ខេត្តសៀមរាប ៖ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប មានបើកអង្គសិក្ខាសាលា ស្តីពីការសិក្សាស្វែងយល់ប្រមូល ទិន្នន័យសម្រាប់ តម្រូវការអាទិភាព អនុគម្រោងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហាន២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីជាសមាជិក ក្រុមសិក្សាគម្រោង ADB និង ក្រុមប្រឹក្សាគម្រោង រួមទាំងមន្ត្រីមន្ទីរជំនាញ ផងដែរ ។
ក្នុងកិច្ចស្វាគមន៍នោះដែរលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ក៏បានលើកផងដែរ ពីគោលបំណងនៃអង្គសិក្ខាសាលានេះ គឺពិនិត្យកាលវេលាសម្រាប់គម្រោង ក្នុងការអនុវត្តការវាយតម្លៃ ឆាប់រហ័សមួយ និង ការរៀបចំផែនការរយៈពេលមធ្យម ដែលបានផ្តល់អាទិភាពក្នុងផែនការវិនិយោគ ដើមី្ប កំណត់ជម្រើសបច្ចេកទេសដែលល្អបំផុត ហើយអាចលៃលកបានទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច បរិស្ថានល្អ និង លក្ខ័ណដែលអាចទទួលយកបានជាសាធារណៈដោយគោរពក្របខណ្ឌច្បាប់ គោលការណ៍ និង ស្តង់ដារជាតិ និង អន្តរជាតិ ។ លោកក៏បានឲ្យដឹងផងដែរថា ក្រុងចំនួន០៦ ដែលមាន ក្រុងកំពង់ឆ្នាំង , ពោធិសាត់ , ស្ទឹងសែន , សេរីសោភ័ណ , បាត់ដំបង និង ក្រុងសៀមរាប ។ ម៉្យាងទៀតគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ក្រុងនៅអាស៊ី ក្នុងការសិក្សា បុរេ សមិទ្ធិផលភាពសម្រាប់គម្រោងសមាហរណកម្មគ្រប់គ្រងតំបន់ទីប្រជុំជន ទន្លេសាប ២ ។ លោកក៏បានលើកផងដែរ ពីការវិនិយោគជាច្រើន លើការងារប្រព័ន្ធប្រមូលទឹកស្អុង និង រំដោះទឹកភ្លៀងក្នុងខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរលោក ពិន ប្រាកដ ក៏បានគូសបញ្ជាក់ថា ការសិក្សាស្វែងយល់ប្រមូលទិន្នន័យ សម្រាប់តម្រូវការអាទិភាព របស់អនុគម្រោងនៃគម្រោងកែលម្អ និង គ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប ជំហាន២ បានដំណើរការទៅដោយរលូន និង ទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង ។ លោកបានបន្តទៀតថា អង្គសិក្ខាសាលាថ្ងៃនេះ ក្នុងគោលបំណងលើការគ្រប់គ្រងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ការពាប្រភពធម្ម ជាតិបឹងទន្លេសាប ដោយមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធក្រុង ដូចជាប្រព័ន្ធបណ្តាញលូ ប្រព័ន្ធចម្រោះ សម្អាត ទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ និង ការគ្រប់គ្រងសម្រាម ដែលជាវិធានការការពារក្នុងការបំពុលផ្ទៃទឹក ជុំវិញ បឹងទន្លេសាប ។ ក្នុងនោះខេត្តសៀមរាបក៏បានអនុវត្តគម្រោងកែលម្អ លើការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹង ទន្លេសាបជំហាន២ រួមមានការសាងសង់ប្រព័ន្ធបណ្តាញទឹកសំណល់ សម្រាប់តំបន់គ្រប់ដណ្តប់ ADB និងEDCF ដែលជាគម្រោងកូរ៉េ និង សាងសង់បណ្តាញលូមេបង្ហូរទឹកភ្លៀង កែលម្អជួសជុលបណ្តាញលូចាស់ៗក្នុងក្រុង និង សាងសង់ប្រព័ន្ធភ្ជាប់សេវា ។ ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានលើកនូវអនុសាសន៍របស់រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូនដែលបានលើកឡើងផងដែរ ។ លោកក៏បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវបង្កើនយកការទុកដាក់ ក្នុងការត្រង់ត្រាបស្តាប់ការឧទេ្ទសរបស់វាគ្មិន ដើមី្បជាគ្រឹះមួយសម្រាប់យកទៅអនុវត្ត នៅក្រុងសៀមរាប ដែលជាក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរណ៍ នៅលើ ពិភពលោកចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតការទទួលបានជាសាកលនូវប្រព័ន្ធគ្រប់គ្រងសំណល់ ជាសមា ហរណកម្មមួយ គឺ ដើមី្បធ្វើឲ្យប្រសើរឡើង នូវសុខភាពសាធារណៈ និង គាំទ្រការពារបរិស្ថានរហូតដល់ឆ្នាំ ២០៣៥ ដើមី្បផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជា ៕ អត្ថបទ ម៉ី សុខារិទ្ធ