យុទ្ធនាការបិទចំណាំងផ្លាត់នៅទូទាំងខេត្តសៀមរាប


ខេត្តសៀមរាប ៖ ស្ទីកឃ័រ(ចំណាំងផ្លាត)ចំនួន១៧០ពាន់សន្លឹកត្រូវបានអាជ្ញាធរខេត្តសៀមរាប​  បើកយុទ្ធនាការបិទទៅលើមធ្យោបាយគ្រប់ប្រភេទនៅទូទាំងខេត្តដែលមិនទាន់មានចំណាំងផ្លាត  កាលពីព្រឹកថ្ងៃទី​ ២៩​ សីហា​ ២០១៦នេះ​ក្រោមការដឹកនាំរបស់ ​ឯកឧត្តមបណ្ឌិត ឃឹម​ ប៊ុនសុង​ អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ មន្ត្រីនៃមន្ទីរជំនាញ រួមទាំងបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តផងដែរ ។

តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ​ ការបើកយុទ្ធនាការបិទស្ទីកឃ័រ(ចំណាំងផ្លាត)ទៅលើមធ្យោបាយគ្រប់ប្រភេទដែលមិនទាន់មាន ចំណាំងផ្លាត មានដូចជា  គោយន្តកន្ត្រៃយ ​ រ៉ឺម៉កសណ្តោង​ កង់​ ម៉ូតូ​ និង មធ្យោបាយផ្សេងៗជាច្រើនទៀតនៅទូទាំងខេត្តសៀមរាប​ ដែលគ្របដណ្តប់ទៅលើ​១២​ ក្រុង ស្រុក​ ស្មើរនឹង​ ១០០​ ឃុំ.សង្កាត់​ ។  ក្នុងយុទ្ធនាការបិទចំណាំងផ្លាត ឬ (ស្ទិកឃ័រ) លើយានជំនិះគ្រប់ប្រភេទនេះ ត្រូវបានចាត់មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ចុះរួមសហការណ៍ជាមួយកម្លាំងនគរបាល តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប ដើម្បីបើកយុទ្ធនាការនេះព្រមៗគ្នានាថ្ងៃតែមួយដោយឥតគិតថ្លៃ ។

តាមការបញ្ជាក់របស់ឯ.ឧបណ្ឌិត ឃឹម​ ប៊ុនសុង​ បានឲ្យដឹងថា  ស្របទៅ និង ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក​ នៅក្នុងព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះ  ក្នុងនាមអាជ្ញាធដែនដីខេត្តសៀមរាប​ ក្រោមការឧបត្ថម្ភ​ ស្ទីកឃ័រ(ចំណាំងផ្លាត)​ចំនួន​ ១៧០ពាន់សន្លឹក ពីសំណាក់​ ឯ.ឧទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រី​ ក្រសួងសាធារណៈការនិងដឹកជញ្ជូន​ ហើយត្រូវបានអាជ្ញាធរខេត្ត និង មន្ទីរជំនាញបានបើកយុទ្ធនាការបិទ ​ទៅលើមធ្យោបាយគ្រប់ប្រភេទព្រមៗគ្នានៅទូទាំងខេត្ត​ ទាំង១២ក្រុង ស្រុក នៅគ្រប់ទីសាធារណៈ និង សាលារៀន ដើម្បីធ្វើឲ្យមធ្យោបាយដែលមិនទាន់មានចំណាំងផ្លាត​ មានលក្ខណៈសមស្របទៅ និង គោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានពេញលេញ និង ត្រឹមត្រូវទៅនិងបទដ្ឋាននៃច្បាប់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់នោះ​ ចំពោះការបិទស្ទិកឃ័រនេះទៀតសោធ​ គឺត្រូវបានផ្តល់ជូនបងប្អូន ដោយមិនគិតថ្លៃ​ ដែលជាកាតព្វកិច្ចនិងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋ ។ ក្រៅពីយុទ្ធនាការ​ បិទស្ទីកឃ័រ  (ចំណាំងផ្លាត)នេះ​ អាជ្ញាធខេត្តក៍នៅតែបន្តធ្វើការផ្សព្វផ្សាយបន្តទៀតដល់ប្រជាពលរដ្ឋណាដែលមានមធ្យោបាយ​ ហើយមិនទាន់មានចំណាំងផ្លាតតែមកបិទ​ និង ដាក់ភ្លើងបំភ្លឺនៅខាងក្រោយមធ្យោបាយរបស់ខ្លួន  ដើម្បីឲ្យមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ។

ឆ្លៀតក្នុងឱកាសនោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានអញ្ជើញចុះពិនិត្យចំណតរថយន្ត នៅផ្នែកខាង លិចក្រុងសៀមរាប ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ដែលនឹងធ្វើការបើកសម្ភោធដាក់ឲ្យដំណើរការ នៅពេលឆាប់ៗ ខាងមុខនេះ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ចំពោះគ្រប់យានយន្ត ដែលធ្វើ អាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ដឹកអ្នកដំណើរពីសៀមរាបទៅ ខេត្តឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យនិងខេត្តបាត់ដំបង ត្រូវចូលមកចំណតរថយន្តផ្នែកខាងលិចក្រុង ហើយក៏មិនបានបណ្តែតបណ្តោយ ឲ្យធ្វើការចតទៅតាមភាពអាណាធិបត្តេយ្យ ឬ ចាប់ម៉ូយនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ។  ដូច្នេះនៅពេលខាងមុខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ បាត់ដំបង គឺត្រូវរងចាំនៅចំណតរថយន្តថ្មី នៅផ្នែកខាងលិចក្រុង ក្រោយពេលបើកដាក់ឲ្យដំណើរការពេលខាងមុខនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំដល់ម្ចាស់គ្រប់គ្រង ចំណតរថយន្ត ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលរថយន្ត ឲ្យចូលមកចំណតឲ្យមានរបៀបរៀបរយ និង អនាម័យ  បរិស្ថានល្អ ក្នុងការធានាបានសណ្តាប់ធ្នាប់នៃក្រុងប្រវត្តិសាស្រ្តទេសចរណ៍នេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

01 02 05 06 07 09 10 11