ពិធីប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារីនៅវត្តប្រាសាទគោកចក


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ០៤រោច ខែស្រាពណ៌ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ  នៅក្នុងបរិវេណវត្តប្រាសាទគោកចក មានធ្វើពិធីប្រកាសនីយប័ត្រ​តែងតាំង និង ស្រោចស្រពសុគន្ធវារី ប្រគេនព្រះតេជគុណហែម គឹមសានញាតិធម្មោ ជាព្រះ​គ្រូចៅអធិការវត្តប្រាសាទគោកចកស្ថិតនៅសង្កាត់គោកចកក្រុង ខេត្ត សៀមរាប ក្រោមព្រះ​អធិបតីរបស់ព្រះវិមលធម្ម​ពិន សែមព្រះរាជាគណៈថ្នាក់ទោឧត្តមប្រឹក្សាគណៈសង្ឃនាយក សមាជិក ថេរសភា នៃព្រះរាជាណាចក្រកម្ពុជាដោយមានការនិមន្តនិង មានការអញ្ជើញចូល​រួមរបស់ព្រះសុមង្គលសិលាចារ្យជុំ គឺមឡេងព្រះមេគណខេត្ត ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សា​ខេត្តស្តីទី លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត រួមទាំងព្រះគ្រូចៅអធិការ​គ្រប់វត្តក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព សមណៈសិស្ស លោកគ្រូអ្នកគ្រូ យុវជន​កាយរឹទ្ធ យុវជនកាកបាទក្រហម  សីលវ័ន្ត សីលវតី និងពុទ្ធបរិស័ទចំណុះដែលបានចូលរួម។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ព្រះគ្រូប្រាសាទរងី្ស ឡាច លាង ព្រះអនុគណក្រុងសៀមរាប និង​ការអាននូវប្រកាសនីយប័ត្រ តែងតាំងព្រះភិក្ខុ ហែម គឹមសាន​ នាមឆាយា ញាតិធម្មោ ដែល​ងារដើមជាចៅអធិការស្តីទីឲ្យឡើងជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក  ដោយព្រះអង្គ​ជាអ្នករម្ងាប់អធិករណ៍ និងសហការគ្រប់គ្រងគរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និង អប់រំពុទ្ធ​សាសនិកជន ឲ្យរៀនសូធ្យបដិបត្តិធម៌ និង វិន័យមានបិដកជាគោល  ។

បន្ទាប់ពីព្រះវិមលធម្ម​ ពិន សែម ប្រគល់ប្រកាសនីយប័ត្រនិងត្រាដល់ព្រះភិក្ខុ ហែម គឹមសា​ន ដែលជាចៅអធិការវត្តថ្មីដែលទើបប្រកាសតែងតាំងរួចមកការមានប្រសាសន៍នោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាង​រាស្ត្រមណ្ឌលសៀមរាបដោយបានលើកឡើង ពីការបាត់បង់ ស្ទើរតែសាបសូន្យទៅហើយ​នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នូវវិស័យសាសនានិងហេដ្ឋារចនាសម្ព័ន្ធនានា តែ ដោយ​គុណបុណ្យស្មារតី ០២ ធ្នូ ១៩៧៨ ​និងថ្ងៃជ័យជនះ ៧ មករា ១៩៧៩ ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោ​បាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និង ធ្វើឲ្យមាន​ការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយ រដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រកម្ពុជា បានកំណត់ ជាសាសនារបស់រដ្ឋ ដោយមិនប្រកាន់សាសនាណាឡើយ ក្រោមការជ្រកនៅគុណព្រះសម្មាសាម្ពុទ្ធ ព្រះបរម្យ គ្រូនៃយើង ដោយមិនប្រកាន់គណៈ​មហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនា កត្តាលិស។ ឯកឧត្តមក៏បានលើកឡើងផងដែរ ពីការបណ្តុះបណ្តាលធនធានមនុស្ស ទាំងពុទ្ធចក្រ និង​អាណាចក្រមានការរីកចម្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងសូមឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ត្រូវចេះរួមសាមគ្គីគ្នា ក្នុងការកសាងទីវត្តឲ្យមានការរីកចម្រើន​ផងដែរ ។

មានសង្ឃដីកានោះដែរព្រះវិមលធម្ម​ពិន សែមព្រះរាជាគណៈថ្នាក់ទោ ក៏បានផ្តល់នូវពុទ្ធ​ឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយយកទៅ គោរព​បដិបត្តិ ទៅតាម​គន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ  ដែលជា ព្រះ បរម្យគ្រូនៃយើង បានចងក្រងជាគម្ពីបិដក​ឲ្យគោរព ទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ។ ព្រះវិមលធម្ម  ក៏បានផ្តល់នូវ​ព្រះ​ដំបូន្មានមួយចំនួន តាមផ្លូវព្រះធម៌ និង ផ្លូវលោក ពុទ្ធចក្រ និង អាណាចក្រ សំខាន់នូវព្រះធម៌ សាមគ្គីធម៌ និង កសាងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដោយសាសនាជ្រកក្រោមម្លប់តែ​មួយនៃរដ្ឋធម្មនុញ្ញ ព្រះរាជា ណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ ។ ព្រះវិមលធម្ម​ពិន សែមក៏បានលើកនូវព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធក្នុងការដឹកនាំព្រះសង្ឃនៅក្នុងទីវត្ត ដែល​ជាភារកិច្ចរបស់ព្រះគ្រូចៅអធិការវត្តនិមួយៗត្រូវគោរពប្រតិបត្តិ នូវនាយកធម៌ ទាំង០៦យ៉ាង ដែលជាប្រទីបក្នុងការគ្រប់គ្រងវត្តអារាមប្រកបដោយប្រសិទ្ធភាព និង គ្មានអធិករណ៍អ្វីកើត​ឡើងនោះ ឡើយ ដោយប្រកាន់នូវធម៌ខន្តី ។ ព្រះវិមលធម្ម​បញ្ជាក់ថា វត្តអារាមជាទីជំរក​អប់រំរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និង ជាឱកាសល្អក្នុងការ​រួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្ត សង្គមជាតិ  ដោយប្រកាន់យកព្រះពុទ្ធ ឱវាទ​ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម ។ ព្រះវិមលធម្ម​ពិន សែមក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងព្រះភិក្ខុសង្ឃ សំខាន់ព្រះ​ភិក្ខុ ហែម គឹមសាន ដែលជាព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដោយព្រះអង្គជាអ្នក​រម្ងាប់អធិករណ៍ និង សហការគ្រប់គ្រង គរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម និង អប់រំពុទ្ធសាស​និកជន ឲ្យរៀនសូធ្យបដិបត្តិធម៌ និង វិន័យមានបិដកជាគោល និង រួមសាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ តាមបណ្តាវត្តនានា ត្រូវធ្វើការអភិវឌ្ឍន៍ទីវត្ត និង បណ្តុះបណ្តាលធនធានមនុស្ស ទាំង ផ្លូវពុទ្ធចក្រ និង អាណាចក្រ ពិសេសការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និង អភិវឌ្ឍន៍ និង អភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ជាតិផងដែរ ។

ក្នុងនោះដែរឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ ក៏បាននាំយកនូវអំណោយជាសារុង​ចែកជូនប្រជាពលរដ្ឋដែលបានចូលរួម ម្នាក់ៗសារុង១ សីលវ័ន្តសីលវតីម្នាក់ៗក្រណាត់ស ១ដុំ បច្ច័យ ៥ពាន់រៀល ក្រុមយុវជនកាយរឹទ្ធ និង កាកបាទក្រហមម្នាក់ៗ ១ម៉ឺនរៀល ក្នុងនោះ​សាលាខេត្តក៏បានប្រគេនបច្ច័យចំនួន ១លានរៀល តែចំពោះការរៀបចំពិធីដែលខ្វះខាត ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ានិងធ្វើការចេញជូនផងដែរ ។ បន្ទាប់ពីការនិមន្ត អញ្ជើញស្រោច​ស្រពសុគន្ធវារី ប្រគេនព្រះតេជគុណ ហែម គឹមសាន ញាតិធម្មោ ជាព្រះគ្រូចៅអធិការវត្ត​ប្រាសាទគោកចករួចមកក៏មានធ្វើពិធីដាំកូនឈើ បេង និង គរគី នៅក្នុងទីវត្តប្រាសាទគោក​ចកនេះផង ដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

DSC_0996 DSC_0999 DSC_1001 DSC_1002 DSC_1012 DSC_1017 photo_2016-08-23_08-25-00 photo_2016-08-23_08-42-22 photo_2016-08-23_08-42-34 photo_2016-08-23_08-42-39 photo_2016-08-23_08-42-44 photo_2016-08-23_08-42-48