ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍មកនេះ នៅសណ្ឋាគារបុរី អង្គរខេត្តសៀមរាប មានរៀបចំរាត្រីសប្បុរសធម៌ ជាមួយចុងភៅពិភពលោក ដើមី្បធ្វើការប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលរៀបចំឡើង ដោយសមាគមចុងភៅកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាសមាគមចុងភៅពិភពលោក សមាគមចុងភៅកម្ពុជា ម្ចាស់ក្រុមហ៊ុនសណ្ឋាគារជាតិ អន្តរជាតិផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ចាន់ សុភា តំណាងគណៈគ្រប់គ្រងនៃសណ្ឋាគារ បុរីអង្គរ រីស្សត និង ស្ប៉ា បានបញ្ជាក់ថា នេះជាលើកទី២ហើយ នៃចលនាសប្បុរសធម៌ ដែលផ្តួចផ្តើមឡើងដោយសមាគមចុងភៅ កម្ពុជា ដើមី្បប្រមូលមូលនិធិឧបត្ថម្ភដល់មន្ទីរកុមារអង្គរ ពីសំណាក់បងប្អូនម្ចាស់ក្រុមហ៊ុន ក្រោមប្រធានបទ ទេពកោសល្យចុងភៅ ដើមី្បមនុស្សធម៌ ក្នុងការទ្រទ្រង់ដល់សុខភាពកុមារកម្ពុជាយើងផងដែរ ។
មានចំណាប់អារម្មណ៍នោះដែរលោក ឡុង បូរ៉ា ប្រធានសមាគមចុងភៅកម្ពុជា និង លោក Weibel OTTO សមាជិកសមាគមចុងភៅពិភពលោក និង ការថ្លែងអំណរគុណរបស់លោក ទេព ណាវី នាយករង មន្ទីរពេទ្យកុមារអង្គរ ចំពោះសមាគមចុងភៅកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត ក្នុងការរៀបចំរាត្រីសមោសរសប្បុរសធម៌ ក្នុងការប្រមូលមូលនិធិ ជាលើកទី២ហើយ ដើមី្បជួយដល់មន្ទីរពេទ្យកុមារអង្គរ ។ លោកបានឲ្យដឹងទៀតថា មន្ទីរ ពេទ្យបានបំពេញបេសកកម្ម ក្នុងការផ្តល់សេវាសុខភាព ប្រកបដោយក្តីមេត្តាករុណា និង គុណភាពខ្ពស់ដល់ កុមារកម្ពុជា ប្រមាណពី ៥០០នាក់ទៅ៦០០នាក់ជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងការចូលរួមពង្រឹងប្រព័ន្ធ សុខាភិបាលកម្ពុជា តាមរយៈបណ្តំបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និង មន្ត្រីសុខាភិបាលផងដែរ ។
មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តសៀមរាបជាអតីតរាជធានីអាណាចក្រអង្គរ ដែលជា ទីក្រុងដ៏ល្អឯក ផ្នែកវប្បធម៌ប្រវត្តិសាស្ត្រនៅតំបន់អាស៊ី ព្រមទាំងមានកេរ្តិ៍មរតកដ៏សម្បូរបែប ដែលដូនតាខ្មែរ យើងបានបន្សល់ទុក ហើយបានក្លាយជាតំបន់គោលដៅទេសចរណ៍ វប្បធម៌ដ៏សំខាន់ បានកំពុងទាក់ទាញនូវ អារម្មណ៍នៃភ្ញៀវទេសចរណ៍មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមទាំងពីរក៏ បានបញ្ជាក់ថា ទោះបីខេត្តមានមន្ទីរពេទ្យបង្អែក និង ស្រុកប្រតិបត្តិ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ក្នុងការ បម្រើសេវាសុខភាព ព្រមទាំងមានវិស័យឯកជនជាដៃគូ ក្នុងការជម្រុញសេវាសុខាភិបាលឲ្យកាន់តែល្អថែមទៀត ផង ។ ដើមី្បឆ្លើយតបតម្រូវការផងនោះ មានមន្ទីរពេទ្យធំៗ បានបើកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដោយមិនបានគិតកម្រៃ ក្នុងនោះក៏មានមន្ទីរពេទ្យកុមារអង្គរ ដែលបានកំពុងបម្រសេវាសុខភាពជូនដល់កុមារកម្ពុជា មកពី បណ្តាខេត្តនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និង ឯកឧត្តម ប៉ាក់ សុខុម បាន បន្តទៀតថា ការបង្កើតឲ្យមានរាត្រីអបអរសាទរចំពោះទេពកោសល្យចុងភៅកម្ពុជា ដើមី្បមនុស្សធម៌ គឺដើមី្ប ចូលរួមចំណែកជាមួយមន្ទីរពេទ្យកុមារអង្គរ ដែលជាការបង្ហាញនូវសន្តានចិត្តប្រកបដោយក្តីមេត្តាករុណា ក្នុងការ ជួយគ្នាក្នុងគ្រាមានអាសន្នអន្ធក្រ ។ ឯកឧត្តម ប៉ាក់ សុខុម គូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ យើង មិនអាចកាត់ថ្លៃបាន ពីការខិតខំរៃអង្គៀស និង ប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួន ដើមី្បជួយគាំទ្រមន្ទីរពេទ្យកុមារអង្គរ និង បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទះក្នុងការលើកស្ទួយ ក្នុងការសង្រ្គោះកុមារកម្ពុជា ដែលជាទំពាំងស្នងឬសី្ស ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា កាយវិការដ៏សប្បុរសធម៌នេះ នឹងបន្តធ្វើនៅរៀងរាល់ឆ្នាំ សម្រាបឧត្តប្រយោជន៍ នៃកុមារកម្ពុជាតទៅអនាគត ។
ក្នុងសកម្មភាពរាត្រីសប្បុរសធម៌ ជាមួយចុងភៅពិភពលោកនេះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និង លោកជំទាវ បានបរិចាកនូវថវិកា ១ពាន់ដុល្លា និង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បរិចាក នូវថវិកា ២លានរៀល ក្នុងការគាំទ្រសកម្មភាពនៃមន្ទីរពេទ្យកុមារអង្គរ ។ ក្នុងឱកាសនោះដែលក៏បានប្រមូលនូវ មូលនិធិពីបងប្អូនសប្បុរជន ដែលបានចូលរួមក្នុងរាត្រីនោះ មានទឹកប្រាក់សរុប ១ម៉ឺន៦៧៥ដុល្លា ហើយត្រូវបាន ធ្វើការប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ