ប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ចុះសួរសុខទុក្ខអ្នកផ្ទុក និង កើតជម្ងឺអេដស៍


ខេត្តសៀមរាប ៖ប្រតិភូគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាបដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ទោម ចន្ថា នូ ផល្លា សមាជិកាកិត្តិយសកាកបាទក្រហមកម្ពុជា​ខេត្ត រួមទាំងលោកជំទាវ លោកស្រីជាសមាជិកគណៈកម្មាធិការ រួមទាំង មន្ត្រីប្រតិបត្តិសាខា អនុសាខា និង អ្នកស្ម័ត្រចិត្តកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន​២០គ្រួសារ នៅតាមភូមិ ក្នុងក្រុងសៀមរាប និង ស្រុកបន្ទាយស្រី ក្នុងគោលបំណង​អបអរទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០១៦ ។

មានការសំណេះសំណាលសួរសុខទុក្ខបងប្អូនកំពុងរស់នៅជាមួយមេរោគ​ និង ជម្ងឺអេដស៍ក្នុងឱកាសនោះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះបងប្អូនទាំងអស់  ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឲ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឲ្យ បាន នូវការឆ្លងរាលដាលនៃជម្ងឺអេដស៍ ដែលជាឃាតករឥតស្រមោល  បំផ្លាញជីវិតក្រុមគ្រួសារ និង សង្គមជាតិ ដោយមិនរើសមុខ វណ្ណៈ ពណ៌សម្បុលឡើយមិនថាប្រុសឬស្រីនោះទេ ។ ក្នុងនោះដែរលោកជំទាវ ក៏បានពាំនាំនូវ ប្រសាសន៍សាកសួរសុខទុក្ខ និង ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក  ចំពោះការឆ្លើយតបនឹងមេរោគអេដស៍ ជម្ងឺអេដស៍នៅកម្ពុជា តាមរយៈនៃការប្រមូលផ្តុំកម្លាំង លើការទប់ស្កាត់ មេរោគអេដស៏ នៅគ្រប់បណ្តាមូលដ្ឋានរាជធានី ខេត្ត ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកពីសកម្មភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក  ក្នុងការស្វែងរកការគាំទ្រតស៊ូមតិ  ក្នុងនាមអ្នករងគ្រោះ និង បំបាត់នូវភាពរើសអើង ចំពោះអ្នកជម្ងឺអេដស៍ និង អ្នកផ្ទុកមេរោគអេដស៍  ។  ក្នុងនោះដែរលោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនក្រុមគ្រួសារផ្ទុកមេរោគអេដស៍ និង ជម្ងឺអេដស៍ទាំងអស់ កុំឲ្យអស់ក្តីសង្ឃឹម ព្រោះជម្ងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំពន្យាជីវិត ឲ្យតែបងប្អូនគោរពឲ្យបានទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និង ថែរក្សាសុខភាពខ្លួននោះ គឺមានភាពល្អជាងបណ្តាជម្ងឺទឹកនោមផ្អែម មហារីក ។  ម៉្យាងទៀតដោយ នៅថ្ងៃខាងមុខនេះ ជាទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាស្ត្រីកម្ពុជាទី១ ទទួលគោរម្យងារនេះ ។ លោកជំទាវបានបន្តទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ របស់សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន ​សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ ចំពោះ​កុមារ​កំព្រា​ ទុរគតជន​ និង ​ជន​ងាយ​រងគ្រោះ​ទាំងអស់ ​ព្រម ទាំង​អ្នករងគ្រោះ​ ដោយ​មេរោគ​អេដស៍​ជម្ងឺអេដស៍​ ក៏ដូច​អង្គការ​ក្នុង​ក្រៅ​រាជរដ្ឋាភិបាល​ផងដែរ ។ លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកផ្ទុកមេរោគ និង អ្នកជម្ងឺអេដស៍ទាំងអស់ កុំឲ្យអស់សង្ឃឹមឡើយ យើងមានកាកបាទក្រហមកម្ពុជា និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងអង្គការដៃគូ បានយកចិត្តទុកដាក់បងប្អូនជានិច្ច ព្រមទាំងសូមឲ្យបងប្អូនថែទាំនូវសុខុមាលភាព  មានអនាម័យល្អ ដើមី្បបន្តជីវិតក្នុងការថែទាំកូនចៅរបស់ខ្លួន និង សូមជម្រុញកូនៗរបស់ខ្លួនឲ្យបានទៅសិក្សារៀនសូត្រផងដែរ ។

ក្នុងនោះគណៈប្រតិភូបាននាំយកនូវអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនគ្រួសារផ្ទុក និង កើតជម្ងឺអេដស៍ទាំង២០គ្រួសារក្នុងក្រុងសៀមរាប និង ស្រុកបន្ទាយស្រី ដោយមួយគ្រួសារទទួលបាន អង្ករ២៥គក្រ, ត្រីខ១យួរ, ទឹកស៊ីអ៊ី១យួរ, មី១កេស, មុង១, ភួយ១, សារុង១, ក្រម៉ា១, និង សារុង១   ក្នុងនោះដែរលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានឧបត្ថម្ភនូវថវិកា ក្នុងមួយគ្រួសារ ៤ម៉ឺនរៀលផងដែរ  ៕ អត្ថបទ ម៉ី សុខារិទ្ធ

494 495 496 497 498 499 500 501 502 503 504 505 506 507

508 509 510 511 512 513 514 515 516 517 518