ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦មិ្សលមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯ.ឧ នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្នុងការសុំការសាងសង់ស្ពានថ្មថ្មី ចំនួនពីរ ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលនឹងធ្វើការ បើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ១៩ កញ្ញា នេះផងដែរ ។
បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ធ្វើការបូជាទៀន ធូក និង ថ្វាយផ្កាភ្ញីនៅរានអស្នាក់រួចមក ក្នុងពិធីបួងសួងក្រុងពាលីនេះ បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណី ទំនៀមទម្លាប់នៃ ព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើងដែលបានគោរពបដិបត្តិតរៀងមក ។ ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តម លោកជំទាវ និង អស់លោក លោកស្រី លោកអាចារ្យក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រ អង្គរដ៏បវរនៃយើង ក៏ដូចនៅក្នុងកម្ពុជារដ្ឋទាំងមូល ព្រមទាំងបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតារាជ ព្រះអង្គតូច ព្រះអង្គធំ គង់នៅខ្នងភ្នំគូលែន និង បារមីអរុក្ខអរក្សអ្នកតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា នៅលើទឹកដីដ៏ស័ក្តសិទ្ធិ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រមទាំងសូមជួយឲ្យកិច្ចដំណើរការនៃការ បើកការដ្ឋានសាងសង់ស្ពានថ្ម ទាំងពីរ ឲ្យបានដំណើរការទៅដោយសេចក្តីសុខចម្រើន ក្នុងផលប្រយោជន៍បម្រើដល់ សេដ្ឋកិច្ចជាតិ និង ប្រជាជនកម្ពុជាមានការរីកចម្រើន និង ជួបនូវតែសុខសន្តិភាព តទៅអនាគត ។
បន្តមកលោកតាអាចារ្យ ក៏បានធ្វើពិធីដង្ហែនូវគ្រឿងដង្វាយ ដើមី្បការឧទ្ទិសជូនដល់ព្រះធរណី ក្នុងការសុំទីកន្លែងសាងសង់ស្ពានថ្មទាំងពីរ ដែលបានប្រព្រឹត្តធ្វើទៅតាម ក្បួនខ្នាតប្រពៃណីពីបុរាណ នា សម័យអង្គរ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងនាពេលបច្ចុប្បន្ន បានបំភ្លេចចោលនោះ ត្រូវបានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប សហការជាមួយលោកតាអាចារ្យ ធ្វើការរំលឹកឡើងវិញ នៅក្នុងពិធីក្រុង ពាលីសាងសង់សំណង់ធំៗ ដែលពីបុរាណកាលបានប្រារព្ធ ហើយត្រូវបានធ្វើការស្រាវជ្រាវ តាមរយៈការសិក្សាធ្វើកំណាយ នៅតាមទីសំណង់បុរាណ សំខាន់នៅគល់ស្ពានបុរាណជាដើម ៕ អត្ថបទ ម៉ី សុខារិទ្ធ