ខេត្តសៀមរាប ៖ ដើមី្បពិនិត្យពីស្ថានភាពនៃផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និង ការចុះជួយអន្តរាគមន៍ទាញទឹកយក មកស្រោចស្រពដំណាំស្រូវប្រមាណជាង ១ពាន់ហិកតា នៅក្នុងស្រុកពួក ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត ដើម្បីចុះត្រួតពិនិត្យមើលស្ថានភាពក្នុងការសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ មកដល់ពេលនេះបានធ្វើឲ្យប្រជាពលរដ្ឋមានក្តីសង្ឃឹម ចំពោះផលដំណាំរបស់ពួកគាត់ផងដែរ ។
អ្នកស្រី អ៊ុយ សារុប ជាប្រជាកសិករម្នាក់រស់នៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងរយៈពេលប្រមាណជា២សប្តាហ៍កន្លងមកនេះស្រូវរបស់គាត់រួមជាមួយប្រជាពលរដ្ឋផ្សេងទៀតប្រមាណជាជាង១ពាន់ហិកតាបានជួយគ្រោះរំាងស្ងួត យ៉ាងធ្ងន់ធ្ងរដែលកន្លែងខ្លះមានការងាប់ជាបណ្តើរៗទៅហើយ។ប៉ុន្តែបន្ទាប់ពីមានអន្តរាគមន៍ពីអាជ្ញាធរខេត្តក្នុងការជីកស្តារបើកមុខទឹកបង្ហូរមកពីប្រឡាយស្រែងផ្លំាង និង ការអន្តរាគមន៍ដាក់ម៉ាស៊ីនបូមទឹក ដើមី្បចល័តបូមទឹកទៅស្រោចស្រពទីដីស្រែខ្ពស់ៗ ដែលទឹកហូរទៅមិនដល់ផងនោះ ។ ពេលនេះស្រូវរបស់ពួកគាត់រស់ឡើងវិញនិងមានការលូតលាស់ល្អទៀតផង ។ អ្នកស្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តសៀមរាប ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវរបស់ពួកគាត់ឲ្យរស់និងមានការលូតលាស់ល្អឡើងវិញ បានធ្វើឲ្យពួកគាត់មានក្តី សង្ឃឹម ជឿជាក់ពីការដឹកនាំ របស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក្នុងឱកាសចុះពិនិត្យស្ថានភាពស្រូវពង្រោះប្រជាពលរដ្ឋ ដែលបានជួយសង្គ្រោះបានមានប្រសាសន៍ថា ស្រូវប្រជាពលរដ្ឋជាង១ពាន់ហិកតា ដែលជួបគ្រោះរាំងស្ងួតកន្លងមកនោះត្រូវបានអាជ្ញាធរបូមទឹកដាក់ជួយសង្គ្រោះឲ្យបានទំាងអស់ មិនបណ្តោយឲ្យមានការខូចខាតទេភោគផលដំណាំស្រូវ របស់បងប្អូនឡើយ ។ ទាំងនេះក៏ដោយមានការវាងវៃរបស់មន្ទីរជំនាញនិងដោយសារយើងមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះស្រូវទំាងនេះបានទាន់ពេល។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ពេលនេះអាជ្ញាធរកំពុងតែរៀបចំគម្រោងស្តារប្រឡាយបន្ថែមទៀត ដើមី្បតភ្ជាប់ប្រឡាយរងទំាងអស់ជាមួយនឹងប្រឡាយមេធំ ក្នុង ការបញ្ជូនទឹកទៅស្រោចស្រពតាមវាលស្រែបង្កបង្កើនផលរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ទៀតផង ។ ក្នុង ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចបងប្អូនប្រជាកសិករទាំងអស់ ត្រូវមានស្មារតីចូលរួមសហការគ្នាជាកម្លាំង ក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងនៅចំពោះមុខ ក្នុងមូលដ្ឋាន រីឯបងប្អូនប្រជាកសិករដែលមាន ភ្លឺស្រែជាប់ព្រំគ្នា ត្រូវមានការអព្យាស្រ័យឲ្យគ្នា ក្នុងការបញ្ចេញបញ្ចូលទឹកចូលស្រែដោយមិនត្រូវបង្ខាំងទឹកទុកសម្រាប់តែផលប្រយោជន៍របស់ខ្លួនម្នាក់ៗឡើយ គឺត្រូវមានសិទ្ធប្រើប្រាស់ទឹកដូចគ្នា ដោយមិនត្រូវយកប្រឡាយទឹកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬ ក៏ធ្វើស្រែនៅក្នុងប្រឡាយទឹក ដែលធ្វើឲ្យស្ទះនូវចរន្តទឹកហូរស្រោចស្រព ទៅតាមបណ្តាស្រែផ្សេងៗទៀតនៅផ្នែកខាងក្រោមរបស់ខ្លួននោះ ឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ