ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៦ខែ ធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានអនុញ្ញាតឲ្យឯកឧត្តម ផាក ស៊ឹងគ្យូ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតាំងឲ្យបំពេញការងារ ជាឯកអគ្គកុងស៊ុលទី១ ប្រចាំខេត្តសៀមរាប ដោយទទួលខុសត្រូវខេត្តចំនួន ០៦ ចូលជួបសម្តែងការគួរសមនៅ សាលាខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរឯកឧត្តម ផាក ស៊ឹងគ្យូ បានបញ្ជាក់ថា ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានទំនុក ចិត្តជឿជាក់ បានធ្វើការតែងតាំងឯកឧត្តមជាឯកអគ្គកុងស៊ុលប្រចាំនៅខេត្តសៀមរាបដែលគ្រប់ដណ្តបទៅលើខេត្ត០៦ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ការបង្កើតអគ្គកុងស៊ុលនៅខេត្តសៀមរាបនេះ ក្នុងការជួយសម្រួលកិច្ចការងារ នៃការទំនាក់ទំនង ជាមួយបងប្អូនប្រជាជនកូរ៉េ ដែលបានមកប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបក៏ដូចខេត្តដទៃទៀត ជាសំខាន់ការធ្វើទិដ្ឋាការ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ម៉្យាងទៀតក៏បានបង្កភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្តិ ការល្អនឹងគ្នា រវាងអាជ្ញាធរខេត្តសៀមរាប និង ឯកអគ្គស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាផងដែរ។ ក្នុងនោះដែរឯកឧត្តម ផាក ស៊ឹងគ្យូ ក៏បានបញ្ជាក់ថា ប្រជាជនកូរ៉េបានមកធ្វើទេសចរណ៍ និង វិនិយោគនៅខេត្តសៀមរាប។ ឯកឧត្តមក៏បានលើកនូវសារៈសំខាន់បីយ៉ាង ក្នុងការជម្រុញ និង ផ្សព្វផ្សាយដល់ ប្រជាជនកូរ៉េ ព្រមទាំងធ្វើកិច្ចសហការនឹងគ្នា ក្នុងកិច្ចអភិវឌ្ឍន៍វិស័យទេសចរណ៍និងកសិកម្ម ។ កត្តាសំខាន់ដែល ត្រូវធ្វើការដោះស្រាយទៅលើការងារភាសារ ដែលជាយាន្តមួយក្នុងកិច្ចទំនាក់ទំនងនឹងគ្នាសហប្រតិបត្តិការផង ។ ម៉្យាងទៀតដោយការផ្សព្វផ្សាយ និងការ ទទួលព័ត៌មានរបស់ប្រជាជនកូរ៉េនៅមានកម្រិត ដែលធ្វើឲ្យមិនបានយល់ ពីសក្តានុពលរបស់កម្ពុជាឡើយ។ ឯកឧត្តម បានលើកផងដែរ អំពីពលករខ្មែរប្រមាណ៣ម៉ឺននាក់ បម្រើការងារនូវ ប្រទេសកូរ៉េ គឺបានលើកកម្ពស់នូវសេដ្ឋកិច្ចនៅ កម្ពុជា ព្រមទាំងទទួលបាននូវចំណេះបច្ចេកទេសផងដែរ ។ ក្នុងនោះ ឯកឧត្តមក៏សម្តែងដឹងគុណកម្ពុជាផងដែរ នៅពេលដែលប្រទេសកូរ៉េជួបគ្រោះអាសន្ន បានផ្តល់នូវស្បៀងអាហារ ដល់ប្រជាជនកូរ៉េ នៅឆ្នាំ១៩៦០ ។ ឯកឧត្តមបានធ្វើការកោតសរសើរពីការអភិវឌ្ឍន៍របស់ខេត្ត សៀមរាប និង សោភណ្ឌភាពក្រុង សំខាន់លើវិស័យសេដ្ឋកិច្ចទេសចរណ៍ ដែលជាខេត្តសម្បូរទៅដោយសម្បត្តិ វប្បធម៌ និង ធម្មជាតិ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការសាទរចំពោះវត្តមានរបស់ឯកឧត្តម ផាក ស៊ឹងគ្យូ ដែលត្រូវបាន រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានតែងតាំងជាឯកអគ្គកុងស៊ុលប្រចាំនៅខេត្តសៀមរាប ដោយខេត្តសៀមរាប ជាតំបន់ គោលដៅដ៏សំខាន់នៃភ្ញៀវទេសចរណ៍លើកពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតដោយទំហំនៃភ្ញៀវ ទេសចរណ៍កូរ៉េ ចូលមកទស្សនាកម្សាន្ត និង វិនិយោគ ប្រកបអាជីវកម្មនៅខេត្តសៀមរាប ក៏ដូចបណ្តាខេត្តនានាក្នុង តំបន់ និង បានជួយសម្រួលភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលជាពលករទៅធ្វើការនៅប្រទេសកូរ៉េ ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើកផងដែរ ពីវិស័យស្នូលសេដ្ឋកិច្ចរបស់ខេត្ត មានសក្តានុពលលើវិស័យ កសិកម្ម និង ទេសចរណ៍ ព្រមទាំងបានបញ្ជាក់ពីហេដ្ឋរចនាសម្ព័ន្ធនៃវិស័យទេសចរណ៍ផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានគាំទ្រផងដែរនូវប្រសាសន៍លើកឡើង របស់ឯកឧត្តមអគ្គកុងស៊ុល អំពីបញ្ហាភាសារ គឺជាកត្តាសំខាន់ក្នុងការ ទំនាក់ទំនងគ្នា ។ ម៉្យាងទៀតប្រជាជនកូរ៉េ ដែលបានប្រកបធ្វើ អាជីវកម្មនៅខេត្តសៀមរាប បានមានកិច្ចទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀត ពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងខេត្តសៀមរាប ជាមួយបណ្តាក្រុង ខេត្តនៃសាធារណរដ្ឋកូរ៉េ ជាសំខាន់ជាមួយទីក្រុងស៊ូវ៉ុន ដែលបានបង្កើតនូវភូមិមិត្តភាពភ្នំក្រោម ស៊ូវ៉ុន ដោយបានកសាងនូវអគារសិក្សា ថ្នាក់វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា ព្រមទាំងរៀបចំនូវបរិស្ថាន អនាម័យបានល្អទៀតផង។ ឯ.ឧបណ្ឌិត នូ ផល្លា ក៏បានបញ្ជាក់ថា ក្រោយពីការបង្កើតឲ្យមានអគ្គកុងស៊ុល នៅក្នុងខេត្តសៀមរាប អាជ្ញាធរខេត្ត និង ធ្វើកិច្ចសហការ ជាមួយឯកអគ្គកុងស៊ុល ឲ្យកិច្ចការទំនាក់ទំនងការទូតនេះដំណើរការបានទៅដោយជោគជ័យ និង គាំទ្រនូវរាល់សកម្មភាព របស់ឯកអគ្គកុងស៊ុល ទៅតាមសំណូមពរ និង ចូល រួមការសម្ភោធការិយាល័យអគ្គកុងស៊ុល នាពេលខាងមុខផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់ឯកអគ្គកុងស៊ុល សូមឲ្យធ្វើការជួយជម្រុញ ដល់អ្នកវិនិយោគកូរ៉េ ចូលមកវិយោគនៅខេត្តសៀមរាប សំខាន់លើវិស័យ ទេសចរណ៍ ដោយខេត្តសៀមរាប នូវមានការខ្វះខាតជាច្រើន សំខាន់នូវផ្សារទំនើប និង ទីកម្សាន្តធំៗ ។ ឯកឧត្តម បណ្ឌិតប្រធានក៏មានសង្ឃឹមផងដែរថា ក្រោយពីកូរ៉េបានបង្កើតកុងស៊ុលនៅខេត្តសៀមរាប និង មានប្រទេសជាមិត្តផ្សេងៗទៀតនឹងមកបង្កើតកុងស៊ុលនៅខេត្តសៀមរាបបន្ថែមទៀតជាក់ជាមិនខាន ៕ អត្ថបទ ម៉ី សុខារិទ្ធ