ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពប្រមូលចំណូលក្នុងខេត្តមន្រ្តីនៃទីចាត់ការចំណុះរដ្ឋបាលសាលាខេត្តជាច្រើនរូបផងដែរ ។
បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៥នាក់ លើ១៩រូប ដោយអវត្តមាន ៤រូប ក្នុងនោះឯកឧត្តម នូ ផល្លា បានមានប្រសាសន៍បើកកិច្ចប្រជុំវិសាមញ្ញ ព្រមទាំងការអនុម័តទៅលើរបៀបវារៈដែលបានលើកឡើងក្នុងកិច្ចប្រជុំ ក្នុងការពិនិត្យ ពិភាក្សា និង អនុម័តលើផែនការថវិកាចំណូល ចំណាយរបស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៧ ។
បន្ទាប់សមាជិក្រុមប្រឹក្សាខេត្តបានអនុម័តទៅលើរបៀបវារៈប្រជុំរួចមកលោក លី សំរិទ្ធក៏បានចាត់តាំងឲ្យលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តសៀមរាប រាយការណ៍នូវផែនការថវិកាចំណូល និង ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៧គម្រោងចំណូលសរុប ៤៥ពាន់២៧១លានរៀល ហើយក៏ អាស្រ័យដោយចំណូលថវិការបស់ខេត្តខ្ពស់ ដោយខេត្តរកចំណូលបានពីសារពើព័ន្ធ និង មិនមែនសារពើព័ន្ធ ចំនួន ៣៩លាន៨៧១លានរៀលការឧបត្ថម្ភតុល្យភាព សរុប ៥ពាន់៤០០លានរៀលហើយការគ្រោងចំណាយរបស់ខេត្ត នាឆ្នាំ២០១៧ សរុប ៤៥ពាន់២៧១លានរៀល ដោយធ្វើការចំណាយទៅលើជំពូក៦០ ជំពូក៦១ , ៦៤, ៦២ , ៦៥ ៦៣ ,៦៩ និង ជំពូក២១ ។
ក្នុងនោះដែរលោកនាយកទីចាត់ការហិរញ្ញវត្ថុ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការបកស្រាយបំភ្លឺនូវរាល់ចម្ងល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើង អំពីការចំណូល និង ចំណាយដែលពីមួយឆ្នាំទៅមួយឆ្នាំមានភាពកើនឡើង ។
បន្តមកកិច្ចប្រជុំទាំងមូលក៏បានធ្វើការពិនិត្យ និង ពិភាក្សា និង ធ្វើការអនុម័តទៅលើគម្រោងលើផែនការថវិកាចំណូល ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៧រួចមកមានប្រសាសន៍បូកសរុប និង បិទកិច្ចប្រជុំនោះដែរ ឯកឧត្តម នូ ផល្លា បានថ្លែងអំណរគុណចំពោះការចំណាយពេលចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសម្ខាន់នេះ។ ឯកឧត្តមក៏បានធ្វើការបញ្ជាក់ដល់គណៈអភិបាលខេត្ត ត្រូវត្រៀមលក្ខណៈក្នុងការការពារលើផែនការថវិកាចំណូល និង ចំណាយរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ ឆ្នាំ ២០១៧ នៅថ្នាក់ក្រសួង ដែលមានគម្រោងចំណូលសរុប៤៥ពាន់២៧១លានរៀល ហើយខេត្តរកចំណូលបំពេញចំណាយ ឆ្នាំ២០១៧ចំនួន ៣៩លាន៨៧១លានរៀល ។ ឯកឧត្តមក៏បានលើកឡើងថា ក្នុងរបៀបវារៈនាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាខេត្តទាំងអស់ ក្នុងចូលរួមក្នុងសកម្មភាពនានាជាមួយគណៈអភិបាលខេត្តទាំងអស់ សម្រាប់ការអភិវឌ្ឍន៍ខេត្តផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ