កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


ខេត្តសៀមរាប ៖ នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត​ ឃឹម ប៊ុនសុង ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមសំណាក់ឯកឧត្តម ជាគណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការ និង អស់លោក លោកស្រីជា ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ។

បន្ទាប់ពីឯកឧត្តមបណ្ឌិតប្រធានបានបើកកិច្ចប្រជុំ និង ដាក់នូវរបៀបវារៈកិច្ចប្រជុំរួចមក និង ការស្តាប់នូវសេចក្តីរាយការណ៍ របស់បណ្តាកងឯកភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅ តាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ព្រមទាំងការលើនូវផែនការសម្រាប់អនុវត្តបន្តរួចមក អង្គប្រជុំទាំងមូលក៏បានធ្វើកិច្ចពិភាក្សាអំពីបញ្ហារៀបចំផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ , ចាត់វិធានការបង្រ្កាបបទល្មើស នេសាទ ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និង ការពង្រឹងអនុវត្តសារាចរលេខ១១ សរ របស់រាជរដ្ឋាភិបាល ក្នុង ការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។  ក្នុងនោះសមាជិកអង្គប្រជុំ ក៏បានពិភាក្សាស៊ីជម្រៅ ដោយបានផ្តោតខ្ពស់លើគម្រោងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំសកល ពេលខាងមុខនេះផងដែរ ។

ឆ្លងតាមកិច្ចពិភាក្សានៃកិច្ចប្រជុំហើយនោះ មានប្រសាសន៍បូកសរុបនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីរបាយការណ៍តាមបណ្តាកងឯកភាពរបស់ខេត្ត ដែលបានលើកឡើងផងដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានដាក់នូវបទបញ្ជា និងវិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប  ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព  ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ សម្ខាន់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។  ចំពោះបញ្ហាគ្រឿងញៀន ​បទល្មើសនេសាទ ការកាប់ទន្រ្ទានព្រៃ ឈើយកដីធ្វើកម្មសិទ្ធិ បញ្ហាការយកផាស៊ីផ្សារអ្នកលក់ដាក់កញ្ច្រែង កញ្ជើ ល្អី  ដែលជាបញ្ហាដ៏ក្តៅគគុក ដែលប្រមុខ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ ចំពោះគ្រឿងញៀនត្រូវកំណត់មុខសញ្ញាអ្នកញៀន នឹងក្លាយទៅជាអ្នកធ្វើសកម្មភាព ក្នុងការជួញគ្រឿងញៀន និង ត្រូវមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការកំណត់ឲ្យ បាននូវមុខសញ្ញា ដើមី្បប្រមូលផ្តុំជនញៀនទាំងនោះ ចូលទៅក្នុងមជ្ឈមណ្ឌលកែប្រែបន្សាបគ្រឿងញៀន និង បន្តចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាព ការត្រួតពិនិត្យគ្រឿងញៀន  ។  ឯកឧត្តម បណ្ឌិត  ឃឹម ប៊ុនសុង ក៏បានដាក់នូវវិធានការណ៍ មួយចំនួនចំពោះអាជ្ញាធរ ថ្នាក់ដឹកនាំ មន្ត្រី និង សមត្ថកិច្ច រួម ទាំងក្រុមគ្រួសារ ត្រូវឲ្យនៅឆ្ងាយពីគ្រឿងញៀន និង ត្រូវបញ្ចប់នូវប្រពៃណីការធ្វើអន្តរាគមន៍ ចំពោះបញ្ហាគ្រឿង ញៀន និង បទល្មើសផ្សេងៗ ។ ចំពោះបញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប  គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាឲ្យបានល្អ  ក្នុងការលុបបំបាត់បទល្មើសនេសាទឲ្យ ខាងតែបាន និង ត្រូវកំណត់មុខសញ្ញាដែលជាអ្នកប្រព្រឹត្តបទល្មើស ព្រមទាំងកំណត់នូវឧបករណ៍បទល្មើស ទៀតផង ។ ម៉្យាងទៀតទាំងសមត្ថកិច្ច មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរ ត្រូវនៅឲ្យឆ្ងាយចំពោះបទល្មើសនេសាទ មិនត្រូវធ្វើការឃុបឃឹតនិងជនល្មើស ដើមី្បផលប្រយោជន៍ខ្លួន គឺត្រូវទទួលខុសត្រូវចំពោះច្បាប់  ។ ឯកឧត្តមបណ្ឌិតក៏បាន បញ្ជាក់ថា យុទ្ធនាការនេះ គឺគ្រប់ បណ្តាក្រុង ស្រុក ត្រូវអនុវត្តសារាចរណែនាំ​របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឹងម៉ាត់ នឹង​មានកិច្ចសហការគ្នាឲ្យបានល្អ រវាងស្រុក ខេត្ត ជាប់ព្រំប្រទល់គ្នា ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា អាជ្ញាធរក្រុង ស្រុក គ្រប់គ្រង ឲ្យបាននូវអ្នកគ្រប់គ្រងផ្សារ និង ការយកផាស៊ី ឲ្យបានត្រឹមត្រូវតាមសៀវភៅបន្ទុក  ពិសេសមិនឲ្យយកផាស៊ី ចំពោះប្រជាពល រដ្ឋលក់ដូរ ដាក់តាមកញ្ច្រែង កញ្ជើ ល្អី ឡើយ តែបើនៅតែយកពីពួកគាត់នោះ  អាជ្ញាធរមានសិទ្ធក្នុងការ លុប ឬ រំសាយគណៈកម្មការគ្រប់គ្រងផ្សារនេះជាបន្ទាន់ ចំពោះផ្សាររបស់រដ្ឋ ឬ ផ្សារសម្តេចតេជោបានសាងសង់ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ចំពោះផ្សារលើធំថ្មី ដែលបានបង្កឲ្យមានភាពអាណាធិបតេ្តយ្យ ទាំងបរិស្ថាន  អនាម័យ ការថតយានយន្តគ្នាសណ្តាប់ធ្នាប់ បង្ក ឲ្យប៉ះពាល់ដល់សារាចរណ៍សាធារណៈទៀតផង ។ ចំពោះបញ្ហាការគ្រប់គ្រងបរិស្ថាននៅលើខ្នងភ្នំគូលេន បានកំពុងបង្កនូវភាពវិនាសព្រៃឈើលើខ្នងភ្នំ ដែលជាប្រភពក្បាលទឹក ផ្តល់ មកក្រុងសៀមរាប ។ ឯកឧត្តមក៏សូមឲ្យមន្ទីរជំនាញ និង អង្គភាពពាក់ព័ន្ធរួមសហការគ្នា ក្នុងការបញ្ចប់នូវបទល្មើស ព្រៃឈើ និង កំណត់មុខសញ្ញាឲ្យបាន ដើមី្បធ្វើការអប់រំ ឬ អនុវត្តទៅតាមផ្លូវច្បាប់ ។ ឯកឧត្តមបណ្ឌិត ក៏ក្រើនរំលឹក ដល់គ្រប់សាមីអង្គភាពទាំងអស់ ឯកឧត្តមមិនចង់ដឹងចង់ឃើញនូវរបាយការណ៍ក្នុងការបង្រ្កាបនោះឡើយ គឺចង់ឃើញគ្មានកើតនូវបទល្មើសទាំងឡាយនៅលើទឹកដីខេត្តសៀមរាបតែប៉ុណ្ណោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ

627 628 629 630 631 632 633 634