ព្រឹកថ្ងៃទី ១២ ខែ កុម្ភ: ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញចូលរួមពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារស្រុកប្រាសាទបាគងចំណុះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប នៅបរិវេណសាលាស្រុកប្រាសាទបាគង។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានមតិផ្តាំផ្ញើ និងលើកឡើងថា ៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវ នូវគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបបានអនុវត្តយ៉ាងសកម្មជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដោយក្នុងឆ្នាំ២០១៥ កន្លងទៅនេះយើងបានរៀបចំវេទិកាសាធារណៈចំនួន៥២លើក ដែលមានសមាសភាពចូលរួមសរុបចំនួន ១៥ ៤៨១នាក់ ស្រី ៦ ៣៣៧នាក់។ ជាលទ្ធផលបានធ្វើឲ្យខេត្តសៀមរាប សម្រេចបានស្នាដៃ លេចធ្លោជាច្រើនដូចជា ៖
- រាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីតាមរយៈអនុក្រឹត្យលេខ ៥១ និង៥២ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ដែលបានកាត់ផ្ទៃដីចេញពីបុរីសណ្ឋាគារសរុប ចំនួន ២២៦,៩ហិចតាដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជា- ពលរដ្ឋដែលបានកាន់កាប់ ប្រើប្រាស់ និងដំាដុះជាក់ស្តែងក្នុងសង្កាត់អំពិល និងសង្កាត់ស្លរក្រាម
- បានអនុវត្តស្មារតីអនុក្រឹត្យលេខ ៥១ និង៥២ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ដែលបានកាត់ផ្ទៃដីចេញពីបុរីសណ្ឋាគារដោយបានធ្វើការវាស់វែងក្បាល ដីរួចរាល់ ១០០% មានចំនួន ២០៣៧ក្បាលដី និងបំពេញទិន្នន័យជូនប្រជាពលរដ្ឋបាន ៨៨,៨% មានចំនួន ១៨០៩ក្បាលដី និងបានស្នើសុំសម្តេចតេជោ នាយករដ្ឋមន្ត្រីសាងសង់ផ្លូវចំនួន ៣ខ្សែ មានប្រវែង ១ ៣៩០ ម៉ែត្រ ស្ថិតក្នុងតំបន់គ្របដណ្តប់ដោយអនុក្រឹត្យទាំងពីរនេះ
- រាជរដ្ឋាភិបាលបានលុបចេញនូវការយកកំរៃសេវាពីមធ្យោបាយ ដឹកជញ្ជូនលើកំណាត់ផ្លូវវាងក្រុងស្ថិត ក្នុងភូមិសាស្ត្រចំនួន ០៨សង្កាត់រួមមាន សង្កាត់ស្លក្រាម សាលាកំរើក សៀមរាប ស្វាយដង្គំ ជ្រាវ ស្រង៉ែ ក្របីរៀល និងសង្កាត់ទឹកវិល
- បានសហការចុះពិនិត្យជាមួយក្រុមការងារក្រសួងមហាផ្ទៃលើសំណើសុំបង្កើតឃុំថ្មីចំនួន ២ និងភូមិថ្មីចំនួន ៦៨ កាលពីថ្ងៃទី ១១-១៥ ខែមករា ឆ្នាំ២០១៦ ជាលទ្ធផលភូមិថ្មីចំនួន ៦៥ ត្រូវបានសម្រេចបង្កើត និងភូមិ ៣ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ និងឃុំថ្មីទាំងពីរមិនទាន់មានព្រំប្រទល់ច្បាស់លាស់នៅឡើយ ដោយសារឃុំទាំងពីរមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ ការងារនេះនឹងត្រូវប្រជុំដោះស្រាយរវាងខេត្តទាំងពីរនៅក្រសួង មហាផ្ទៃ
- បានធ្វើការបិទប្រកាសឯកសារវិនិច្ឆ័យដើម្បីចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រាវ ចំនួន០៤ភូមិតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលកន្លងមកមានការយឺតយ៉ាវ ដោយខ្វះឯកសារផែនទីក្នុងតំបន់អាជ្ញាធរទន្លេសាបគ្រប់គ្រង
- បានសាងសង់អគាររដ្ឋបាលថ្មីសម្រាប់មន្ទីរ-អង្គភាពនៅជិតទីប្រជុំជន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
ព្រមជាមួយនោះ ហេដ្ឋារចនាសម្ព័ន្ធនានា ពិសេសផ្លូវក្នុងក្រុង និងផ្លូវលំជនបទត្រូវបានកែលម្អ និងស្តារឡើងវិញ ដើម្បីបំរើឲ្យការធ្វើចរាចរណ៍ និងការដឹកជញ្ជូនកាន់តែប្រសើរឡើង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ទន្ទឹមនឹងនេះក្នុងគោលដៅកែលម្អជីវភាពប្រជាពលរដ្ឋឲ្យកាន់តែ ប្រសើរឡើងថែមទៀតរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគោលការណ៍ធំៗ ពាក់ព័ន្ធនឹង ៖
– បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនសុខាក្នុងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយបង្កើតគ្រឹះសា្ថនរដ្ឋបាលសាធារណៈមួយដើម្បីគ្រប់គ្រងឡើងវិញ។
– ការលុបចោលពន្ធផ្ទេរមរតកពីឪពុកម្តាយទៅកូន
– លុបចោលការបង់កំរៃសេវាលើមធ្យោបាយដឹកជញ្ជូនផ្លូវជាតិលេខ ៤ ផ្លូវវេងស្រេង ផ្លូវសូឡា ឬផ្លូវ២០០៤
– លុបចោលប័ណ្ណបើកបរទោចក្រយានយន្តកម្លាំងចាប់ពី១២៥សេសេចុះ និងបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរថ្មីហើយនឹងផ្លាស់ប្តូរប័ណ្ណចាស់
– កែសម្រួលកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវិនិយោគ រយៈពេល ៩០ ឆ្នាំមក ៥០ឆ្នាំវិញ។
ក្រោយពីពិធីប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារស្រុកប្រាសាទបាគង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្ត អញ្ជើញចុះពិនិត្យដំណើរការសាងសងអាគារស្នាក់ការគណបក្សស្រុកប្រាសាទបាគង ខេត្តសៀមរាប ។