ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៦មិ្សលមិញនេះ ក្រុមប្រតិភូសិល្បករ សិល្បការិនី នៃមន្ទីរវប្បធម៌ ខេត្តណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក វូ ភៀង អនុប្រធានការិយាល័យ វប្បធម៌ សារព័ត៌មាន បោះពុម្ពផ្សាយ វិទ្យុភាពយន្ត បានធ្វើការសម្តែងសិល្បះ នៅសាលមហោស្រពស្នាមញញឹមអង្គរ ខេត្ត សៀមរាប ជូនដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សិស្ស និសិ្សត គរុសិស្ស ប្រមាណ៥០០នាក់ អញ្ជើញចូលរួម ទស្សនាកម្សាន្ត។ក្នុងការសម្តែងនោះដែរ ក៏មានវត្តមានរបស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាល ខេត្តផងដែរ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក វូ ភៀង ក៏បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កម្ពុជា ក្រសួងវប្បធម៌ និង វិចិត្រសិល្បះ ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានធ្វើការគាំទ្រ ក្នុងការរៀបចំកម្មវិធី មហោស្រពសប្តាហ៍វប្បធម៌អាស៊ាន ចិន ដោយបានជ្រើសរើសយកខេត្តប្រវត្តិសាស្ត្រសៀមរាប ក្នុងដំណើរឆ្ពោះ ទៅកាន់វប្បធម៌អាស៊ាន ។ លោកបានគូសបញ្ជាក់ថា វិស័យវប្បធម៌ គឺជាស្ពានចម្លងដ៏សំខាន់ ក្នុងការជម្រុញវិស័យ សេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរបស់ប្រជាជនផងដែរ ។ លោក វូ ភៀង បានបន្តទៀតថា មហោស្រពសប្តាហ៍ វប្បធម៌អាស៊ាន.ចិននេះ ក៏ជាការពង្រឹងនូវចំណងមិត្តភាព នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចខេត្ត ណាននីង និង ខេត្តសៀមរាប ។ លោកបានគូសបញ្ជាក់ផងដែរថា សកម្មភាពនៃការទំនាក់ទំនងវប្បធម៌ នូវដំណើរ ឆ្ពោះទៅកាន់វប្បធម៌អាស៊ាន ត្រូវបានទទួលការគាំទ្រពីបណ្តាប្រទេសអាស៊ាន ។ ម៉្យាងទៀតបេតិកភណ្ឌវប្បធម៌ ប្រជាប្រិយ៍ជនជាតិដ៏ថ្លៃថ្នូររបស់ប្រទេសចិន វាក៏ជារបស់ពិភពលោកផងដែរ ។ ដំណើរការចងដៃវប្បធម៌ជាមួយ អាស៊ាន ជាទំនាក់ទំនងសិល្បះមួយដែលឆ្លងវប្បធម៌ ហើយសិល្បះទាំងអស់ ជាមិត្តភ័ក្ត អាស៊ាន ជាមិត្តភាពយូរ អង្វែង ។ លោកក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងការសម្តែងរបស់ក្រុមសិល្បករ សិល្បការិនី នៅខេត្តសៀមរាប នាពេល នេះ នឹងនាំមកនូវភាពរីករាយ និង បានសិក្សាស្វែងយល់អំពីវប្បធម៌របស់ខេត្តណាននីង ព្រមទាំងបានធ្វើ ការផ្លាស់ ប្តូរអំពីវប្បធម៌នៃប្រទេសទាំងពីរផងដែរ ។
មានប្រសាសនោះដែរលោកស្រី យូ សុភា ក៏បានបញ្ជាក់ថា ក្នុងការសម្តែងរបស់ប្រតិភូក្រុមសិល្បះ នៃ មន្ទីរវប្បធម៌ខេត្តណាននីង ក្នុងកម្មវិធីមហោស្រពសប្តាហ៍វប្បធម៌អាស៊ាន.ចិន នៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ដែលជាទឹកដីពោពេញទៅដោយសក្តានុពលផ្នែកវប្បធម៌ និង ទេសចរណ៍ ។ លោកជំទាវបន្តទៀតថា យោងតាម ប្រវត្តិសាស្ត្រនៃការទំនាក់ទំនងគ្នារវាងកម្ពុជា ចិន ដែលជាប្រទេសមានវ័យចំណាស់ជាងគេលើវិស័យវប្បធម៌ នៅ ក្នុងតំបន់ ។ ម៉្យាងទៀតកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈចម្លាក់ គំនូរ អគារ សាសនា ស្ថាបត្យកម្ម និង រឿងព្រេងទិទៀនជាដើម ។ តាមរយៈនៃកិច្ចទំនាក់ទំនងពីបុរាណកាលមកនោះ បាន ផ្តល់ប្រយោជន៍យ៉ាងច្រើន ក្នុងកិច្ចការនយោបាយ សេដ្ឋកិច្ច វប្បធម៌នៃប្រទេសទាំងពីរ ។ លោកស្រី យូ សុភា ក៏បានលើកផងដែរ អំពីប្រពៃណីនៃកិច្ចទំនាក់ទំនង និង សហប្រតិបត្តិការល្អនឹងគ្នា បានកំពុងស៊ីជម្រៅ និង គ្រប់ ជ្រុងជ្រោយលើគ្រប់វិស័យ ។ ចំពោះវិស័យវប្បធម៌និងសិល្បះ ប្រទេសទាំងពីរ និងកំពុងពង្រីក ពង្រឹងកិច្ចសហ ប្រតិបត្តិការ និង បានធ្វើការផ្លាស់ប្តូរ ក្នុងក្របខណ្ឌ័អាស៊ាន ក្នុងគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន គឺជាភាពដៃគូយុទ្ធសាស្ត្រ សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជាចិន ក្នុងវិស័យវប្បធម៌សម្រាប់ ឆ្នាំ២០១៣.២០១៨ ។ លោកជំទាវក៏បានគូសបញ្ជាក់ថា ការសម្តែងសិល្បះក្នុងពេលនេះ គឺមានសារៈសំខាន់ សម្រាប់ស្ថាប័នវប្បធម៌នៃប្រទេសទាំងពីរ ដើមី្បធ្វើការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា ហើយក៏ជាការផ្សាភ្ជាប់ទំនាក់ ទំនងរវាងក្រុងសៀមរាប និង ក្រុងណាននីង ។
ក្នុងការសម្តែងល្ខោន កុកងឺចិន ជាការទាក់ទាញទស្សនិកជនជាតិ អន្តរជាតិ ព្រមទាំងបានធ្វើការផ្លាស់ប្តូ នូវបទពិសោធន៍នៃការសម្តែងល្ខោននៅប្រទេសអាស៊ាន ។ ក្នុងការសម្តែងល្ខោនកុកងឺ នាឱកាសនោះ ក្នុងសាច់រឿង មូលានសង្រ្គោះម្តាយ ក្នុងការរួមចំណែកជាមួយក្បួនទស្សនវិជ្ជានៃការស្មោះត្រង់ សប្បុរស រួមចំណែកសច្ចភាពថ្លៃថ្នូរនៃមនុស្សលោក ៕ អត្ថបទ ម៉ី សុខារិទ្ធ