សកម្មភាពការប្រឡងមធ្យមសិក្សាទុតិយភូមិ ២០១៥-២០១៦ នៅមណ្ឌលខេត្តសៀមរាប


ខេត្តសៀមរាប ៖ ក្នុងរយៈពេលពីរថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៥-​២០១៦ ពីថ្ងៃទី២២ និង ២៣ ខែសីហា ឆ្នាំ២០១៦ នៅមណ្ឌលខេត្តសៀមរាប បាន​ប្រព្រឹត្តទៅប្រកបដោយភាពរលូន  ។

តាមការបញ្ជាក់របស់​លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យ​ដឹងថា នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ដែលមានបេក្ខជនដាក់​ពាក្យប្រឡងសរុប ៦ពាន់៥៨៧ នាក់ ស្រី ៣ពាន់៣៣២នាក់ ។  ក្នុងនោះមុខវិទ្យាសាស្ត្រ​សង្គម មាន៣មណ្ឌល មានបេក្ខជនសរុប ២ពាន់៤៥៦ នាក់ ស្រី​១ពាន់២១នាក់ អវត្តមាន​មិនបានមកប្រឡង ចំនួន ៧១នាក់ ស្រី ៣៩នាក់ ។  មុខវិទ្យាសាស្ត្រពិត ចំនួន ៤ពាន់១៣១ នាក់ ស្រី ២ពាន់៣១១នាក់ អវត្តមានមិនបានមកប្រឡង ចំនួន ១៦នាក់ ស្រី ៥នាក់ ។  លោក​ក៏បានឲ្យដឹងផងដែរថា ក្នុងកិច្ចដំណើរការប្រឡងនៅតាមមណ្ឌលទាំង០៩ បានដំណើរការ​ទៅដោយរលូន  ក៏ប៉ុន្តែ មានបេក្ខជនចំនួន៣រូប នៅមណ្ឌលវិទ្យាល័យអង្គរ និង វិទ្យាល័យ​១០មករា កើតជម្ងឺ ចុកពោះ តែត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាល និង បានចូលប្រឡង​វិញ  ក្នុងថ្ងៃប្រឡងនោះដែរក៏មានបេក្ខជនម្នាក់ រងគ្រោះថ្នាក់ចរាចរណ៍ បាក់ជើង នៅមណ្ឌល​សាលាមុខនាគមិនបានចូលប្រឡងឡើយ។ ​លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា នៅ​រសៀលថ្ងៃប្រឡងបញ្ចប់ ក៏ មានព្រឹត្តការណ៍គ្រោះធម្មជាតិមួយកើត នៅមណ្ឌលប្រឡង​អនុវិទ្យាល័យ ហ៊ុន សែន គ្រួស  ត្រូវរងរន្ទះបាញ់ ធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់បេក្ខជន​ប្រឡង តែមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះនោះឡើយ ​គ្រាន់តែធ្វើឲ្យភ្លើង ដាច់នៅតាម​បន្ទប់ប្រឡង ១បន្ទប់តែប៉ុណ្ណោះ  ។

ក្រោយពីការប្រឡងបានបញ្ចប់ បេក្ខជនជាសិស្សានុសិស្សមួយចំនួន មានចិត្តសប្បាយ​រីករាយ មួយចំនួន មានការព្រួយបារម្ភអំពីលទ្ធផលប្រឡងរបស់ខ្លួន តែក្នុងនោះសិស្សា​នុសិស្សភាគច្រើន ពួកគាត់មានក្តីសង្ឃឹម ពីលទ្ធផលរបស់ខ្លួន ដោយការប្រឡងទុតិយភូមិ​ឆ្នាំនេះ មានការតឹងតែងខ្លាំង តែចំពោះវិញ្ញាសារប្រឡង មានភាពងាយស្រួលជាងការ​ប្រឡងឆមាសទៅទៀត នេះចំពោះសិស្សដែលពួកគាត់បានព្យាយាមសិក្សារៀនសូត្រ ៕

អត្ថបទ ម៉ី សុខារិទ្ធ

DSC_0974 DSC_0975 DSC_1033 DSC_1035 DSC_1036DSC_1034