ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦មិ្សលមិញនេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារមួយចំនួនគណៈប្រតិភូក្រុងស៊ូវ៉ុន ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
មានប្រសាសន៍ក្នុងកិច្ចពិភាក្សានោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីសមទ្ធិផល ដែល កើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និង ក្រុងស៊ូវ៉ុន ខេត្ត ឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលកាន់តែធ្វើឲ្យប្រជាជននៃខេត្តក្រុងទាំងពីរ ផ្សាភ្ជាប់គ្នាជានិច្ច ដោយបានរួមសុខរួម ទុក្ខនឹងគ្នា នៃចំណងមិត្តភាពកម្ពុជា កូរ៉េ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា រយៈ ពេលកន្លងមកនេះ ក្រុងសម្ព័ន្ធមេត្រីភាព ស៊ូវ៉ុន និង សៀមរាប បានកសាងនូវសមទ្ធិផលជាច្រើន សំខាន់ការចូលរួម ចំណែកការអភិវឌ្ឍន៍នៅខេត្តសៀមរាប លើវិស័យអប់រំ សុខាភិបាល និង ហេដ្ឋារចនាសម្ព័ន្ធ ពិសេសការបង្កើតភូមិ មិត្តភាពភ្នំក្រោម ស៊ូវ៉ុន ព្រមទាំងការបណ្តុះបណ្តាលមុខជំនាញជូនដល់ប្រជាពលរដ្ឋ ហើយជាក់ស្តែងគឺ សមទ្ធិផល ថ្មី អគារសិក្សាវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលនាព្រឹកមិញនេះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការថ្លែងអំណរ គុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចអាជ្ញាធរក្រុង ស៊ូវ៉ុន និង បងប្អូនសប្បុរសជនកូរ៉េ ក៏ដូចជាសមាគមប្រជាជនកូរ៉េ ដែលបានផ្តល់នូវអគារសិក្សាដល់កូនចៅ ប្រជា ពលរដ្ឋខេត្តសៀមរាប សំខាន់ក្នុងភូមិភ្នំក្រោម ស៊ូវ៉ុន នូវចាប់ពីថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដែល សបញ្ជាក់ពីការ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បាន លើកផងដែរ ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ព្រមទាំងលើក នូវតម្រូវការចាំបាច់របស់ខេត្ត លើវិស័យទេសចរណ៍ និង បច្ចេកទេសកសិកម្ម ។ ម៉្យាងទៀតដោយក្រុងសៀមរាប ជាក្រុងបុរាណផងនោះ ដូច្នេះតម្រូវការចាំបាច់បំផុតក្នុងពង្រីកនូវក្រុងរណប ក្នុងគោលដៅបម្រើវិស័យទេសចរណ៍ ដើមី្បបម្រើតម្រូវការរបស់ភ្ញៀវ ឲ្យបានស្នាក់នៅបានយូរថ្ងៃ នៅលើទឹកដីប្រវត្តិសាស្ត្រមួយនេះ ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវចំណុចសំខាន់ៗមួយចំនួន ដល់ប្រតិភូ សំខាន់ពីការផ្គត់ផ្គង់បន្លែ ត្រីសាច់នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន ដោយបច្ចុប្បន្នបាននាំចូលពីក្រៅប្រទេស ដើមី្បធ្វើការផ្គត់ផ្គង់ ទៅតាមតម្រូវការចាំបាច់ ។ ឯកឧត្តមបណ្ឌិត ក៏មានសង្ឃឹមជឿជាក់ថា ឯកឧត្តមអភិបាលក្រុងស៊ូវ៉ុន និងសប្បុរសជន នៃសាធារណរដ្ឋកូរ៉េ នៅតែ បន្តការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ។
មានប្រសាសន៍នោះដែរឯ.ឧ យ៉ុង តែយ៉ុង អភិបាលក្រុងស៊ូវ៉ុន បានសំណូមពរដល់អាជ្ញាធរខេត្ត ជួយធ្វើ ការចាក់ដីបំពេញក្នុងទីធ្លាវិទ្យាល័យ និង ធ្វើផ្លូវចាក់ក្រាលកៅស៊ូ ចូលទៅសាលារៀន ក្រោយពីការបើកសម្ពោធនា ព្រឹកមិញនេះ ។ ឯកឧត្តមក៏បានបញ្ជាក់ថា នៅពេលខាងមុខនេះ ក្រុងស៊ូវ៉ុន នឹងធ្វើការផ្តល់នូវកង់ ជូនដល់សិស្សានុ សិស្សនៃវិទ្យាល័យភ្នំក្រោម ស៊ូវ៉ុន ម្នាក់មួយ ។ ក្នុងនោះដែរឯកឧត្តមក៏មានចំណាប់អារម្មណ៍ ចំពោះការលើកឡើង អំពីបញ្ហាទីផ្សារក្រពើនៅខេត្តសៀមរាប ដោយប្រជាជនកូរ៉េក៏មានតម្រូវការ ក្នុងការប្រើប្រាស់នូវសម្ភារៈដែលផលិត ចេញពីស្បែកក្រពើផងដែរ ។ ម៉្យាងទៀត ក្រុងស៊ូវ៉ុន ជាក្រុងមួយដែលល្បីល្បាញខាង (អាយធី) និង ពីសម្លៀកបំពាក់ ទាន់សម័យទៀតផង ។ ឯ.ឧ យ៉ុង តែយ៉ុង បានលើកផងដែរថា កិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្ត ក្រុង ទាំងពីរ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរមានភាពរឹងមាំ និង បានជម្រុញកិច្ចសហប្រតិបត្តិការរវាងខេត្ត សៀមរាប ក្រុងស៊ូវ៉ុន កាន់តែដំណើរការទៅមុខ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តផងដែរ ។ ឯកឧត្តមក៏មាន សង្ឃឹមជឿជាក់ផងដែរ នូវរាល់កិច្ចការដែលខេត្តសៀមរាបលើកឡើងនោះ យើងនឹងធ្វើកិច្ចពិភាក្សាគ្នាបន្តទៀត ក្នុង ការស្វែងរក ក្រុមហ៊ុន ឬ អ្នកវិនិយោគ ចូលមកវិនិយោគនៅខេត្តសៀមរាប ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការថ្លែង អំណរគុណ ចំពោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង ល្អ និងគ្នានាកន្លងមកនេះ។ ម៉្យាងទៀតការរៀបចំនូវភ្លើងបំភ្លឺតាមដងផ្លូវទៅកាន់សាលា និង ការតភ្ជាប់បណ្តាអគ្គិសនី ចូលទៅអគារវិទ្យាល័យ ក្នុងការបម្រើដល់វិស័យអប់រំសិក្សា ហើយរដ្ឋាភិបាលក្រុងស៊ូវ៉ុន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិ ការ ក្នុងកិច្ចអភិវឌ្ឍន៍ភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងផងដែរ ។
នារាត្រីនោះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈ ប្រតិភូក្រុងស៊ូវ៉ុន នៅសណ្ឋាគារ បុរីអង្គរ ខេត្តសៀមរាបផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ