ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សាការងារជាមួយប្រតិភូក្រុងអ៊ីនចុន នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hwang Heung Gooប្រធានក្រុមប្រឹក្សាក្រុងអ៊ីនចុន និង សហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះលោកស្រី យូ សុភា ក៏បានធ្វើការជម្រាប់ដល់គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍ ។ ក្នុងកិច្ចស្វាគមន៍នៃដំណើរទស្សនៈកិច្ចជាផ្លូវការរបស់គណៈប្រតិភូ ក្នុងគោលបំណងជម្រុញ និង លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេស ទាំងពីរកម្ពុជា កូរ៉េ ។ លោកជំទាវបានគូសបញ្ជាក់ផងដែរថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុងផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោកជំទាវ យូ សុភា ក៏បានលើកផងដែរ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប បានពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ដោយខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ រួមទាំងដីបង្កបង្កើនផលផងដែរ ។ ម៉្យាងខេត្តសៀមរាបក៏ជា គោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះដែរខេត្តសៀមរាបក៏បានធ្វើ ការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋកូរ៉េផងដែរ ។ ក្នុងនោះលោកស្រី ក៏បានលើក នូវសំណូមពរមួយចំនួន ដល់គណៈប្រតិភូ សំខាន់ក្នុងការជម្រុញប្រជាជន និង អ្នកវិនិយោគ ចូលមកធ្វើទេសចរណ៍ និង វិនិយោគនៅក្នុងខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរលោក Hwang Heung Goo ក៏បានធ្វើការកោតសរសើរពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការអភិវឌ្ឍន៍ខេត្ត មានភាពស្រស់ត្រកាល សក្ត័សមជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលបានក្លាយជាខេត្តគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ហើយក៏ជាប្រភពសេដ្ឋកិច្ចចំណូលមិនចេះរីកស្ងួតរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប ដើមី្បធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ សំខាន់លើកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង បណ្តាខេត្តក្រុង នៃសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែមានទំនាក់ទំនងទ្វេរឡើងថែមទៀត ។ លោកក៏បានលើកផងដែរថា ក្រុងអ៊ីនចុន ជាទីក្រុងដ៏ធំទី៣ នៃ សាធារណរដ្ឋកូរ៉េ ព្រមទាំងមានសក្តានុពលផងដែរ លើវិស័យទេសចរណ៍ ហើយក៏បានកំពុងធ្វើការរៀបចំ ក្នុងការ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ។ លោក Hwang Heung Goo ក៏បានឲ្យដឹងពីគោលបំណង របស់គណៈប្រតិភូ គឺ ក្នុងការសិក្សាស្វែងយល់ និង ទទួលបានបទពិសោធន៍ពីខេត្តសៀមរ ស្តីអំពីការរៀបចំ ក្នុងការ ចុះបញ្ជីក្រុងអ៊ីនចុន ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ម៉្យាងទៀតលោកនឹងធ្វើការជម្រុញដល់វិស័យទេសចរណ៍ និង ក្រុមអ្នកវិនិយោគចូលមកកាន់ខេត្តសៀមរាប ។
ក្នុងកិច្ចពិភាក្សានោះប្រតិភូក៏បានផ្តោតសំខាន់ លើវិស័យវប្បធម៌របស់កម្ពុជា សំខាន់ប្រាសាទអង្គរ ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ពីគ្នាទៅវិញទៅមក រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ ។ លោកមានសង្ឃឹមជឿជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងធ្វើការជម្រុញដល់អ្នកវិនិយោគចិន ចូលមកវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប លើវិស័យកសិកម្ម និង ទេសចរណ៍ផងដែរ ។
ក្នុងនោះដែរលោកជំទាវ យូ សុភា ក៏បានបញ្ជាក់ផងដែរ អំពីការរបៀបរៀបចំក្នុងការដាក់បញ្ចូលប្រាសាទ អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកទៅបាន កម្ពុជាត្រូវបានគោរពនូវលក្ខន័្ក របស់អង្គការយូនីស្កូ ដែលត្រូវបាន កំណត់ជាច្បាប់អន្តរជាតិ ៕ អត្ថបទ ម៉ី សុខារិទ្ធ