ខេត្តសៀមរាប ៖ នៅសណ្ឋាគារអង្គរសេនជូរីខេត្តសៀមរាប នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ មានធ្វើកិច្ចប្រជុំមួយស្ដីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងការចុះឈ្មោះបោះឆ្នោត(០១កញ្ញា ដល់២៩វិច្ឆិកា ឆ្នាំ២០១៦) ដើម្បីជម្រុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅធ្វើការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ក្នុង ការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯ.ឧទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ក្រុមការងារខេត្ត ក្រុង ស្រុក ចូលរួមផងដែរ។
តាមរាយការណ៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់អំពីលទ្ធផលការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងទិសដៅអនុវត្តបន្ត ។ក្នុងនោះឯកឧត្តមបណ្ឌិត បានឲ្យដឹងថា ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតទូទាំងខេត្ត មានចំនួន ៦២៤ពាន់៨៨២នាក់ ស្រី ៣៣៣ពាន់៧៧៥នាក់ លើចំនួនសរុបប្រជាពលរដ្ឋទូទាំងខេត្ត ១លាន២៥ពាន់១៥នាក់ ស្រី ៥២៨ពាន់៨៩០នាក់ ក្នុងនោះប្រជាពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី បានចំនួន ៦៣៤ពាន់ ៣១៥នាក់ ស្មើនឹង ១០១,៥០% នៃចំនួនប្រជាពលរដ្ឋដែលក្រប់អាយុបោះឆ្នោត។
ឆ្លងតាមការពិភាក្សាផ្លាស់ប្តូរមតិយោបលនិងការលើកឡើងពីចំណុចខ្លាំង និងបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារថ្នាក់ជាតិនិងខេត្តក្រុងស្រុងបានអនុវត្តនៅតាមបណ្ដាមូលដ្ឋានធ្វើឲ្យកិច្ចប្រជុំរកឃើញនូវបទពិសោធន៍អនុសាសន៍និងវិធានការមួយចំនួនដើមី្បធ្វើជាទុនក្នុង ការអនុវត្តបន្តផងដែរ។
មានប្រសាសន៍នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា រាល់បញ្ហាដែលមានកើតឡើងកន្លងមកនៅតាមបណ្ដាមូលដ្ឋានត្រូវបានអាជ្ញាធរយើងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ តាមរយៈការធ្វើវេទិការសាធារណៈ នៅតាមបណ្ដាមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក របស់ក្រុមការងារថ្នាក់ជាតិ ខេត្តចុះជួយក្រុង ស្រុកផងដែរ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និងក្រុមសមត្ថកិច្ច រួមទាំងក្រុមការងារទាំងអស់ដើមី្បជម្រុញការធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានធ្វើ សំខាន់ការចុះឲ្យដល់លំនៅដ្ឋានរបស់ពួកគាត់។ ម្យ៉ាងទៀតរាល់អត្តសញ្ញាប័ណ្ណដែលបានធ្វើហើយត្រូវយកទៅប្រគល់ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នាដើម្បីអនុវត្តនូវអនុសាសន៍ របស់សម្ដេចនាយករដ្ឋមន្រ្តី និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុកនិងចំណូលស្រុក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំដល់អាជ្ញាធរស្រុកសំខាន់ក្រុមការងារចុះជួយស្រុកទាំងមូលត្រូវរៀបចំយុទ្ធសាស្ត្រនិងប្រតិទិន ការងាររបស់ខ្លួន ទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ស្របតាមច្បាប់បោះឆ្នោត។ឯកឧត្តម ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅលើការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយដើម្បីធានាដល់ការចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋនិងត្រៀមគ្រប់មធ្យោបាយឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានជោគជ័យនៅឆ្នាំ២០១៧ខាងមុខនេះ។ សំខាន់លើការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅគ្រប់បណ្តាមូលដ្ឋានរបស់ខ្លូននិងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា និងនៅឲ្យឆ្ងាយពីគ្រឿងញៀន៕