផ្តល់​អត្ថ​ប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋទទួល រងគ្រោះ ដោយការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និង​ការ​រំលោភ​បំពាន​ផ្លូវភេទលើកុមារជាដើម ។ លោកជំទាវក៏បានថ្លែង ការ​សរសើរ​ពី​ភាព​យក​ចិត្ត​ទុក​ដាក់​របស់​បណ្តាញដែលជាសមាជិក ទៅលើកការងារស្ត្រី និងកុមារ ហើយទទួលបានលទ្ធផលល្អ ដែលជាគន្លឹះដើមី្បបង្ការទប់ស្កាត់និងឆ្លើយតបនឹងអំពើហិង្សាលើកុមារនៅកម្ពុជា។លោកស្រី យូ សុភា បានបញ្ជាក់ថា ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ ក៏​បាន​ទទួល​ស្គាល់​នូវ​បញ្ហា​ប្រឈម​សំខាន់​បំផុតចំពោះមុខ ដើមី្បឲ្យប្រែក្លាយរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ទៅ​ជា​ការ​ឆ្លើយ​តប ដើមី្បកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារ ។ ម៉្យាង​ទៀត​ការ​ឆ្លើយ​តបប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហការ សម្របសម្រួល និង ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​ដៃ​គូ​នៅគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់វិស័យ ចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់ក្រោមជាតិ និង​ដៃ​គូ​អភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋផងដែរ ។ ដើមី្ប​បញ្ចប់​នូវ​អំពើ​ហិង្សា​នេះបាន មន្ត្រីអង្គភាពមានការពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពង្រឹងនូវយន្តការ និង វិធាន​ការ​ការ​ប្រឆាំងនឹងអំពើហិង្សាលើកុមារ ព្រមទាំងលើកកម្ពស់ និយាមបទដ្ឋានសង្គម ដែល​ថ្កោល​ទោស​អំពើហិង្សាគ្រប់ទម្រង់ ។

អង្គ​ប្រជុំ​នេះស្ថិត​ក្នុង​គោលបំណង ដោយផ្តោតលើ បរិយាយអំពីបរិបទ និង ទំហំនៃបញ្ហា , ការ​កំណត់​អត្ថន័យ​នៃ​ផលវិបាកទៅលើសុខភាព, ការកំណត់កត្តាការពារ និង​ហានិភ័យ​ដែល​អាច​នឹង​កើត​មាន, បរិយាយអំពីការប្រើប្រាស់សេវា, ព្រមទាំងការណែនាំអំពីសកម្មវិធី និង​គោល​នយោបាយ​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ លើកុមារប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ