សិក្ខាសាលាផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៦នេះ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប មានបើកអង្គសិក្ខា សាលាថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៥ ក្រោមវត្តមានចូលរួមរបស់ឯកឧត្តម ប៉ូច សុវណ្ណឌី ទីប្រឹក្សាអមក្រសួងផែនការ និងជាអគ្គនាយករងផែនការ នៃក្រសួងផែនការលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមរបស់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរ ក្រុមប្រឹក្សាក្រុង ស្រុក ជាសិក្ខាកាមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងអំពីស្ថានភាពក្រីក្រនៅកម្ពុជា ត្រូវបានប្រមុខ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ រហូតទទួលបានទិន្នន័យគ្រួសារក្រីក្រដែលមានលក្ខណៈគួរឲ្យទុកចិត្តបាន។ ក្នុងនោះដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកនូវបទពិសោធន៍មួយចំនួន ដែលមន្ត្រីយើងបានអនុវត្ត និង ជួបប្រទះកន្លងមក ទៅលើការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៅតាមបណ្តាមូល ដ្ឋានមួយចំនួនផងដែរ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ ឯកឧត្តម ប៉ូច សុវណ្ណឌី ក៏បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយ ទស្សវត្សរ៍កន្លងមកនេះ បរិយាការនៃការគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា មានការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រង  តាមបែប មជ្ឈការក្នុងកម្រិតខ្ពស់ ទៅជាប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន តាមបែបវិមជ្ឈការ ក្នុងគោលបំណង ធ្វើឲ្យអាជ្ញាធរនៅ ថ្នាក់ក្រោមជាតិ អាចម្ចាស់ការគ្រប់គ្រង ដោះស្រាយរាល់ភារកិច្ចនៅមូលដ្ឋានបានឆាប់រហ័ស ទាន់ពេលវេលា និង ចំទិសដៅនៃបញ្ហា និង អាចប្រើប្រាស់អស់លទ្ធភាព នូវសក្តានុពលរបស់ខ្លួនផ្ទាល់ គួបផំ្សនឹងការឧបត្ថម្ភគាំទ្រពី រាជរដ្ឋាភិបាលរបស់ខ្លួន និង ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យឲ្យដល់មូលដ្ឋាន និង ធានានិរន្តរភាពនៃការអភិវឌ្ឍន៍ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ឯកឧត្តមបានបន្តទៀតថា ស្ថិតក្នុងដំណាក់កាល ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤.២០១៨ សម្រាប់អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដោយកំណត់នូវអាទិភាព នូវសូចនាករ ពេលវេលាច្បាស់លាស់ សម្រាប់អនុវត្ត និង កំណត់យន្តការសម្រាប់ធ្វើការត្រួតពិនិត្យ វាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល និង ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នទៅតាមមុំនីមួយៗ ដើមី្បឈានទៅ សម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% និង កាត់បន្ថយភាពក្រីក្រឲ្យបានលើសពី១% ក្នុងមួយឆ្នាំ  ដើមី្បទទួលបាន ផលចំណេញខ្ពស់ ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឈានឡើងពីប្រទេសមានចំណូល ទាប ឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ឯ.ឧ ប៉ូច សុវណ្ណឌី ក៏បានលើក ពីគោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើមី្បធានាប្រសិទ្ធភាពដល់ដំណើរការនីតិវិធី  អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រនៅតាមភូមិ ឃុំ សង្កាត់ និង ទទួលបានទិន្នន័យដែលអាចទុកចិត្តបាន  កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ  ក្នុងការជម្រុញល្បឿនការកាត់បន្ថយភាពក្រីក្រឲ្យបានឆាប់រហ័ស  ដើមី្បសម្រេចជោគជ័យ ក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា  ។  ដោយឡែកនៅ ខេត្តសៀមរាប កម្មវិធីបានអនុវត្តនៅភូមិជនបទ ចំនួន៩១២ភូមិ ដែលមានគ្រួសារសរុប ១៩០ពាន់១០៦គ្រួសារ ហើយការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រក៏ត្រូវបានបញ្ចប់ផងដែរ ដោយមានការទទួលស្គាល់ពីក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ ។ ម៉្យាងទៀតតាមរយៈមូលដ្ឋានទិន្នន័យគ្រួសារក្រីក្រ ក៏បានផលិតផងដែរ នូវប័ណ្ណសមធម៌ ព្រមទាំងបានធ្វើការចែកជូនដល់គ្រួសារក្រីក្រ សម្រាប់ប្រើប្រាស់ក្នុងការទទួលសេវា និង ជំនួយផ្សេងៗផងដែរ ។    ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើផងដែរ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារបស់ខ្លួ​ន ដើមី្បធានាឲ្យបានក្នុងការគ្រប់គ្រងអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងមូលដ្ឋានខ្លួន ៕ អត្ថបទ ម៉ី សុខារិទ្ធ

22 23 24 25 26 27