ពិធីប្រគល់រង្វាន់ដល់សិស្សដែលប្រឡងជាប់និទ្ទេស A នាសម័យប្រឡងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្នុងខេត្តសៀមរាប


ខេត្តសៀមរាប ៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៥.២០១៦ ទទួលបាន លទ្ធផល​និទ្ទេស A ចំនួន ៣៦នាក់ ស្រី១៤នាក់ នៅក្នុងខេត្តសសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ​១គ្រឿង និង សាំង៥០​លីត្រ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តសៀមរា​ប​ ត្រូវបានធ្វើការប្រគល់ជូនកាលពីចុងសប្តាហ៍ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ២០១៦ នៅរដ្ឋបាលសាលា ខេត្តសៀមរាប  ។

តាមសេចក្តីរាយការណ៍របស់លោក​ សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថាមណ្ឌលប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៥.២០១៦ នៅខេត្តសៀមរាប មាន ចំនួន ០៩មណ្ឌល មានបន្ទប់ប្រឡង ២៦១បន្ទប់ មាន​បេក្ខជនក្នុងបញ្ជីប្រឡង ៦ពាន់៥៧២នាក់ បេក្ខនារី ៣ពាន់ ៥២៥នាក់ ហើយបេក្ខជនបានចូលប្រឡងជាក់ស្តែង ៦ពាន់៤៨៥នាក់ បេក្ខនារី ៣ពាន់៤៨២នាក់ អវត្តមាន៨៧ នាក់ ស្រី ៤៣នាក់ ។ លោកបានបន្តទៀតថា បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៤ពាន់​៥១៦នាក់​ស្រី ២ពាន់ ៥១៨នាក់ ស្មើ ៦៩,៦៤% បេក្ខនារី ៧២,៣១% ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ៣៦នាក់ ស្រី ១៤នាក់ និទ្ទេស B ចំនួន ១៨៤នាក់ ស្រី១០០នាក់ , និទ្ទេស C ចំនួន ៤១៧នាក់ ស្រី ២២៥នាក់  , និទ្ទេស D ចំនួន ៦៨៣នាក់ ស្រី ៣៨២នាក់ និង និទ្ទេស E ៣ពាន់១៩៦នាក់ ស្រី ១ពាន់៧៩៧នាក់  ។

មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំង ៣៦នាក់នោះ ឯកឧត្តមឧបនាយករដ្ឋ​មន្ត្រី ទៀ បាញ់ ក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា​២០១៥.២០១៦ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ។  ឯកឧត្តមក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សា របស់ក្មួយៗ និង ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង ការ​អប់រំប្រៀនប្រដៅរបស់មាតាបិតា អាណា ព្យាបាលសិស្ស ដែលបានចូលរួមសហការ ក្នុងអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុង ត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការក្រើនរំលឹកដល់​ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់ ក៏ជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ  ហើយ​ការ ទទួលបាន​លទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្រ បន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថា ក្មួយៗគឺជាគ្រាប់ពូជដ៏មាន​តម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវ​ចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥.២០១៦នេះ  ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និង​ក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមាន​គុណភាព ។  ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានា​គុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមាន​កន្លងមកចំពោះសិស្ស  សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅ លើពិភពលោក ។ ឯកឧត្តមក៏បានធ្វើ​ការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ ត្រូវជៀសវាងឲ្យ ឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តា​ចំបង ដែលចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួន បានទៅ ដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់​ចរាចរណ៍ផ្លូវគោក​ ពេលបើកបរត្រូវ ពាក់មួក សុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។  ក្នុងនោះឯកឧត្តមក៏បានសូមឲ្យ​ក្មួយៗទាំងអស់ ត្រូវត្រៀម លក្ខណៈ ក្នុងចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃខាង​មុខនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

103  105        114 106

113 108

111 110
109 104 112 115