មន្ទីរពេទ្យកុមារអង្គរ(ខេត្តសៀមរាប)សង្ឃឹមលើការចូលរួមបរិច្ចាកថវិកាពីសប្បុរសជនជាមួយនឹងព្រឹត្តិការណ៍ ប្រឡងកញ្ញាឯក Miss The Moon


​ខេត្តសៀមរាប ៖ ក្រុមហ៊ុនស្បែកជើងម៉ាក ឌឹ មូន និងក្រុមហ៊ុននាឡិកាម៉ាកអាយវ៉ច សហការជាមួយផ្នែកឯកជនក្នុងខេត្តសៀមរាបមួយចំនួនបានរៀបចំព្រឹត្តិការណ៍ ប្រឡងកញ្ញាឯក មីស ឌឺមូន វគ្គផ្តាច់ព្រ័ត្ត តាមរយៈការដើរបង្ហាញម៉ូដនិងពិសារអាហារ រៃអង្គាសប្រមូលថវិកាមួយចំនួន ដើមី្បជួយទ្រទ្រង់ដល់សកម្មភាពការងារជួយព្យាបាលជម្ងឺ និង ជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ដោយឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប សម្រាប់ប្រើប្រាស់ ក្នុងការផ្តល់សេវាព្យាបាល កាលរាត្រីចុងសប្តាហ៍ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារឡឺមីរីឌាន អង្គរ សៀមរាប ។

ព្រឹត្តិការណ៍ Miss The Moon លើកទី១ក្រោមប្រធានបទ តើនរណា ដែលនឹងសាកសមបំផុត សម្រាប់តំណែង បេក្ខនារីជ័យលាភី ទទួលពានរង្វាន់ និងទឹកប្រាក់សុទ្ធ១០លានរៀល ។ ក្នុងគោលបំណងលើកទឹកចិត្តដល់យុវតី និង យុវនារីខ្មែរឲ្យមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនជាសាធារណៈ និង បង្ហាញស្នាដៃកូនខ្មែរ  ក្នុងការផលិតផលស្បែកជើងនារីចូលរួមលើកកំពស់ស្ត្រីក្នុងសង្គម  ព្រមទាំងជម្រុញដល់យុវជន យុវនារីខ្មែរជំនាន់ក្រោយ ស្វែងយល់អំពីការចូលរួមអភិវឌ្ឍន៍សង្គម ដូចជាការចូលរួមថែរក្សាបរិស្ថាន​   ដើម្បីស្វែងរកថវិកាមួយចំនួនជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ និង ចូលរួមចំណែកទាកទាញភ្ញៀវទេសចរមកទស្សនា ក្រៅពីការទស្សនាតំបន់ប្រាង្គប្រាសាទ ជាសម្បត្តិបេតិភណ្ឌដ៍មានតម្លៃរបស់យើងទាំងអស់គ្នា ។  ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមរបស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង លោកជំទាវ  ញ៉ែម មរកត អនុរដ្ឋលេខាធិ ការក្រសួងកិច្ចការនារី  រួមទាំងបងប្អូនជាសប្បុរសជនជាតិ អន្តរជាតិផងដែរ ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ ម្ចាស់ហាងរចនានិងលក់ស្បែកជើង The Moon  និង  ចំណាប់អារម្មណ៍ របស់ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការនៅឆ្នាំ១៩៩៩ ក្រោមកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា មានបេសកកម្មផ្តល់សេវាសុខភាពប្រកបដោយក្តីមេត្តាករុណា និងគុណភាពខ្ពស់ដល់កុមារកម្ពុជា ប្រមាណពី៥០០ទៅ ៦០០នាក់ក្នុងមួយថ្ងៃដោយមិនគិតកម្រៃ  និង បានរួមចំណែកពង្រឹងប្រពន្ឋ័សុខាភិបាលកម្ពុជា  តាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាកនិងមន្ត្រីសុខាភិបាលជាច្រើនទៀត ។

លោកស្រី យូ សុភា បានលើកឡើងថា ខេត្តសៀមរាបគឺជាអតីតរាជធានីអាណាចក្រអង្គរ ដែលជា ជាក្រុងប្រវត្តិសាស្ត្រដ៏ល្អឯក ប្រកបទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែប នៅក្នុងតំបន់អាស៊ី ។ ម៉្យាងទៀត គឺ ជា​កេរ្តិ៍មរតក ស្នាដៃដូនតាខ្មែរយើងបានបន្សល់ទុក  ហើយបានកំពុងក្លាយជាតំបន់គោលដៅនៃភ្ញៀវទេសចរ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។  លោកជំទាវក៏បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ចំពោះកុមារ ដែលជាទំពាំងស្នងឬសី្ស ដែលជាប្រភពនៃ ធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍ជាតិកម្ពុជា។ ម៉្យាងទៀតការប្រកួតកញ្ញាឯកសម្រាប់ផលិតផលម៉ាក ដឺមួន (បាយ ខាវ៉ាវ៉ាស ហ្វាសិន ហ៊្សូខូ អិធីឌី) ​គឺជាការរួមចំណែកជាមួយមន្ទីរពេទ្យកុមារអង្គរ  ដើមី្បធ្វើការប្រមូល នូវថវិកា ពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ  ក្នុងការទ្រទ្រង់ដល់សកម្មភាព ក្នុងការពិនិត្យព្យាបាលរបស់ មន្ទីរពេទ្យកុមារអង្គរ ក៏ជាការទ្រទ្រង់នូវអាយុជីវិតកុមារកម្ពុជាផងដែរ។  លោកស្រី យូ សុភា ក៏បានបន្ត ទៀតថា ការបង្កើតឲ្យមានសកម្មភាពនេះឡើង ក៏ជាការចូលរួមលើកកម្ពស់ និង លើកទឹកចិត្តដល់យុវតី និង យុវនារីខ្មែរឲ្យមានភាពក្លាហាន ក្នុងការបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនជាសាធារណៈ និង បង្ហាញស្នាដៃកូនខ្មែរ  ព្រមទាំងជំរុញដល់យុវជន យុវនារីខ្មែរជំនាន់ក្រោយ ស្វែងយល់អំពីការចូលរួមអភិវឌ្ឍន៍សង្គមដូចជាការចូលរួមថែរក្សាបរិស្ថានក្រុងប្រវត្តិសាស្ត្រសៀមរាបផងដែរ ។ លោកជំទាវ ក៏មានសង្ឃឹមផងដែរថា តាមរយៈនៃ កម្មវិធីរាត្រីសប្បុរសធម៌ ដើមី្បស្វែងរកថវិកាទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ នឹងទទួលបាននូវឧត្តមប្រយោជន៍ សម្រាប់កុមារកម្ពុជាយើង៕ អត្ថបទ ម៉ី សុខារិទ្ធ