ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើពិធីចុះហត្ថលេខា លើកំណតើហេតុប្រជុំស្តីពីផែនការការងារសម្រាប់ភាពជាដៃគូរសេដ្ឋកិច្ច ឆ្នាំ២០១៦.២០១៧ រវាងការិយាល័យ ពាណិជ្ជកម្មក្រុងឈីងដាវខេត្តសានដុង នៃសាធារណរដ្ឋមប្រជាមានិតជាមួយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោក ចាង ស៊ីនឈី អគ្គ លេខាបក្សរង និង ជាអភិបាលក្រុងឈីងដាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ ដឹកនាំមន្ទីរ នៃខេត្ត ក្រុងទាំងពីរផងដែរ ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជន ដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ។ ដោយខេត្តប្រវត្តិ សាស្ត្រសៀមរាប មានសក្តានុពលសំខាន់លើវិស័យកសិកម្ម និង ទេសចរណ៍ដោយខេត្តសម្បូរទៅដោយដីកសិកម្ម រួមទាំងប្រាង្គប្រាសាទបុរាណ និង រមណីយដ្ឋានធម្មជាតិផងដែរ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ លើហេដ្ឋា រចនាសម្ព័ន្ធលើវិស័យទេសចរណ៍របស់ខេត្ត ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់នូវរាល់កង្វះខាតក្នុងការបម្រើដល់វិស័យទេសចរណ៍ ក្រៅពីទស្សនាប្រាង្គប្រាសាទរបស់ភ្ញៀវទេសចរ យើងគ្មានទីកន្លែងកម្សាន្តបន្តនិង ផ្សារទំនើបជាដើម ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងផងដែរថា តាមការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា ចិន នឹងធ្វើការសាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាប ដើមី្បបង្កើននូវកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត ក្នុងការបង្កើននូវជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បាន សំណូមពរដល់គណៈប្រតិភូទីក្រុងឈីងដាវ ជួយជម្រុញដល់ការហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាបរួមទាំងអ្នក វិនិយោគ ក្នុងការពង្រីកក្រុងរណប នៃខេត្តសៀមរាប និង ទីផ្សារសត្វក្រពើ ព្រមទាំងការរៀបចំធ្វើពិពណ៌ត្រីទឹកសាបទៀតផង ។ ដោយឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ បានធ្វើឲ្យមានការរីកចម្រើនជាទីមោទនៈ និង បានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និង ផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នាទៀតផង ។
ក្នុងនោះដែរលោកចាង ស៊ីនឈីអភិបាលក្រុងឈីងដាវ ក៏បានលើកផងដែរថា ប្រទេសកម្ពុជា ចិន ក៏មានការទំនាក់ទំនងរវាងគ្នាតាំងពីសម័យអង្គរ តាមរយៈលោក ចិនតាខ្វាន់ មកម្លេះ ។ លោកក៏បានគូសបញ្ជាក់ផងដែរអំពីគោលនយោបាយរបស់រដ្ឋាភិបាលចិន គឺផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក្នុងការជម្រុញគ្រប់បណ្តាខេត្តក្រុង ស្រុក នៃ សាធារណរដ្ឋប្រជាមានិតចិន ចងសម្ព័ន្ធមេត្រីភាព តាមបណ្តាខេត្ត ក្រុង ស្រុកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនឡើង ។ក្នុងនោះដែរលោក ក៏បានលើកផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចរបស់ទីក្រុងឈីងដាវ ដែលមានសក្តានុពលលើវិស័យឧស្សហកម្ម ដែលធំជាងគេ រួមនឹងកំពង់ផែ ដែលបានជាប់ចំណាត់ថ្នាក់លេខ២នៅប្រទេសចិន ។ ក្នុងនោះដែរក៏បានគូសបញ្ជាក់អំពីប្រភពចំណូល បានពីព្រលានយន្តហោះ និងវិស័យ ទេសចរណ៍ទៀតផង ។ លោក ចាង ស៊ីនឈី ក៏បានធ្វើការកោតសរសរផងដែរ អំពីស្ថានភាព សេដ្ឋកិច្ចរបស់ខេត្តសៀមរាប លើវិស័យទេសចរណ៍ ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសជាតិព្រមទាំងមានថាមពល សំខាន់លើវិស័យទេសចរណ៍ និង កសិកម្ម។ ក្នុងនោះក៏បានលើកនូវផែនការគម្រោងរបស់ទីក្រុងឈីងដាវ ក្នុងការ រៀបចំកំពង់ផែទេសចរណ៍ព្រមទាំងសេវាកម្មអាកាសចរណ៍ទៀតផង ។ លោកក៏បានបញ្ជាក់ទៀតថា ការចាប់ដៃគូ ពាណិជ្ជកម្មជាមួយខេត្តសៀមរាបក្នុងវិស័យទេសចរណ៍ ដើមី្បជម្រុញឲ្យខេត្ត ក្រុងទាំងពីរ មានការអភិវឌ្ឍន៍រីក ចម្រើនទៅអនាគត។
បន្ទាប់ពីការបង្ហាញរបស់ប្រធានសហគ្រាស ក្រុមហ៊ុន នៃទីក្រុងឈីងដាវរួចមក ភាគីទាំងពីរក៏បានធ្វើការចុះហត្ថលេខានឹងគ្នា ដោយផ្តោតលើ (យុទ្ធសាស្ត្រផ្លួវមួយ ខ្សែក្រវ៉ាត់មួយ ) និង ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និង ធ្វើពាណិជ្ជកម្ម នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តេសចរណ៍អប់រំ កសិកម្ម និង ពាណិជ្ជ កម្ម រួមទាំងខេត្ត ក្រុងទាំងពីរ បង្កើតយន្តការ ដើមី្បចែករំលែកនិង ផ្លាស់ប្តូរព័ត៌មាន ជួយសម្រួលដល់ការវិនិយោគ សហប្រតិបត្តិការពាណិជ្ជកម្មនិង បង្កើនយន្តការបណ្តុះបណ្តាល ផ្លាស់ប្តូរធនធានមនុស្សសម្រាប់ធ្វើការទំនាក់ ទំនងទៀតផង ។ នារាត្រីថ្ងៃនោះដែរក៏មានធ្វើការរៀបចំលៀងសាយ ភោជន៍ទទួលស្វាគមន៍ជូនដល់គណៈប្រតិភូទីក្រុងឈីងដាវនៅសណ្ឋាគារបុរីអង្គរខេត្ត សៀមរាបក្នុងនាមជាមិត្តភាពកម្ពុជាចិនក៏ដូចខេត្តសៀមរាបទីក្រុងឈីងដាវដ៏យូរអង្វែងតទៅ អនាគតផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធ