ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកាឆ្នាំ២០១៦មិ្សលមិញនេះ នៅបរិវេណអតីតអង្គរឃ្យុងយូ ខេត្តសៀមរាប មានធ្វើការបើកសម្ពោធពិព័រណ៌ពាណិជ្ជកម្មថៃឆ្នាំ២០១៦ ក្រោមកិច្ចសហការ ជាមួយសភាពាណិជ្ជកម្មខេត្តសៀមរាប ដែលមានរយៈពេល ០៤ថ្ងៃ ។ ពិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា លោក គឹម ឆៃហៀងអភិបាលរងនៃគណៈអភិបាលខេត្ត លោកជីរ៉ាវុឍ សុវណ្ណអាតអគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំ ស្ថានឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីបងប្អូនជាធុរៈកិច្ចនៃប្រទេសទាំងពីរចូលរួម ផងដែរ ។
តាមការបញ្ជាក់របស់លោក ជីរ៉ាវុឍ សុវណ្ណអាត បានឲ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានធ្វើកិច្ចសហការក្នុងការរៀបចំពិព័រណ៌ពាណិជ្ជ កម្មជារៀងរាល់ឆ្នាំនៅ ប្រទេសកម្ពុជា ដើមី្បជម្រុញ និង បង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងជួយបង្កើនការវិនិយោគទុននិង ទេសចរណ៍រវាងកម្ពុជា ថៃផងដែរ ។ លោកបានបន្តទៀតថា ដោយប្រទេសទាំងពីរ គឺជាមិត្តភក្តិក្នុងអាស៊ានហើយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាបានល្អ ដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នា និងផលប្រយោជន៍រួមគ្នា ។ ម៉្យាងទៀតទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងមួយឆ្នាំៗ មានទឹកប្រាក់ជាង៥ពាន់លានដុល្លារ ហើយអ្នក វិនិយោគទុនថៃ គិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានទឹកប្រាក់សរុប៩៦៣លានដុល្លា ។ កន្លងមកនេះភាគីទាំងពីរ បានឯកភាពគ្នា ចម្រុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានការកើនឡើង៣ដង ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។
មានប្រសាសន៍នោះដែរឯកឧត្តម សំ សិរីរតន៍អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គឹម ឆៃហៀងអភិបាលរងនៃគណៈអភិបាលខេត្តបានលើកឡើងថា ការរៀបចំពិព័រណ៌ពាណិជ្ជកម្មថៃ ឆ្នាំ២០១៦នេះ គឺជាលើកទី ២ហើយ ដោយលើកទីមួយធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រហើយលើកទី២នេះ ធ្វើនៅលើទឹកដីប្រវត្តិសាស្ត្រ សៀមរាប ដែលជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់មនុស្សជាតិ។ ឯកឧត្តមទាំងពីរ ក៏បានគូសបញ្ជាក់ថា ពិព័រណ៌ពាណិជ្ជកម្មថៃដែលរៀបចំធ្វើនៅលើទឹកដីខេត្តសៀមរាប គឺជាកត្តាមួយដ៏សំខាន់ ក្នុងការជម្រុញវិស័យ ពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យមានការរីកចម្រើននៃសេដ្ឋកិច្ច និងទេសចរណ៍។ ម៉្យាងទៀតក៏ជាការជួយសម្រួល ដល់ធុរៈកិច្ចរវាងប្រទេសទាំងពីរក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យពាណិជ្ជកម្មទៀតផង ។ ឯកឧត្តមក៏បានបន្ត ទៀតថា កម្ពុជាថៃ ជាអ្នកភូមិផងរបងជាមួយគ្នា តែងបានធ្វើកិច្ចសហប្រតិបត្តិការរវាងពាណិជ្ជករនៃប្រទេសទាំងពីរព្រមទាំងបានធ្វើការចាប់ដៃគូនឹងគ្នាប្រកបទៅដោយទំនុកចិត្តនឹងគ្នា រវាងធុរៈកិច្ចប្រទេសទាំងពីរផងដែរ។ ឯកឧត្តម ក៏មានសង្ឃឹមជឿជាក់ផងដែរថា តាមរយៈនៃពិព័រណ៌ពាណិជ្ជកម្មថៃឆ្នាំ២០១៦នេះ នឹងកាន់តែធ្វើឲ្យកិច្ចទំនាក់ទំនងលើវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ និងទទួលបាននូវលទ្ធផលល្អ នៅក្នុងទីផ្សារនៃប្រទេសទាំងពីរហើយកម្ពុជា នឹងធ្វើការស្វាគមន៍ដល់ការវិនិយោគទុនទាំងខ្នាតធំ ខ្នាតមធ្យម របស់ភាគីថៃផងដែរ។
បន្ទាប់ពីគណៈអធិបតីធ្វើការកាត់ខ្សែបូរជានិមិត្តរូបក្នុងការបើកសម្ពោធពិព័រណ៌រួចមក គណៈអធិបតីក៏បាន អញ្ជើញទស្សនានៅតាមស្តង់ពិព័រណ៌ ផលិតផលរបស់ថៃផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ