ខេត្តសៀមរាប ៖ ដើមី្បពង្រឹង និង ពង្រីកលើវិស័យទេសចរណ៍នៅខេត្តប្រវត្តិសាស្ត្រសៀមរាប នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ប្រចាំត្រីមាសទី៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមាន ការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ព្រមទាំងបងប្អូនអ្នកប្រកបសេវាកម្មទេសចរ ក្នុងខេត្តប្រមាណជាង ៣០០នាក់ចូលរួម ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ក្រោមដំបូលសន្តិភាព នៃ គោលនយោបាយឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យគ្រប់វិស័យមានការអភិវឌ្ឍន៍រីក ចម្រើន សំខាន់វិស័យទេសចរណ៍ខេត្តសៀមរាប ដែលសម្រេចបានក្នុង ឆ្នាំ២០១៦កន្លងមក គឺមានអត្ថន័យធំធេងបង្កលក្ខណៈសម្បត្តិអំណោយផលសម្រាប់យើងទាំងអស់គ្នាបន្តបោះជំហាន ទៅរកវឌ្ឍនភាពថ្មីៗបន្ថែមទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល កម្មវិធីជាតិ និងផែនការការងារផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ឲ្យទទួល បានជោគជ័យ ។ ឯកឧត្តមបណ្ឌិត បានបន្តទៀតថា កិច្ចប្រជុំនេះ ដោយផ្តល់នូវកាលានុវត្តភាពដល់ផ្នែកឯកជន ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតបានប្រមូលផ្តុំនូវទស្សនៈ និងបញ្ញាញាណតាមរយៈការពិភាក្សាផ្លាស់ប្តូរយោបល់ និងពិនិត្យមើលរួមគ្នាអំពីកិច្ចការទាំងឡាយ ដែលវិស័យទេសចរណ៍ខេត្តសម្រេចបានកន្លងមក និង រួមគ្នាសហការដោះស្រាយបញ្ហាប្រឈមនានា ក្នុងស្មារតីស្ថាបនា កែលំអរ ដើម្បីស្វែងរកធាតុចូលជាគន្លឹះសំខាន់ៗសំរាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការការអនុវត្តការងារឲ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធិភាពខ្ពស់នាពេល អនាគត ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍នៅ ក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ប្រចំាឆ្នំា២០១៦ បានបញ្ជាក់ថា អាស៊ានបានបង្កើតឲ្យមានកម្មវិធីប្រឡងប្រណំាងក្រុងទេសចរណ៍ស្អាតអាស៊ានមួយ ដែលកម្មវិធីនេះត្រូវឲ្យប្រទេសជាសមាជិកអាស៊ានទំាងអស់ ដាក់ក្រុងដែលទេសចរណ៍របស់ខ្លួនទៅធ្វើការប្រគួតប្រជែង។ សម្រាប់កម្ពុជា យើងបានដាក់ក្រុងទេសចរណ៍សំខាន់ៗចំនួន៧ទៅប្រគ្រួតប្រជែង ក្នុងនោះក៏មាន ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះសីហនុ ក្រុងភ្នំពេញ ក្រុងកែប ក្រុងកំពត និង កំពង់ចាម ។ ឯកឧត្តម បណ្ឌិតបានបន្តទៀតថា កម្មវិធីប្រឡងប្រណំាងក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺ ផ្តោតសំខាន់ទៅលើការបញ្ចូលព័ត៌មានទេសចរណ៍ និង គុណភាពនៃការផ្តល់សេវាកម្មទេសចរណ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បាន រំពឹងផងដែរថា ក្រុងទេសចរណ៍មួយចំនួនរបស់កម្ពុជាដែលបានដាក់ទៅប្រគួតប្រជែកនេះនិងមានជាប់ចំណាត់ថ្នាក់ល្អជាងនោះ គឺក្រុងសៀមរាបនេះតែម្តង ។ បច្ចុប្បន្ននេះយើងកំពុងតែខិតខំធ្វើឲ្យក្រុងសៀមរាបកាន់តែភាពស្រស់ស្អាត ប្រកបដោយបៃតង គុណភាពសេវាកម្មល្អ ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា នៅពេលក្រុងទេសចណ៍របស់ កម្ពុជាបានជាប់ជាក្រុងទេសចរណ៍ស្អាតក្នុងអាស៊ាន អ្នកទេសចរណ៍និងចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា លទ្ធផលនៃប្រឡងប្រណំាងក្រុងទេសចរណ៍ស្អាតអាស៊ាននេះ និងធ្វើការប្រកាសនៅប្រទេសថៃនៅក្នុងឆ្នំា២០១៨ខាងមុខនេះ ៕ អត្ថបទ ម៉ី សុខារិទ្ធ