ខេត្តសៀមរាប ៖ កាលព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និង អនុម័តទៅលើ របៀបវារៈសម័យប្រជុំសាមញ្ញលើកទី៣១នេះ ដែលមានចំនួន០៤ចំណុច ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត ចូលរួមផងដែរ ។ កូរ៉ុមសមាសភាពសមាជិកក្រុមប្រឹក្សាខេត្តដែលបានចូលរួមប្រជុំមានវត្តមាន ១៦រូប លើ១៩អសនៈ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត នូ ផល្លា បានមានប្រសាសន៍ បើកកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តរួចមក សមាជិកកិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ និង ពិភាក្សាទៅតាមរបៀបវារៈនៃកិច្ចប្រជុំបានគ្រោងទុក ក្នុងនោះដែរអង្គប្រជុំក៏បានសង្កត់ធ្ងន់ ចំពោះការផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និង ឆ្នាំ គ្រប់បណ្តាមន្ទីរ អង្គភាពត្រូវធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់អំពីទិន្នន័យ តួលេខដោយមានការឯកភាពគ្នា សំខាន់លើផ្ទៃដីកសិកម្ម និង ចំនួនភ្ញៀវទេសចរជាដើម ក្នុងការរំលេចនៅលើរបាយការណ៍របស់ខ្លួន ។
ឆ្លងតាមរបៀបវារៈនៃកិច្ចប្រជុំដែលបានគ្រោងទុក ក្នុងនោះកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបានធ្វើការត្រួតពិនិត្យ ពិភាក្សា និង បានអនុម័តផងដែរ ទៅលើសេចក្តីព្រាងនៃកំណត់ហេតុប្រជុំសមញ្ញាលើកទី៣០ របាយការណ៍ប្រចាំខែ វិច្ឆិកា ឆ្នាំ២០១៦ ព្រមទាំងធ្វើការត្រួតពិនិត្យ និង អនុម័តទៅលើឯកសារសម្រាប់វេទិកាផ្សព្វនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៦ និង អនុម័តនូវលក្ខខណ្ឌការងារមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្ត ផងដែរ ។
មានមតិបូកសរុបនៃកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក ។ ក្នុងនោះឯកឧត្តមប្រធានក៏បានសង្កត់ធ្ងន់ចំពោះ បណ្តាថ្នាក់ដឹកនាំមន្ទីរ ក៏ដូចបណ្តាក្រុង ស្រុក ត្រូវ ធ្វើការផ្តល់នូវរបាយការណ៍របស់ខ្លួននៅរៀងរាល់ខែ ត្រីមាស ឆមាស និង ឆ្នាំ ឲ្យបានទៀងទាត់ទៅតាមការណែនាំរបស់គណៈអភិបាលខេត្ត ។ ឯកឧត្តមក៏បានកោតសរសើរផងដែរ ចំពោះកងកម្លាំងទាំងបី ក្នុងការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនដល់ដល់ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ ដែលបានចូលមកទស្សនាកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ សំខាន់ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ អន្តរជាតិផងដែរ ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការក្រើនរំលឹកនូវការងារមួយចំនួនដល់គណៈអភិបាលខេត្ត សំខាន់បណ្តាមន្ទីរ អង្គភាព ដែលជាសេនាធិការរបស់ខេត្ត ក្នុងការគ្រប់គ្រងមន្ត្រី និង ត្រូវគោរពឲ្យបាននូវតួនាទី ភារកិច្ចរបស់ខ្លួន ។ ក្នុងនោះឯកឧត្តមក៏បានជម្រុញដល់ លើការងារគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថានក្នុងក្រុង ដោយខេត្តសៀមរាបជាតំបន់រមនីយដ្ឋានទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលបានក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត សំខាន់ក្នុងពេលបុណ្យឆ្លងឆ្នាំសកល២០១៦ខាងមុខនេះ ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរជាតិអប្សរា ដែលបានចូលកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តលើកទី៣១នេះ ដែលកាន់ធ្វើឲ្យមានការប្រសើរឡើងថែមទៀត ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋនិងរួមចំណែកកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ព្រមទាំងបានដាក់នូវកាលវិភាគនៃកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្តទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ