ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៦នេះ ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជួបធ្វើការពិភាក្សាការងារជាមួយប្រតិភូក្រុងហានចូវ របស់ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ចាង ហុងមីង អភិបាលក្រុងហានចូវ ខេត្តជឺជាំង និង សហការី នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។
មានប្រសាសន៍នោះឯកឧត្តម នូ ផល្លា ក៏បានធ្វើការជម្រាប់ដល់គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើសក្តានុពលនៃវិស័យ សេដ្ឋកិច្ចកសិកម្ម និង ទេសចរណ៍ ។ ឯកឧត្តម ក៏បានស្វាគមន៍ផងដែរ ចំពោះដំណើរទស្សនៈកិច្ចជាផ្លូវការ ក្នុងគោលបំណងជម្រុញ និង លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុងហានចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ឯកឧត្តម នូ ផល្លា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះ បាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ។ ឯកឧត្តមក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុងផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯ.ឧ នូ ផល្លា ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរសគ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយខ្សែក្រវ៉ាត់ មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។ និយាយដោយឡែកខេត្តសៀមរាប ក៏បានទទួលបានការឧបត្ថម្ភលើកវិស័យជាច្រើន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័អរូបវ័ន្ត ក្នុងការ បណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម និង ការអភិរក្សជួសជុលប្រាង្គប្រាសាទបុរាណក្នុងតំបន់អង្គរ សំខាន់ជាង នេះ គឺរដ្ឋាភិបាលទាំងពីរកម្ពុជា ចិន នឹងធ្វើការសាងសង់អាកាសយានដ្ឋានដ៏ធំនៅខេត្តសៀមរាបផងដែរ ។ ក្នុងនោះចិនក៏បានលើកទឹកចិត្ត ជម្រុញឲ្យអ្នកវិនិយោគ ឯកជនចិន មកធ្វើការវិនិយោកនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ព្រមទាំងលើកនូវសំណូមពរមួយចំនួន ដល់គណៈប្រតិភូ សំខាន់ក្នុងការជម្រុញប្រជាជន និង អ្នកវិនិយោគ ចូលមកធ្វើទេសចរណ៍ និង វិនិយោគនៅក្នុងខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរឯ.ឧ ចាង ហុងមីង ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនា កម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុង ហានចូវ ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែម ទៀត ។ ឯកឧត្តមក៏បានលើកឡើងពីសក្តានុពល វិស័យសេដ្ឋកិច្ចរបស់ក្រុងហានចូវ មានតំបន់ប្រវត្តិសាស្ត្រប្រហាក់ប្រហែលទៅប្រាសាទអង្គរ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ដោយអនុវត្តលើគោលការណ៍(ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលជាគោលដៅដ៏សំខាន់របស់ចិន ដើមី្បធ្វើឲ្យវិស័យ សេដ្ឋកិច្ចព្រមគ្នា ។ ឯកឧត្តម ចាង ហុងមីង ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្ត សៀមរាបនេះ បានធ្វើឲ្យប្រតិភូបានស្វែងយល់ពីភាពរីកចម្រើន រវាងក្រុងហានចូវ និង ខេត្តសៀមរាប ធ្វើឲ្យកាន់តែ មានភាពរីកចម្រើន ។ ម៉្យាងទៀតឯកឧត្តមនឹងធ្វើការជម្រុញដល់វិស័យទេសចរណ៍ ចូលមកកាន់ខេត្តសៀមរាប តាមរយៈបង្កើនការហោះហើរ ពីក្រុងហានចូវ ឆ្ពោះត្រង់មកខេត្តសៀមរាប ក្នុងការជម្រុញប្រជាជនក្រុងហានចូវ ចូលមកធ្វើទេសចរនៅខេត្តសៀមរាបឲ្យមានការកើនឡើង ។ ក្នុងនោះប្រតិភូក៏បានផ្តោតសំខាន់ លើវិស័យវប្បធម៌របស់កម្ពុជា សំខាន់ប្រាសាទអង្គរ ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ពីគ្នាទៅវិញទៅមកផងដែរ ។ ឯកឧត្តមមានសង្ឃឹមជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យគោលការណ៍(ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលជាដំណោះស្រាយមួយ សម្រាប់យើងធ្វើទៅបាន ព្រមទាំងនឹងធ្វើការជម្រុញដល់អ្នកវិនិយោគចិន ចូលមកវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប លើវិស័យកសិកម្ម និង ទេសចរណ៍ផងដែរ ។
នារាត្រីនោះដែរក៏មានធ្វើពិធីលាងសាយភោជន៍ ជូនគណៈប្រតិភូក្រុងហានចូវ នៅសណ្ឋាគារបុរីអង្គរ ក្នុងជាមិត្តភាពរវាងខេត្តសៀមរាប និង ក្រុងហានចូវ នៃខេត្តជឺជាំង ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អ ប្រកបដោយលទ្ធផលល្អ ដើមី្បកិច្ចអភិវឌ្ឍន៍ខេត្ត ក្រុងទាំងពីរមានការរីកចម្រើនទៅអនាគត៕ ម៉ី សុខារិទ្ធ