ខេត្តសៀមរាប ៖ ស្ពានថ្មចំនួន ៣ ដែលឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលជាគម្រោងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងទឹកប្រាក់សរុប ៤ពាន់៩៩០ពាន់លានរៀល ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ កាលពីព្រឹកថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០១៦ នៅទីធ្លាសួនច្បាប់ មាត់ស្ទឹងខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិ បាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់អស់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជាភ្ញៀវជាតិ អន្តរជាតិ ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ថា ក្រសួងសាធារណការ និង ដឹកជញ្ជូន បានផ្តល់នូវស្ពានថ្មថ្មី ចំនួន០៣ ដែលត្រូវសាងសង់ឆ្លងកាត់ស្ទឹងសៀមរាប គឺមានស្ពានព្រះរាជដំណាក់ ,ស្ពានវត្ត ពោធិ៍ល័ង្កា និង ស្ពានវត្តព្រះឥន្ធកោសា ដែលដើមឡើយស្ពានទាំងពីរ ជាស្ពានដែក ដែលមានលក្ខណៈចាស់ទ្រុត ទ្រោម ។ កន្លងមកក្នុងអាណត្តិឯកឧត្តមទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្តល់ នូវស្ពានថ្មមួយកន្លែង ឆ្លងកាត់ស្ទឹងសៀមរាបនេះផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងថា ពិធីសម្ភោធបើក ការដ្ឋានសាងសង់ស្ពានទាំងបីនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្ត របស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និង ការកើនឡើងចរាចរណ៍យ៉ាងគំហុកទៀតផង ។ ក្នុងនោះស្ពានព្រះរាជដំណាក់ ដែលមានបណ្តោយប្រវែង ៤៦ម៉ែត្រ ទទឹង ៨,២០ម៉ែត្រ ហើយស្ពានចំនួនពីរទៀត មានបណ្តោយប្រវែង ៣៣ម៉ែត្រ ទទឹង ៩ម៉ែត្រ ដែលជាស្ពានដ៏សំខាន់ ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និង ជួយសម្រួល ការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុងឲ្យស្រស់ត្រកាលទៀតផង ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវពីការគិតគូរខ្ពស់ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាព សង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ការបើក ការដ្ឋានសាងសង់ស្ពានថ្មទាំងបីនាថ្ងៃនេះ គឺជាសមទ្ធិផលប្រវត្តិសាស្ត្រមួយ នៅលើទឹកដីខេត្តសៀមរាប ហើយក៏ត្រូវជាថ្ងៃដែលធ្វើការតភ្ជាប់ផ្លូវដែក រវាងកម្ពុជា និង ថៃ ផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឲ្យទៀតថា ចំពោះការស្ថាបនាផ្លូវតភ្ជាប់ពីខេត្តសៀមរាប ទៅខេត្តបាត់ដំបង ក្នុងគោលដៅបម្រើដល់វិស័យទេសចរណ៍ ក្រសួងបានកំពុង ធ្វើការសិក្សាលើគម្រោង និងកំណត់ទីតាំង ហើយដោយឡែកចំពោះការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញ មកសៀមរាប និង ពីសៀមរាបទៅប៉ោយប៉ែត ព្រមទាំងពីភ្នំពេញទៅក្រុងបវិត នោះក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ពុំទាន់មានថវិកាក្នុងការស្ថាបនាឡើយ ដោយប្រើប្រាស់ថវិកាច្រើន ។ ក៏ប៉ុន្តែត្រូវមានក្រុមហ៊ុនរបស់ជប៉ុន និង ចិន បានកំពុងធ្វើការសិក្សាអំពីផ្លូវរថភ្លើងល្បឿនលឿននេះផងដែរ ។ ក្នុងនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើក ឡើង អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងរៀងរាល់ថ្ងៃ បានសម្លាប់មនុស្សក្នុងមួយថ្ងៃ ៤នាក់ និងរបួស ជាច្រើន ធ្វើឲ្យខូចខាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសម្បត្តិសាធារណៈ ដែលបង្កឡើងដោយកត្តាមនុស្សនិងសម្ភារៈព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិទៀតផង។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ក៏បានធ្វើការផ្តាំផ្ញើ និង ក្រើនរំលឹងដល់ជនរួមជាតិទាំងអស់ សំខាន់ចំពោះយុវវ័យ ត្រូវសិក្សាស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោគ ដែល ជាមូលដ្ឋានគ្រឹះ សម្រាប់បងប្អូនជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ ក្នុងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង មានស្មារតីខ្ពស់ក្នុងការត្រួតពិនិត្យយានយន្តរបស់ខ្លួន ឲ្យបានជាប្រចាំ ក្នុងការបម្រើ នូវវិស័យទេសចរណ៍ ប្រកបដោយសុវត្ថិភាព ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏មានសង្ឃឹមជឿជាក់ថា នៅពេលសាងសង់ស្ពានថ្មទាំងបីបានរួចរាល់ ការធ្វើចរាចរណ៍ របស់បងប្អូននៅខេត្តប្រវត្តិសាស្ត្រមួយនេះ និង បានកាត់បន្ថយភាពកកស្ទះក្នុងក្រុង និង កាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកនូវសម្រស់សោភណ្ឌភាពក្រុងទេសចរ បានមួយកម្រិតទៀតផង ។
ក្នុងនោះដែរក៏មានធ្វើការបំពាក់នូវគ្រឿងឥស្សរយយសដល់ ទីប្រឹក្សាបច្ចេកទេសជប៉ុន មន្ត្រីរាជការនៃមន្ទីរសាធារណការខេត្ត ចំនួន១៥រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចស្នូល ព្រមទាំងបានប្រគល់អំណោយដល់ ក្រុមយុវជនកាយរឹទ្ធ និង កាកបាទក្រហម ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមផងដែរ ។
បន្តមកគណៈអធិបតីក៏បានអញ្ជើញធ្វើការប្រគល់ ទទួលកៅស៊ូត្រជាក់ និង ត្រួតពិនិត្យមើលសកម្មភាព ការជួសជុលសំបុកមាន់ ដោយកៅស៊ូត្រជាក់ និង បានអញ្ជើញធ្វើការចុចកុងតាក់បញ្ជាគ្រឿងចក្របើកការដ្ឋាន ជានិមិត្តរូប ក្នុងការសាងសង់ស្ពានថ្មទាំងបីផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ