ខេត្តសៀមរាប ៖ ដើមី្បបង្កើននូវការផ្លាស់ប្តូរមិត្តភាព និងសហប្រតិបត្តិការរួមគ្នា ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និង ក្រុងសិនយ៉ាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការរៀបចំកិច្ចផ្តួចផ្តើម កិច្ចទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ រវាងខេត្ត ក្រុងទាំងពីរ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៦មិ្សលមិញនេះ នៅរដ្ឋបាលសាលាខេត្តសៀមរាបលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត បានធ្វើការចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាង ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រុងសិនយ៉ាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោក WANG XIANGKUN អភិបាលរងក្រុងសិនយ៉ាន រូមទាំងសហការីផងដែរ ។
ក្នុងកិច្ចស្វាគមន៍នោះលោក លី សំរិទ្ធ បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងបញ្ជាក់ពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យ ទេសចរណ៍ និង កសិកម្ម ។ លោកក៏បានឲ្យដឹងផងដែរ កិច្ចទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្តា ខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយខេត្តសៀមរាបបានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀងយោគយល់គ្នា ក្នុងកិច្ចប្រតិបត្តិការ មានចំនួន ៥ខេត្ត និង ចុះហត្ថលេខាលើលិខិតសេចក្តីផ្តួចផ្តើម ចំនួន១១ខេត្តផងដែរ ។ លោក ក៏បានសំណូមពរដល់ប្រតិភូ ក្នុងការជួយជម្រុញអ្នកវិនិយោគនៃក្រុងសិនយ៉ាន ក៏ដូចប្រទេសចិនទាំងមូល ចូលមកវិនិយោគនៅកម្ពុជា សំខាន់ខេត្តសៀមរាបទៅលើវិស័យទេសចរណ៍ និងកសិកម្ម។ លោក លី សំរិទ្ធ ក៏បានបញ្ជាក់ផងដែរ ពីកិច្ចអភិវឌ្ឍន៍របស់ខេត្ត ដោយបច្ចុប្បន្ននេះក្រុងបុរាណប្រវត្តិសាស្ត្រនេះ មានភាពតូច ដើមី្បតម្រូវនូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ទៅតាមគម្រោងរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២០ ភ្ញៀវមានការកើនឡើង ៥លាននាក់ និង ឆ្នាំ២០៣០ ឡើងដល់ ៨លាននាក់ ក្រោយពេលដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើនូវព្រលានអាកាសយានដ្ឋានថ្មីដ៏ធំនៅខេត្តសៀមរាប ហើយកម្ពុជាក៏បានគាំទ្រនូវគោលការណ៍ផ្លូវមួយខ្សែក្រវ៉ាតមួយ និងគោលនយោបាយចិនមានតែមួយផងដែរ។ ក្នុងនោះដែរលោកក៏បានលើនូវចំណោទបញ្ហា អំពីទីផ្សារភោគផលកសិកម្ម ដែលប្រជាកសិករផលិតបានតែដោយកង្វះបច្ចេកទេស នៃរវិចខ្ចប់ ព្រមទាំងបញ្ហាទឹកស្អាតផងដែរ ។ ម៉្យាងទៀតការចុះហត្ថលេខាលើលិខិតផ្តួចផ្តើមនេះ ក្នុងគោលបំណង សម្រេចបាននូវទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សេដ្ឋកិច្ច វប្បធម៌ អប់រំ បរិស្ថាន ហើយកម្ពុជា ចិន ក៏មានទំនាក់ទំនងនឹងគ្នាជានាសម័យអង្គរ តាមរយៈការទូតលោក ជីកាក្វាន់ ហើយត្រូវបានថែរក្សា ប្រពៃណីទំនាក់ទំនងតរៀងមក ។
លោក WANG XIANGKUN ក៏បានធ្វើការកោតសរសើរពីក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឲ្យមានសោភណ្ឌភាពស្រស់ត្រកាលសមស្រប ជាក្រុងគោលដៅនៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូ ក៏បានអញ្ជើញទៅទស្សនានៅតាមរមណីដ្ឋានប្រាសាទនានា ដែលជាសម្បត្តិវប្បធម៌មរតកនៃបុព្វបុរសខ្មែរយើង បានបន្សល់ទុកនូវវត្ថុដ៏មានតម្លៃ ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូល បានបង្ហាញនូវការសិក្សា ស៊ីជម្រៅ នាសម័យអតិតកាល បានឆ្លុះបញ្ចាំងដល់ការវាយតម្លៃខ្ពស់ នូវទេពកោសល្យ ស្នាដៃបុព្វបុរសដូនតាខ្មែរ នៃចក្រភពមួយលើលោក ។ លោកក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរ ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យ ពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាន នឹងសំណង់ស្ថាបត្យកម្មទេពនិម្មិត មិនអាចកាត់ថ្លៃបាន ។ លោក WANG XIANGKUN ក៏បញ្ជាក់ថា តាមការបញ្ជាក់របស់អាជ្ញាធរខេត្តសៀមរាប បានធ្វើឲ្យគណៈប្រតិភូមានចំណាប់អារម្មណ៍ទៅលើការវិនិយោគ ហើយនឹងស្វែងរកឱកាសវិនិយោគណាមួយនៅខេត្តសៀមរាប ។ ក្នុងនោះដែរលោកក៏បានលើកពី សក្តានុពលរបស់ទីក្រុងសិនយ៉ាង ដោយផ្តោតសំខាន់លើការ វិស័យទេសចរណ៍ កសិកម្ម និង ឧស្សាហកម្ម ។ លោកក៏បានបន្តទៀតថា កិច្ចចុះហត្ថលេខាលើ លិខិតផ្តួចផ្តើមនាពេលនេះ និង ធ្វើឲ្យខេត្ត ក្រុងទាំងពីរមានការផ្លាស់ប្តូ ក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយក៏ជាការចូលរួមក្នុងការថែរក្សា អភិរក្សសម្បត្តិបេតិកភណ្ឌ ដែលជាសម្បត្តិរបស់មនុស្សជាតិ សំខាន់ទៅលើ វិស័យទេចរណ៍ និង កសិកម្ម ហើយដោយខេត្តក្រុងទាំងពីរសម្បូរទៅដោយសម្បត្តិវប្បធម៌ និង ធម្មជាតិ ។ លោកក៏មានសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងខេត្ត ក្រុងទាំងពីរ និង អនុវត្តទៅកាន់តែល្អប្រសើរឡើង សម្រាប់ទៅអនាគត ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ