ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តបានចូលជួបសម្តែងការគួសមឯកអគ្គរដ្ឋទូតសឹង្ហបុរី


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យឯកឧត្តម មីឆែល តាន់ខេនស្យុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

ក្នុងកិច្ចស្វាគមន៍នោះឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានជម្រាបដល់ឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ដោយបានពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍។ឯកឧត្តម​បណ្ឌិតក៏បានលើកផងដែរ អំពីសក្តានុពលរបស់ខេត្ត និង បញ្ជាក់ពីហេដ្ឋរចនាសម្ព័ន្ធលើ វិស័យទេសចរណ៍  ការអភិវឌ្ឍន៍ និង កែលម្អរសោភណ្ឌភាពក្រុងទៀតផង ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បាន លើកផងដែរ អំពីកំណើនភ្ញៀវទេសចរពីមួយ​ឆ្នាំទៅមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៥ មានចំនួន ៤លាន៩៩២ពាន់​១៩០នាក់  ក្នុងនោះភ្ញៀវទេសចរណ៍សឹង្ហបុរី ចំនួន១៩ពាន់៧៤៥នាក់ ហើយនៅឆ្នាំ២០១៦ ក្នុងរយៈពេល០៧ខែ ដើមឆ្នាំ ទទួលភ្ញៀវបានសរុប ៥លាន២៦៦ពាន់៧៨៣នាក់ ក្នុងនោះភ្ញៀវជនជាតិសឹង្ហបុរី មានចំនួន ១ពាន់២៤១ នាក់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង អំពីគោលដៅក្នុងការពង្រីកអេកូទេសចរណ៍ របស់​ក្រសួង ទេសចរណ៍ នៅក្នុងភូមិសាស្ត្រសៀមរាប  ដើមី្បបំពេញតម្រូវការនៃភ្ញៀវទេសចរណ៍ ក្រោយពេលការបង្កើតនូវ ព្រលាន​អាកាសយានដ្ឋានដ៏ធំ នៅលើទឹកដីខេត្តសៀមរាប  ដែលជាផលប្រយោជន៍ផ្តល់ដល់សេដ្ឋកិច្ចជាតិ និង ប្រជាពលរដ្ឋខេត្ត​សៀមរាប ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាក្រុងបុរាណប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិ វប្បធម៌ និង សំណង់បុរាណ ។ ដូច្នេះហើយដើមី្បបញ្ជៀសនូវការប៉ះពាល់សំណង់ និង តំបន់រមណីយដ្ឋានទាំងនោះ យើងចាំបាច់តម្រូវការពង្រីកនូវក្រុងរណប​មួយ ក្នុងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ក្នុងការបម្រើ នូវសេចក្តីត្រូវការរបស់ភ្ញៀវទេសចរដែលមកស្នាក់​នៅបានយូថ្ងៃ ។ ក្នុងនោះម៉្យាងទៀតការអភិវឌ្ឍន៍របស់ខេត្ត ក្នុងការបម្រើសេវាកម្មទេសចរនោះ គឺនៅពុំទាន់បានឆ្លើយតបទៅនឹង​តម្រូវការរបស់ភ្ញៀវនៅឡើយនៅក្នុងក្រុងសៀមរាប  ហើយតំបន់ប្រវត្តិសាស្ត្រ ខេត្តសៀមរាប មិនអាចប្រែក្លាយទៅបម្រើវិស័យ​ផ្សេងៗបានឡើយ ដោយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលត្រូវធ្វើការអភិរក្សក្រុងដ៏ចំណាស់មួយនេះ ជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ប្រកបដោយពណ៌បៃតង ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន តាមរយៈ ឯកអគ្គរដ្ឋទូតសឹង្ហបុរី ក្នុងការជម្រុវអ្នកវិនិយោគចូលមក វិនិយោគនៅខេត្តសៀមរាប ទាំងវិស័យទេសចរណ៍ និង កសិកម្ម សំខាន់ការធ្វើនូវពិពណ៌ត្រីទឹកសាប ដើមី្បធ្វើការទាក់ទាញភ្ញៀវស្នាក់នៅបានយូរថ្ងៃ ដោយខេត្តសៀមរាប ជាប់ទៅបឹងទន្លេសាប ដែលនៅលើពិភពលោកគ្មាន ហើយក៏ជាការអភិរក្សនូវពូជមច្ឆាជាតិដ៏សែនកម្រទៀតផង ។

ឯ.ឧ មីឆែល តាន់ខេនស្យុង ក៏បានគូសបញ្ជាក់ថា ក្នុងពេលដែលបានទទួលភារកិច្ចជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ឯកឧត្តម​បានជ្រើសរើសខេត្តសៀមរាប ជាគោលដៅទី១ ក្នុងការធ្វើកិច្ចទំនាក់ទំនងនឹងគ្នា  ។ ឯកឧត្តមបានបន្តទៀតថា ក្រោមគោល​នយោបាយបើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការ​ទំនាក់ទំនងរវាងសាធារណរដ្ឋសឹង្ហបុរី និង ព្រះរាជាណាចក្រកម្ពុជា កាន់តែមានភាពជិតស្និតនឹងគ្នា ។  ឯកអគ្គរដ្ឋទូតក៏បាន​លើកផងដែរថា ឯកឧត្តមបានមានចំណាប់អារម្មណ៍លើ ផែនការ១០ឆ្នាំ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប បានធ្វើឲ្យមានការទាក់​ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនា កម្សាន្តមានការកើនឡើង ។ ក្នុងនោះដែរឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការកោត​សសើរអំពីការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលជាកត្តាដ៏សំខាន់ ក្នុងកិច្ចអភិវឌ្ឍន៍ខេត្តប្រវត្តិសាស្ត្រមួយនេះ ដែលជាទីតាំងនៃ ជម្រកដ៏ត្រជាក់គួរឲ្យរស់នៅប្រកបដោយភាពសុខសាន្ត ។  ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា នៅពេល​ដ៏ខ្លីខាងមុខ នេះ នឹងមានក្រុមហ៊ុនវិនិយោគ ប្រទេសសឹង្ហបុរី និង ចូលមកទំណាក់ទំនង សហប្រតិបត្តិការចាប់ជាដៃគូ ក្នុងកិច្ច អភិវឌ្ឍន៍នៅខេត្តសៀមរាប ដើមី្បធ្វើការស្រូបទាញភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត ឲ្យការ ទ្វេរឡើងទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ

62 63

60 61 64 65