ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី២១ នៅខាងមុខប្រាសាទអង្គរវត្ត នៃទឹកដីប្រវតិ្តសាស្ត្រខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាភ្ញៀវជាតិ អន្តរជាតិ ដែលជាអតពលិចូលរួមសរុបចំនួន ៩ពាន់១៥០នាក់ ក្នុងនោះមានជនបរទេសជាង ៤ពាន់៥០នាក់ មកពី ៨០ប្រទេសចូលរួមផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានបញ្ជាក់ថា នេះជាលើកទី២០ឆ្នាំហើយ ការប្រារព្ធទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ហើយទិវានេះរៀបចំដោយសមាគមបេះដូងមាសជប៉ុន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និង មានការជួយគាំទ្រឧបត្ថម្ភ ពីបណ្ដាស្ថាប័នរដ្ឋាភិបាលកម្ពុជា អង្គការជាតិ/អន្តរជាតិ វិស័យឯកជន ភោជីយដ្ឋាន សណ្ឋាគារមួយចំនួនជាច្រើនទៀតផងដែរ ។ បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់ថា កីឡាករកីឡាការី ដែលបានចុះឈ្មោះជាផ្លូវការចូលរួមរត់ប្រណាំងទាំងកម្ពុជា និងបរទេស ក្នុងចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ ១០គីឡូម៉ែត្រ និងចម្ងាយ៣គីឡូម៉ែត្រ ជាលក្ខណៈក្រុមគ្រួសារ សរុបចំនួន៩ពាន់១៥០នាក់ រួមទាំងជនពិការផងដែរ។ ឯកឧត្តមបណ្ឌិតក៏ សូមឲ្យកីឡាករ កីឡាការិនីទាំងអស់ បន្ដការគាំទ្រ និង ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០១៦នេះជាឆ្នាំទី២១ ក្នុងការរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បានបញ្ជាក់ឲ្យឃើញនូវសក្ខីកម្ម នៃប្រជាជនជុំវិញពិភពលោកបានគាំទ្រយល់ដឹងច្បាស់ពីស្ថានភាពសន្ដិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ក៏ដូចជា ស្ថេរភាពនយោបាយ និង សេដ្ឋកិច្ចសង្គមនៅកម្ពុជាបានយ៉ាងល្អប្រសើរ ។ ឯកឧត្តមបណ្ឌិតត ថោង ខុន បានបន្ដថា យើងទាំងអស់គ្នាបានរត់ប្រណាំងនាពេលនេះគឺ ដើម្បីទីក្រុងបៃតង មនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព ដើម្បីការពារបរិស្ថាន និង ថែរក្សាភពផែនដីផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងនូវអំណរគុណផងដែរ ពីការរៀបចំ និង ចូលរួម ដោយសមាគមបេះដូងមាសជប៉ុន ក្រសួងទេចរណ៍ អាជ្ញាធរខេត្តសៀមរាប និង ការជួយគាំទ្រឧបត្ថម្ភ ពីបណ្តា ស្ថាប័នរាជ រដ្ឋាភិបាលកម្ពុជា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទៀតផង ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ចក្ខុវិស័យកម្ពុជា បានកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និង ធម្មជាតិ ព្រមទាំងផ្តល់ភាពកក់ក្តៅ និង បដិសណ្ឋារកិច្ចល្អ ដោយឈរលើទស្សនៈ និង គោលការណ៍ស្អាត និង បៃតង ។
សូមបញ្ជាក់ផងដែរថា សម្រាប់ការរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២១ នេះ គឺមានការប្រណាំងរទេះជនពិការបុរស ស្ត្រី ២១ គីឡូម៉ែត្រ ការរត់ប្រណាំងចម្ងាយបុរស ស្រ្តី ២១ គីឡូម៉ែត្រ ការរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ជនពិការបុរស ស្រ្តី និង ការរត់កំសាន្ដ ជាលក្ខណៈគ្រួសារ និង មិត្តភ័ក្រ ៣គីឡូម៉ែត្រ ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ