ពិធីបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៦ បានធ្វើពិធីបើកសន្និបាទបូកសរុប លទ្ធផលការងារឆ្នាំ២០១៦ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាប ក្រោម​អធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  ​ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត  អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និង មន្ត្រីរាជការ សរុបចំនួន ៤០០នាក់ដែលបានចូលរួម ។

មានប្រសាសន៍បើកអង្គសន្និបាតនាឱកាសនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០១៧ របស់រដ្ឋបាលសាលាខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ   ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ នៃអណត្តិទី៥ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ម៉្យាងទៀត ដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ   យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងនូវគំនិតនៃការរីកចម្រើន ក្នុងការអភិវឌ្ឍន៍ និង ការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌  ដែលបានកំពុង ទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកំសាន្ត នៅតាមតំបន់រមនីយដ្ឋានវប្បធម៌ និង ធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង  ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អស់លោក លោកស្រី ជាសមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្ខាន់សន្តិសុខទេសចរណ៍ និង ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និង លើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម ។ ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការ ដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាព​ដល់គ្រប់ប្រតិបត្តិករ ក្នុងវិស័យសាធារណៈ និង ឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្ប ប្រមូលផ្តុំនូវទស្សនៈ បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត  ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗ​នូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬ អនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋាន ​ក្នុងការ កែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានស្នើសុំឲ្យអង្គសន្និបាត ទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើ ផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ , បទល្មើសព្រៃឈើ ជលផល , ល្បែងស៊ីសង .គ្រឿងញៀន និង ការជួញដូរផ្លូវភេទ ,ការផ្តល់សេវាសាធារណៈ , ការដោះស្រាយទំនាស់ ដីធ្លី ការផ្តល់ប័ណ្ណកម្មសិទ្ធ ការអនុញ្ញាតច្បាប់សាងសង់ ការគ្រប់គ្រងដីរដ្ឋ , ការគ្រប់គ្រងដីចំណីផ្លូវ , ការរៀបចំ​បណ្តាញរចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ ការរៀបចំសោភ័ណ្ឌភាព  ការសម្អាតអនាម័យបរិស្ថានក្នុងក្រុង និង ទីប្រជុំជន ព្រមទាំងលើកនូវវិធានការ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដោយធម្មជាតិ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង ការពារ ភ្លើងឆេះព្រៃជាដើម ។ ឯកឧត្តមបណ្ឌិតមានការសង្ឃឹមជឿជាក់យ៉ាងម៉ុតមាំ តាមរយៈនៃអង្គសន្និបាតនេះ ​យើងនឹង  បាននូវលទ្ធផលជាផ្លែផ្កា ជាវិជ្ជមាន ប្រកបដោយមោទនភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ

635 639 640 641 642 643 644 645 647 648 649 636