ខេត្តសៀមរាប ៖ ឆ្លងតាមការប្រកួតប្រណាំងទូក នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងរយៈពេល០២ថ្ងៃមកនេះ ក្រោមវត្តមានជាអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិតនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិករដ្ឋសភា គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អស់លោក លោកស្រីជាថ្នាក់ ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ ហើយត្រូវបានបិទកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។
តាមការប្រកួតប្រណាងរយៈពេល០២ថ្ងៃនេះ លោក នួន គ្រឹះស្នា អនុប្រធានគណៈកម្មការបច្ចេកទេស បានធ្វើការបូកសរុបអំពីលទ្ធផលនៃការប្រណាំងទូកទៅតាមជុំនីមួយៗ និង បានធ្វើការប្រកាសចំណាត់ថ្នាក់ដល់ ទូកដែលទទួលបានជ័យលាភីឆ្នាំ២០១៦ ក្នុងនោះចំណាត់ថ្នាក់លេខ១ផ្នែកបុរស បានទៅទូកឈ្មោះសារ៉ាអណ្តែត របស់ការិយាល័យមេធាវី ភុំ ប៊ុនផាន់ ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ ហនុមាន របស់សាលាខេត្តសៀមរាប ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ តារាជ្យសែនជ័យបារមីដំបងដែក ចំណាត់ថ្នាក់លេខ១ ផ្នែកនារី បានទៅទូកឈ្មោះ អង្គរជុំសែនជ័យ របស់ស្រុកអង្គរជុំដែលជាប់ចំណាត់ថ្នាក់លេខ១បីឆ្នាំជាប់ៗគ្នា ចំណាត់ថ្នាក់លេខ២ បានទៅទូកឈ្មោះ ហង្សច័ន្ទមានរិទ្ធិបារមីមហានគរ របស់សាខាពន្ធ័ដាខេត្ត ចំណាត់ថ្នាក់លេខ៣ បានទៅទូកឈ្មោះ គង់ជ័យ បារមីស្រីខ្ទុម របស់រដ្ឋបាលស្រុកជីក្រែង និង មន្ទីរបរិស្ថានខេត្ត ។
មានប្រសាសន៍បិទការប្រកួតប្រណាំងទូកឆ្នាំ២០១៦នេះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ថា ការប្រារព្ធធ្វើពិធីបុណ្យអុំទូកនេះ ជាការរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសនៃទាហានជើងទឹក ពីជំនាន់ដើម ក្នុង ការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ហើយក៏ជាមធ្យោបាយមួយ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា និង ស្វែងយល់ពីប្រវត្តិនៃការធ្វើសង្រ្គាមតាមផ្លូវទឹក ដែលបុព្វបុរសខ្មែរ បានចារឹកទុក នៅតាមជញ្ជាំងប្រាង្គប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មាផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមកីឡាករ កីឡាការនី និង ថ្នាក់ដឹកនាំកីឡាប្រណាំងទូក ដែលបានយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ដែលធ្វើឲ្យការប្រកួតនេះប្រព្រឹត្តទៅបានជោគជ័យឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង បានបន្តទៀតថា ការប្រកួតប្រជែញតែងតែ មានអ្នកឈ្នះ និង អ្នកចាញ់ ដូច្នេះក្រុមអ្នកចាញ់ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ឲ្យកាន់តែមានបច្ចេកទេសល្អជាងមុន ដើមី្បត្រៀមក្នុងការដណ្តើមនូវជ័យជំនះនៃការប្រកួតនាឆ្នាំក្រោយៗទៀត ។ ម៉្យាងទៀតចំពោះកីឡាករ កីឡាការនីដែល ជាអ្នកឈ្នះវិញ ក៏មិនត្រូវមានមោទនៈភាព នឹងជ័យជំនះរបស់ខ្លួន គឺត្រូវពង្រឹងការហ្វឹកហាត់បន្ថែម ក្នុងការបង្កើននូវបច្ចេកទេសរបស់ខ្លួន ក្នុងការទទួលជ័យជំនះនៅឆ្នាំក្រោយបន្តទៀត ។ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ព្រះរាជពិធីបុណ្យនេះ គឺជាតម្លៃនៃទស្សនវិជ្ជារបស់បុព្វបុរសខ្មែរ ដែលមានគតិបណ្ឌិត ក្នុងការសំយោគចូលគ្នារវាងជំនឿសាសនា និង ទំលៀមទំលាប់បង្កើតបានជាពិធីបុណ្យមួយ ប្រកបដោយសភាពរស់រវើកទន់ភ្លន់ និង មានលក្ខណៈសកលភាពឲ្យទៅជាអត្តសញ្ញាណជាព្រលឹងជាតិ ក្នុងស្មារតី នៃការរួបរួមសាមគ្គី កិច្ចសហប្រតិបត្តិការ និង ការយោគយល់អាធ្យាស្រ័យគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ។ ស្ថិតលើហេតុផលទាំងអស់នេះ សក្ខីកម្មបញ្ជាក់ឲ្យឃើញថា បុព្វបុរសខ្មែរបានបង្កើតពូជពង្សជាតិសាសន៍ខ្មែរយើង ដែលជានិច្ចកាលមានសីលធម៌ មានអរិយធម៌ និងអត្តសញ្ញាណខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ល្បីល្បាញ តាំងពីដើមរៀងមក ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ មានទូកមកពីបណ្តាខេត្ត ឧត្តរមានជ័យ និង បន្ទាយមានជ័យ ចូលរួមការប្រកួតក្នុងឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិតក៏មានសង្ឃឹមជឿជាក់ថា នៅឆ្នាំខាងមុខ ក៏នឹងមានទូកមកពីបណ្តាខេត្តជិតខាង ចូលរួមធ្វើការប្រកួតប្រណាំងទូកនៅខេត្តសៀមរាប ក្នុងគោលដៅលើកស្ទួយដល់វិស័យទេសចរណ៍ ក៏ដូចជាជីវភាព រស់នៅរបស់ប្រជាជនកម្ពុជាយើងផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ