ខេត្តសៀមរាប ៖ សូ្រវវស្សាជិត១ពាន់ហិតា របស់ប្រជាកសិករចំនួន ៧ភូមិ ក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលជួបនូវគ្រោះរាំងស្ងួត ត្រូវបានអាជ្ញាធរខេត្ត និង មន្ទីរជំនាញ ចុះជួយអន្តរាគមន៍ កាលពីថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៦ ដឹកនាំដោយលោក គឹម ឆៃហៀង និងលោក សង់ រីហា អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរកសិកម្មខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានក្រុមប្រឹក្សា អភិបាលស្រុកពួក និង អាជ្ញាធរឃុំ ភូមិផងដែរ។ ក្នុងសកម្មភាពការចុះជួយសង្រ្គោះដំណាំស្រូវក្នុងឃុំព្រៃជ្រូក តាមការបញ្ជាក់របស់លោកប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយមខេត្ត បានឲ្យដឹងថា ពេលនេះប្រភពទឹកយើងមានគ្រប់គ្រាន់ ហើយត្រូវបានបញ្ចុះនូវ គ្រឿងចក្រចំនួន ០២គ្រឿង ដើមី្បធ្វើការកាយស្តារប្រឡាយបើកផ្លូវទឹក ក្នុងការនាំទឹកទៅស្រោចស្រពដំណាំ ស្រូវនៅផ្នែកខាងក្រោមផ្លូវជាតិលេខ៦ រួមទាំងបានធ្វើការបើកទ្វារទឹក នៅតាមខ្នែងស្រោចស្រពអមតាមប្រឡាយមេផងដែរ ។ លោកបានបន្តទៀតថា ក្រៅពីអន្តរាគមន៍ការជីកស្តារបើកមុខទឹក មន្ទីរក៏បានបញ្ចុះនូវ ម៉ាស៊ីនបូមទឹកមុខកាត់ ០,៣ម៉ែត្រ ចំនួន២គ្រឿង ដើមី្បចល័តបូមទឹកទៅស្រោចស្រពទីដីស្រែខ្ពស់ៗ ដែលទឹកហូរទៅមិនដល់ ។ លោកក៏បានគូសបញ្ជាក់ ក្នុងរយៈពេល៣ថ្ងៃខាងមុខនេះ ទឹកដែលបានទាញយកពីអាងទំនប់ ស្ពានស្រែង នឹងបានហូរស្រោចស្រពលើផ្ទៃដីស្រែ ប្រមាណ១ពាន់ហិចតានេះ ដែលធ្វើឲ្យបងប្អូនប្រជាកសិករ គ្មានការព្រួយបារម្ភអ្វីទៀតឡើយ។ តាមការបញ្ជាក់របស់លោកមេឃុំព្រៃជ្រូកបានឲ្យដឹងថា ផលដំណាំស្រូវវស្សាដែលទទួលរងគ្រោះនេះ ដោយក្នុងពេលកន្លងមកមានភ្លៀងធ្លាក់ជោគជាំ ហើយដំណាំស្រូវរបស់គាត់ក៏លូតលាស់ល្អគាត់ត្រូវធ្វើការភ្ជួរ គល់ត្រឡប់ ព្រមទាំងបានបាញ់ថ្នាំសម្លាប់ស្មៅទៀតផង។ នៅពេលភ្ជួរហើយនោះ ក៏ពុំមានភ្លៀងធ្លាក់ បណ្តាលឲ្យស្រូវ ពួកគាត់ក្រៀម ស្ងួត ខ្លោចស្លឹកមកដល់ថ្ងៃនេះ។ មានប្រសាសន៍នោះដែរ លោក គឹម ឆៃហៀង ក៏បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចបងប្អូនប្រជាកសិករទាំងអស់ សូមឲ្យមានស្មារតីចូលរួមជាមួយអាជ្ញាធរ ដោយរួមសហការគ្នាជាកម្លាំងក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ព្រមទាំងផ្តល់នូវដំណឹងដល់អាជ្ញាធរដែលជាអាណា ព្យាបាលរបស់ខ្លួនផងដែរ ម៉្យាងទៀត លោកក៏ស្នើសុំឲ្យបងប្អូនប្រជាកសិករ ដែលមានភ្លឺស្រែជាប់ព្រំគ្នា ត្រូវមានការអព្យាស្រ័យឲ្យគ្នាទៅវិញទៅមកដោយការបញ្ចេញបញ្ចូលទឹកចូលស្រែ ដោយមិនបង្ខាំទឹកទុកសម្រាប់តែផលប្រយោជន៍របស់ខ្លួនឡើយ គឺត្រូវមានសិទ្ធប្រើប្រាស់ទឹកដូចគ្នា និង មិនត្រូវយកប្រឡាយទឹកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬ ក៏ធ្វើ ស្រែនៅក្នុងប្រឡាយទឹក ដែលធ្វើឲ្យស្ទះនូវចរន្តទឹកហូរស្រោចស្រព ទៅតាមបណ្តាស្រែផ្សេងៗទៀត ។ ក្នុងនោះលោក គឹម ឆៃហៀង ក៏បានធ្វើការណែនាំដល់មន្ទីរជំនាញ និង អាជ្ញាធរស្រុក ឃុំ ត្រូវធ្វើការរៀបចំនូវប្រព័ន្ធប្រឡាយ ដែលមានស្រាប ឲ្យបានដំណើរការឡើងវិញ ហើយប្រឡាយរងដែលទទួលរងការស្ទះចរន្តទឹកហូរ ឬ ក៏ត្រូវបានគេបិទធ្វើជាទំនប់ ក៏ត្រូវធ្វើការរៀបចំបើកទំលុះ ឲ្យមានទឹកហូរទៅស្រោចស្រពដីស្រែនៅផ្នែកខាងក្រោម ។ ម៉្យាងទៀត ត្រូវធ្វើការសិក្សាទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងភូមិច្រនៀង ដែលជាម្ចាស់ភូមិសាស្ត្រ ដែលបានស្គាល់ច្បាស់ ពីប្រភពទឹកស្រោចស្រព លើដីស្រែរបស់ពួកគាត់ផងដែរ ។ ក្នុងនោះដែរបងប្អូនជាម្ចាស់ស្រែ ដែលទទួលរងគ្រោះទាំងអស់ ក៏បានសម្តែងនូវអំណរគុណពីការយក ចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចអាជ្ញាធរ ខេត្ត ស្រុក មន្ទីរជំនាញដែលបានចុះជួយអន្តរាគមន៍ស្រូវរបស់ពួកគាត់បានទាន់ពេលវេលាផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ