សាខាកាកបាទក្រហមខេត្តសៀមរាប ផ្តល់អំណោយដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងនិងទីទ័លក្រ ក្នុងស្រុកពួក


ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋខ្វះខាតស្បៀងនិងទីទ័លក្រ ចាស់ជរា ពិការ កើតជម្ងឺអេដស៍ ម៉េម៉ាយ វិកសចរឹក ចំនួន២៦គ្រួសារ ក្នុងភូមិត្រពាំងធំ ឃុំរើល​ និង ភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ត្រូវបានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តសៀមរាប ដោយមាន ការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមស្រុកពួក អាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅកន្លែងពីរផ្សេងគ្នា ក្នុងស្រុកពួក នាថ្ងៃតែមួយ  ។

តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឲ្យដឹងពីប្រភពអំណោយដែលបាននាំយកមកចែកជូនបងប្អូនទាំង២៦គ្រួសារនៅពេលនេះ  របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សប្បុរសជនផងដែរ ។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ឃីតមួយកញ្ចប់ ទឹកសុទ្ធ ២យួរ និងថវិកា ៣ម៉ឺនរៀល។

មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះដែរ ក្នុងនាមឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានឲ្យដឹងថា  កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងប្រទេស ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ហើយបាននិងកំពុងប្រតិបត្តិការជួយសង្គ្រោះ និង ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ដោយមានគណៈអភិបាល  ក្រុមប្រតិបត្តិ  អ្នកស្ម័គ្រចិត្ត  ចាប់តាំងពីថ្នាក់ជាតិរហូតដល់សហគមន៍មូលដ្ឋាន ក្រោមការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល   ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់  ដៃគូសហប្រតិបត្តិការ  ស្ថាប័នពាក់ព័ន្ធ  សប្បុរសជនជាតិ និង អន្តរជាតិ ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា និង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចសាខាកាកបាទក្រហមខេត្ត អាជ្ញាធរខេត្ត ក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ ។ ដូច្នេះហើយទើបអាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ សំខាន់កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និង ងាយរងគ្រោះ ជាពិសេសគ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រី ម៉េម៉ាយ និង កុមារ អ្នកផ្ទុក និង កើតជម្ងឺអេដស៍ជាដើម  ។  លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសម្តែងនូវស្តីអាណិតអាសូរ ចំពោះបងប្អូនដែលបានជួបនូវការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ។ លោកជំទាវក៏បានធ្វើការអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ រួមទាំងសមាជិកភាពផងដែរ  ដែលបានចូលរួមគាំទ្រដល់ចលនាកាកបាទក្រហមកម្ពុជា ក្នុងនេះសាខាកាកបាទក្រហមខេត្តសៀមរាប បានប្រឈមដោះស្រាយជាមួយការលំបាកជូនប្រជារងគ្រោះ និង ងាយរងគ្រោះជាច្រើនគ្រួសារ និង ជាច្រើនករណីដូចជាគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ គ្រោះរាំងស្ងួត ឧបទ្ទវហេតុផ្សេងៗ  អគ្គីភ័យ  ស្រ្តីមេម៉ាយ ក្មេងកំព្រា  ចាស់ជរាគ្មានទីពឹង អ្នកជម្ងឺអេដស៍ជាដើម ។  លោកជំទាវ ក៏បានធ្វើការណែនាំដល់ប្រជាពល រដ្ឋទាំងអស់ ក្នុងពេលដែលអាកាសធាតុមានការប្រែប្រួលនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាសុខភាព  អនាម័យ ក្នុងការរស់នៅក្នុងក្រុមគ្រួសារ ជាសំខាន់កុមារតូចៗ ស្ត្រីមានផ្ទៃពោះ ងាយរងទទួលជម្ងឺផ្សេងៗ គឺត្រូវនាំកូនតូចៗទៅចាក់ថ្នាំបង្កា នៅតាមមណ្ឌល សុខភាពដែលនៅតាមមូលដ្ឋានខ្លួន និង ផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ទឹកតំកល់ទុកនៅ តាម ស្រះត្រពាំង វាលស្រែ ដើមី្បបង្កានូវភាពរាំងស្ងួត ដែលធ្វើឲ្យផលដំណាំស្រូវរបស់បងប្អូនកកស្វឹត ព្រមទាំងសម្រាប់ ផ្គត់ផ្គង់ទឹកនូវរដូវប្រាំងដល់មនុស្ស សត្វគោក្របី ។ ម៉្យាងទៀតត្រូវធ្វើការច្រូតកាត់ប្រមូលផលស្រូវស្រាលឲ្យបាន​ទាន់ពេលវេលា  និង  ធ្វើការដាំដុះដំណាំរួមផ្សំ ក្នុងការផ្គត់ផ្គង់ជីវភាព ក្នុងក្រុមគ្រួសារ និង ត្រូវប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង កុំឲ្យមានកើតឡើងក្នុងប្រការណាមួយចំពោះបងប្អូន ពីព្រោះរដូវរំហើយនឹងខិតចូលមកដល់ហើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ

224 225 226 227 228 229 230 231