ខេត្តសៀមរាប ៖ នៅជារៀងរាល់ឆ្នាំនាថ្ងៃទី០១ ធ្នូ ដែលជាថ្ងៃប្រជាពលរដ្ឋនៅលើពិភពលោកទាំងមូលរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ហើយក៏ជាលើកទី២៧ នៅលើសកលលោក និង ជាលើកទី២៦ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ (ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ ) ដើមី្បសម្រេចគោលដៅយុទ្ធសាស្ត្រ ៩០.៩០.៩០. នាឆ្នាំ២០២០ ។ និយាយដោយឡែកនៅព្រឹកថ្ងៃទី០១ ធ្នូ ឆ្នាំ២០១៦នេះ នៅខេត្ត សៀមរាបក៏បានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ក្រោមអធិបតីភាពរបស់លោក សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្ត និង ដោយមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ក្រុមប្រឹក្សាសង្កាត់ អង្គការដៃគូ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ប្រជាពលរដ្ឋ បងប្អូនអ្នកផ្ទុកមេរោគអេដស៍ និង បុរសស្រឡាញ់បុរស ប្រមាណ ៤០០នាក់ដែលបានចូលរួម
គោលបំណងសំខាន់នៃទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍ ក្នុងការលើកកម្ពស់នៃការយល់ដឹង ថ្មីៗ ពីការរាលដាលមេរោគអេដស៍ និង ចំណេះដឹងវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋទូទៅ និង ក្រុមគោលដៅប្រឈមមុខខ្ពស់ ព្រមទាំងដាស់នូវស្មារតីដល់ប្រជាពលរដ្ឋ ឲ្យចងចាំជានិច្ច ពីគ្រោះថ្នាក់នៃការ ចម្លងមេរោគអេដស៍ និង ជម្ងឺអេដស៍ ។ ម៉្យាងទៀតក៏ជាការផ្តល់ប្រឹក្សា ក្នុងការធ្វើតេស្តឈាមរកមេរោគអេដស៍ ដើមី្បផ្តល់ការថែទាំ ព្យាបាលគ្រប់ជ្រុងជ្រោយ ដល់អ្នកផ្ទុក និង កើតជម្ងឺអេដស៍ ប្រកបដោយគុណភាព និង ប្រសិទ្ធ ភាព ព្រមទាំងការកាត់បន្ថយនូវការរើសអើង ចំពោះអ្នកផ្ទុក និង កើតជម្ងឺអេដស៍ ព្រមទាំងការមកទទួលសេវា ព្យាបាល និង ទទួលឱសថប្រឆាំងមេរោគអេដស៍ ព្រមទាំងបង្ហាញពីជំហរ ក្នុងការឈានទៅសម្រេចគោលដៅ៩០. ៩០.៩០នាឆ្នាំ២០២០ និង ៩៥.៩៥.៩៥នាឆ្នាំ២០២៥ ក្នុងការលុបបំបាត់ និង ការឆ្លងថ្មីមេរោគអេដស៍ និង ទិស ដៅសកលលោក (សូន្យ៣) គ្មានការឆ្លងថ្មី គ្មានការរើសអើង និង គ្មានការស្លាប់ ដោយជម្ងឺអេដស៍ ។
ឆ្លងតាមការអានសារលិខិតរបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ និង ការធ្វើចំណាប់ អារម្មណ៍របស់អង្គការដៃគូ និង ចំណាប់អារម្មណ៍របស់តំណាងអ្នកផ្ទុកមេរោគអេដស៍ រួចមក មានប្រសាសន៍នោះដែរ លោក សង់ រីហា ក៏បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ នេះតាមរយៈការកាត់បន្ថយការចម្លងមេរោគអដស៍ថ្មីៗនិងការបង្កើននូវការថែទាំ ព្យាបាលនិងការផ្តល់ឱសថប្រឆាំងមេរោគអេដស៍ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជម្ងឺអេដស៍ ដែលកំពុងត្រូវការចាំបាច់ និង ការបង្កើននូវការផ្តល់ការថែទាំ គាំទ្រផ្នែកសុខភាព ជីវភាព ផ្នែកសង្គម ដល់កុមារកំព្រា កុមារងាយរងគ្រោះដោយសារជម្ងឺអេដស៍។ សំខាន់ជាងនេះទៅទៀតនោះប្រទេសកម្ពុជាយើង អាចគ្រប់គ្រងស្ថានភាព នៃការរាលដាលមេរោគអេដស៍ ជម្ងឺអេដស៍ ឲ្យកាន់តែធ្លាក់ចុះជាបន្តបន្ទាប់ថែមទៀត ០,៦% ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលធ្វើ ឲ្យកម្ពុជា សម្រេចជោគជ័យនូវគោលដៅ សហសវត្សទី៦ គឺ កាត់បន្ថយប្រកបដោយប្រសិទ្ធភាពខ្ពស់ ការចម្លង មេរោគអេដស៍នៅកម្ពុជា។ លោក សង់ រីហា ក៏បានលើកឡើងផងដែរថា ទោះបីការចម្លងមេរោគអេដស៍មានការ ធ្លាក់ចុះក៏ពិតមែន ក៏ប៉ុន្តែយើងភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចយើងឡើង ។ ដូច្នេះយើងគ្រប់រូប ត្រូវចូលរួម ឲ្យ កាន់តែខ្លាំងក្លា ក្នុងការបង្ការ ថែទាំ ព្យាបាល និង គាំទ្រដល់អ្នកផ្ទុក និង កើតជម្ងឺអេដស៍ ដើមី្បឈានទៅសម្រេច ឲ្យបានគោលដៅ ៩០.៩០.៩០ និង លទ្ធភាពទទួលសេវា ថែទាំ ព្យាបាលជាសកល ដែលកម្ពុជា បានសម្រេចឲ្យ គ្រប់អ្នកជម្ងឺអេដស៍ទាំងអស់ ត្រូវបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ចាប់ពីចុងឆ្នាំ២០១៦ នេះ ។ ម៉្យាងទៀតការធ្លាក់ចុះនេះ ស្របជាមួយនឹងអត្រាប្រើប្រាស់ស្រោមអនាម័យ មានការកើនឡើង និង ការ ថែទាំ ព្យាបាល និង ការគាំទ្រក្នុងសង្គមកាន់តែមានគុណភាពខ្ពស់ សំខាន់គឺមិនរើសអើង មាក់ងាយត្រូវបានកាត់ បន្ថយនោះ ដោយក្តីសង្ឃឹមថា នឹងឈានទៅលុបបំបាត់ទាំងស្រុងការឆ្លងថ្មីមេរោគអេដស៍ឆ្នាំ២០២៥ខាងមុខនេះ ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ លើកទី២៧ ត្រូវធ្វើការប្រមូផ្តុំកម្លាំងរួម ដើមី្បជំនះឲ្យបានឧបគ្គសទាំងឡាយ ដោយរួមកិច្ចសហការ ក្នុងស្មារតីសាមគ្គីភាព ឯកភាពជាតិ ភាពជាដៃគូ និង សុខដុមនីយកម្ម ដើមី្បសេចក្តីថ្លៃថ្នូររបស់មនុស្ស និង ជៀសវាងឲ្យបានការមានស្នេហាក្នុងវ័យសិក្សា ក្នុងការជៀស វាងការចម្លងនៃមេរោគអេដស៍ និង គ្រឿងញៀន ៕ អត្ថបទ ម៉ី សុខារិទ្ធ