ខេត្តសៀមរាប ៖ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០១៦ គឺជាថ្ងៃដែលសិស្សានុសិស្សថ្នាក់ទី១២ គ្រប់ វិទ្យាល័យនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្បយកសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប ក៏មានការចុះត្រួត ពិនិត្យបើកកេសដាក់វិញ្ញាសារប្រឡង នៅគ្រប់មណ្ឌលប្រឡងទាំង៩ ក្នុងខេត្តសៀមរាប ក្រោមវត្តមានចូលរួមរបស់លោក លី សំរឹទ្ធ អភិបាលខេត្តស្តីទី និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខា ធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាប ចុះនៅមណ្ឌលវិទ្យាល័យអង្គរ ឯកឧត្តម អ៊ឹង ហឿន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត នៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ និង វត្តមានថ្ងៃនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តសៀមរាប អស់លោក លោកស្រីជា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និង អ្នកស្ម័ត្រចិត្តសង្កេតការណ៍ នៅតាមមណ្ឌលប្រឡងទាំង៩ផងដែរដូចជា ៖
ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យាល័យ ១០ មករា ១៩៧៩ (ខាងជើង)
លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្តអញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យាល័យវត្តស្វាយ
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលអនុវិទ្យាល័យហ៊ុន សែន គ្រួស
លោក សង់ រីហា អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែនរាបសៀម
លោក គឹម ឆៃហៀង អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលបឋមសិក្សាមុខនាគ
លោកស្រី យូ សុភា អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលបឋមសិក្សាវត្តបូព៌
លោក ពិន ប្រាកដ អភិបាលរងខេត្ត អញ្ជើញបើកវិញ្ញាសារនៅមណ្ឌលសាលាគរុកោសល្យនិងវិក្រឹតការខេត្ត។
តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំ២០១៥-២០១៦នេះ មាន៩មណ្ឌល នៅក្នុងក្រុងសៀមរាប ដែលមាន ២៧៣ បន្ទប់ មានបេក្ខជនប្រឡងសរុប ៦ពាន់៨២១នាក់ ស្រី ៣ពាន់៥៩៥នាក់ ក្នុងនោះវិទ្យាសាស្ត្រសង្គមមាន ១៧០បន្ទប់ បេក្ខជនសរុប ៤ពាន់២៤៧នាក់ ស្រី២ពាន់៣៣៦នាក់ វិទ្យាសាស្ត្រពិត ១០៣ បន្ទប់ ដោយមានបេក្ខជន សរុប ២ពាន់៥៧៤នាក់ ស្រី ១ពាន់២៥៩នាក់ ។
ក្នុងពិធីបើកកេសវិញ្ញាសារប្រឡងនោះ យើងសង្កេតឃើញឯកឧត្តម លោកជំទាវ ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក៏បានធ្វើការណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាអនុរក្ស និង និងមេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សានៅកម្រិតថ្នាក់មហាវិទ្យាល័យ សកលវិទ្យាល័យបន្តទៀត ។ ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំក៏មិនបានធ្វើឲ្យមាន បញ្ហាអ្វីចេញទៅក្រៅឡើយ គឺ មានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ ។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចគណៈអភិបាលខេត្ត ក៏បានក្រើនរំលឹក ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្ស មេប្រយោគ និង កម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង ទប់ស្កាត់ឲ្យបាន នូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសារចេញ និង ចូល ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស ដោយក្មួយៗសិស្សានុសិស្សទាំងនេះហើយ ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិទៅពេលអនាគត ៕
អត្ថបទ ម៉ី សុខារិទ្ធ