ខេត្តសៀមរាប ៖ ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០១៦ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧ សិស្សានុសិស្ស ទាំងបឋមសិក្សា និង មធ្យមសិក្សា ចូលមកកាន់សាលារៀនជាថ្ងៃដំបូងរបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
នាថ្ងៃដំបូងនោះដែរយើងបានសង្កេតឃើញ សិស្សានុសិស្សនៅគ្រប់បណ្តាសាលាបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ទាំងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បានមកជួបជុំគ្នាប្រារព្ធធ្វើពិធីអបអរសាទរ ថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០១៦-២០១៧ ក្នុងនោះដែរក៏មានវត្តមានរបស់អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ និង មាតាបិតា អាណាព្យាបាលសិស្សចូលរួមផងដែរ ។ នាព្រឹកនោះដែរនៅគ្រប់បណ្តាគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តសៀមរាប មានរៀបចំធ្វើពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ប្រកបទៅដោយសណ្តាប់ធ្នាប់រៀបរយ វិន័យថ្លៃថ្នូរ ដោយមានការរំលេច នូវបដារពាក្យស្លោកធំៗ បង្កប់នូវខ្លឹមសារ អត្ថន័យ ក្នុងការលើកស្ទួយ និង អភិវឌ្ឍន៍វិស័យអប់រំ ដើមី្បធានានូវ គុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
និយាយដោយឡែកនៅវិទ្យាល័យ១០មករា ១០៩៧ ក៏មានបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦.២០១៧ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ លោកគ្រូសាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្សផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក គឹម ឡេង នាយកវិទ្យាល័យ១០មករា ១៩៧៩ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និង លើកទិសដៅសម្រាប់ឆ្នាំសិក្សាថ្មី ២០១៦-២០១៧ សិស្សមានចំនួន ៤ពាន់១២០នាក់ ស្មើ៨០ ថ្នាក់ ក្នុងនោះថ្នាក់ទី៧ មាន១០ ,ថ្នាក់ទី៨ មាន១០,ថ្នាក់ទី៩ មាន១០ ,ថ្នាក់ទី១០មាន១៤ ថ្នាក់ទី១១មាន ១៦ និង ថ្នាក់ ទី១២មាន២០ថ្នាក់ ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់សិស្សរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអាននូវខ្លឹមសារនៃសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៦-២០១៧ ជូនដល់ក្មួយៗ ចៅៗសិក្សានុសិស្សនៅទូទាំង ប្រទេស ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការសម្តែងនូវការកោតសរសើរចំពោះ បុគ្គលិកអប់រំសិក្សាគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាលសិស្ស សប្បុរសជន អាជ្ញាធរមូលដ្ឋាន និងដៃគូ អភិវឌ្ឍន៍នានា ក្នុងការកសាងអភិវឌ្ឍន៍វិស័យអប់រំប្រកបដោយជោគជ័យ ។ ឯកឧត្តមក៏បានធ្វើការសាទរផងដែរ អំពីលទ្ធផលល្អនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ព្រមទាំងទទួលបាន និទ្ទេសល្អផងដែរ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរថា វិស័យអប់រំ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវ បានធ្លាក់ដល់កម្រិតសូន្យ តែដោយស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩ វិស័យអប់រំនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល យើង ធ្វើការប្រមូលផ្តុំនូវអ្នកមានចំណេះដឹង ដើមី្បធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើគ្រប់វិស័យ សំខាន់ វិស័យអប់រំ បានមានការរីកចម្រើនរហូតដល់ពេលនេះ ។ ឯ.ឧ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើមី្បបំពេញ នូវតម្រូវការរបស់ប្រជាពលរដ្ឋ សំខាន់ប្អូនៗសិស្សានុសិស្សផងនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសាងសង់ នូវ អគារសិក្សាជាច្រើនកន្លែង បម្រើដល់ការសិក្សារបស់កូនចៅប្រជាជន ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា នាសម័យ មុខយើងគ្រប់គ្នាបានរត់រកសាលារៀនសូត្រ តែបច្ចុប្បន្ននេះគឺសាលារៀនបានរត់រកអ្នកចូលសិក្សារៀនសូត្រ គឺមាន ភាពខុសគ្នាឆ្ងាយ ។ ឯកឧត្តមក៏លើកផងដែរថា លោកគ្រូអ្នកគ្រូ គឺជាគ្រឹះនៃយានចម្លងដ៏សំខាន់ ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស នៅក្នុងវិស័យអប់រំ ហើយប្រព័ន្ធអប់រំនៅកម្ពុជា ក៏មិនអន់ជាងបណ្តាប្រទេសនានាឡើយ។ ម៉្យាងទៀតថ្ងៃនេះគឺជា ឱកាសដ៏ថ្លៃថ្លារបស់ប្អូនៗ ទទួលបានការសិក្សារៀនសូត្រយកនូវចំណេះដឹង និង បច្ចេកវិទ្យា ដើមី្បកសាងអនាគតរបស់ខ្លួន ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់លោកគ្រូសាស្ត្រាចារ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន និងធ្វើជាគំរូល្អដល់សិស្ស ដែលជាធនធានដ៏ស្អាតស្អំក្នុងសង្គម ដោយសាលារៀន គឺជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯ.ឧ ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរថា ដើមី្បអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និង កីឡា បានធ្វើការពង្រឹង និង កំណែទម្រង់វិស័យអប់រំ ក្នុងការធានានូវគុណភាពអប់រំសិក្សា លើការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការ សង្គមស៊ីវិល សំខាន់ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦កន្លងមកនេះ ក៏ជាការបំបាត់នូវអំពើពុករលួយក្នុងវិស័យអប់រំផងដែរ។ ឯកឧត្តមក៏បានផ្តល់នូវដំបូន្មានល្អៗមួយចំនួនដល់ក្មួយៗសិស្សានុសិស្សទាំងពីរភេទ ត្រូវខិតខំសិក្សារៀនសូត្រ ត្រង់ត្រាប់ស្តាប់ដំបូន្មានរបស់គ្រូដែលជាអ្នកម្តាយទី២ របស់ខ្លួន និង ត្រូវជៀសចេញឲ្យឆ្ងាយ ពីគ្រឿងញៀន ល្បែងស៊ីសង ការសែបគប់មិត្តមិនល្អ និង ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍ ដើមី្បអប់រំខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមដែលជាសសរស្តម្ភ ដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃអនាគត ។
ដើមី្បជាចំណងដៃឆ្នាំសិក្សាថ្មីនេះដែរ ឯ.ឧ ហ៊ុន ម៉ាណែត ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកគ្រូអ្នកគ្រូ នូវឯកសណ្ឋានគ្រូម្នាក់ៗ ២ កំប្លេរ ប្រាក់ ៥ម៉ឺនរៀល និង សិស្សម្នាក់ៗ សៀវភៅសសេរ ២ក្បាល ប៊ិច ២ដើម ប្រាក់៣ពាន់រៀល លោកគ្រូ អ្នក គ្រូចូលនិវត្តន៍ចំនួន៦នាក់ ម្នាក់ៗ ម៉ូតូ ០១គ្រឿង និងឧបត្ថម្ភដល់ការរៀបចំពិធី ចំនួន៤លានរៀលផងដែរ ។
បន្តមកឯកឧត្តម ហ៊ុន ម៉ាណែត និង គណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរជានិមិត្តរូប ក្នុងការបើកសម្ភោធនូវ អាហារដ្ឋាន នៃវិទ្យាល័យ ១០មករា១៩៧៩ ដាក់ឲ្យដំណើរការ បម្រើដល់សិស្សានុសិស្សនៃវិទ្យាល័យនេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ