វេទិកាថ្នាក់ខេត្តស្តីពីប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាលើការងារអភិបាលកិច្ចមូលដ្ឋាន


ខេត្តសៀមរាប ៖ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្តសៀមរាបបានរៀបចំ​វេទិកាថ្នាក់ខេត្តស្តីពីប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវាលើការងារអភិបាលកិច្ច​មូលដ្ឋានដែលរៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ វេទិកានេះ មានការ​ចូល​រួមពីឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាងឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់​មូលដ្ឋាន និងលោក ហង់ ហឿម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោក លោកស្រីមេឃុំ ចៅសង្កាត់​សរុបចំនួន ២២៩នាក់ ស្រី ៤៣នាក់។ លោក ហង់ ហឿម ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់​មូលដ្ឋានបានមានមតិស្វាគមន៍ដល់ឯកឧត្តម អស់លោក លោកស្រី ដែលជាសមាជិក នៃ អង្គប្រជុំ ហើយបានរាយការណ៍អំពីការងារដែលសមាគមបានអនុវត្ត​កន្លងមក ព្រមទាំង​លើកឡើងនូវចំណុចខ្លាំង ចំណុចខ្សោយ ដើម្បីអោយសមាជិក សមាជិកាសមាគមខិតខំបន្ត​ទៀតជាមួយនឹងសមាគមនេះ។ បន្ទាប់ពីមតិស្វាគមន៍របស់លោក ហង់ ហឿម មក ឯកឧត្តម កៅ សោភ័ណ បានថ្លែងសុន្ទរកថាបើវេទិកានេះ ព្រមទាំងបានលើកឡើងថាការរៀបចំ​វេទិកាថ្នាក់ខេត្តនេះឡើងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ថ្នាក់ដឹកនាំខេត្តដូចជា ឯកឧត្តម អស់លោក លោកស្រី អស់លោកប្រធានមន្ទីរ ដើម្បីបានទទួលក្តាប់បាននូវព័ត៌មាន​ផ្ទាល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់តែម្តង ហើយជាងនេះទៅទៀត ដើម្បីបញ្ជាក់នៃភាព​ក្លាហានរបស់លោក-លោកស្រីក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ហ៊ានលើកឡើងពីកង្វល់​របស់ខ្លួន ដើម្បីស្វែងរកការគាំទ្រ និងការជួយពីខាងក្រៅឲ្យបានទាន់ពេលវេលា តម្លាភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អ្វីដែលមានចំណាប់​អារម្មណ៏បំផុតនោះគឺ អ្នកចូលរួមបានលើកឡើងនូវបញ្ហាដែលជួបប្រទះនៅមូលដ្ឋានយ៉ាង​ផុសផុល រីឯការដោះស្រាយវិញក៏ដូចគ្នាដែរ។ ឯកឧត្តម កៅ សោភ័ណ ក៏បានបន្តយ៉ាងមុត​មាំថា សមាគមនឹងនៅតែបន្តអនុវត្តនូវវេទិកាថ្នាក់ខេត្តជារៀងរាល់ឆ្នាំ ជាពិសេស ឯកឧត្ត​ប្រធានសម្ព័ន្ធភាពជាតិនឹងនៅតែបន្តការជួយគាំទ្រដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តសៀមរាប ទាំងបច្ចេកទេស និងទាំងផ្នែកថវិកាជាបន្តបន្ទាប់។ ក្រោយពីបញ្ចប់សុន្ទរកថា​បើដោយឯកឧត្តម កៅ សោភ័ណ មក វេទិកាបានចាប់ផ្តើមដំណើរការពិភាក្សា និងដំណោះ​ស្រាយលើបញ្ហាប្រឈមដែលសំខាន់ក្នុងវេទិកាគឺបញ្ហាអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រហើយ​បញ្ហាទាំងនេះក៏ត្រូវបានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធបានឡើងបកស្រាយយ៉ាងក្បោះក្បាយ​និងបញ្ជាក់លំអិតអំពីបញ្ហាដែលកើតមានឡើង ព្រមទាំងចំណុចខ្វះខាត។ ជាមួយនឹងបញ្ហា​ប្រឈមទាំងនេះមន្ទីរ អង្គភាពពាក់ព័ន្ធបានប្តេជ្ញាយ៉ាងមុតមាំ និងធ្វើដំណោះស្រាយជូន​ប្រជាពលរដ្ឋឲ្យខាងតែបាន ដើម្បីជៀសវាងមានភាពស្មុគស្មាញបន្តទៀត ហើយក៏បានផ្តល់​ព័ត៌មានតាមរយៈលោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ថាបញ្ហាណាដែលពាក់ព័ន្ធទៅ​នឹងបញ្ហាអគ្គិសនីសូមឲ្យប្រជាពលរដ្ឋមកទំនាក់ទំនងជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បី​ឲ្យពួកគាត់ធ្វើការពន្យល់ និងបកស្រាយជូនប្រជាពលរដ្ឋដោយផ្ទាល់រាល់បញ្ហាដែលកើត​មានឡើងនៅមូលដ្ឋានរបស់ពួកគាត់។ អត្ថបទដោយ ថ្លា

05 01 02 03