សកម្មភាពទទួលសាទរចូលឆ្នាំសាកល ២០១៦ ឆ្លងចូល ២០១៧ នៅលើទឹកដីបុរាណប្រវត្តិសាស្ត្រ ខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅរៀងរាល់បណ្តាឆ្នាំ ក្រុងបុរាណវប្បធម៌ប្រវត្តិសាស្រ្តខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទឹកដីនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដែលជាសំណង់សត្យកម្មស្នាដៃឯកដែលបន្សល់ទុកពីបុព្វបុរសខ្មែរយើង ដែលពោរពេញទៅដោយ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ បានក្លាយជាគោលដៅភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្ត និងតែងតែបានត្រៀម និង រៀបចំទទួលអបអរសាទរ ស្វាគមន៍ចំពោះវត្តមានភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ រួមទាំងភ្ញៀវជាធុរជនបរទេស ជាច្រើនម៉ឺននាក់ ដើម្បីចូលរួមប្រារព្ធបុណ្យចូលឆ្នាំសាកល ២០១៧

នៅក្នុងសកម្មភាពនៃរាត្រីនាឱកាសបុណ្យឆ្លងឆ្នាំសាកល ២០១៦ ចូលឆ្នាំ២០១៧ ក្រុងសៀមរាប ក៏មានមោទនភាពក្រៃលែង ដែលបានទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរអន្តរជាតិឆ្លងប្រទេស និង ឆ្លងទ្វីប មកពីបណ្តាប្រទេសជិតឆ្ងាយនៅលើពិភពលោក មកជួបជុំគ្នា ដើម្បីទទួលការសប្បាយរីករាយ ជាមួយនឹងការទទួលយកនូវសុភមង្គលថ្មី ឆ្នាំថ្មី ឆ្នាំ២០១៧ ។ នារាត្រី ថ្ងៃទី៣១ធ្នូនេះ ការជួបជុំរបស់ភ្ញៀវទេសចរ ស្ទើរគ្រប់ទិសទីក្នុងក្រុងសៀមរាប ដែលក្នុងនោះ ទីតាំងដែលត្រូវបានប្រារព្វ រាត្រីឆ្លងឆ្នាំ គឺនៅតាមបណ្តាសណ្ឋាគារនានា ចាប់ពីផ្កាយ៣  ដល់លំដាប់ផ្កាយ៥ និង ភោជនីយដ្ឋាន រួមទាំងនៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏បានរៀបចំធ្វើការជួបជុំបងប្អូន ញាតមិត្តអបអរសាទឆ្នាំសកលនេះផងដែរ ។ ក្នុងនោះដែរអាជ្ញាធរខេត្តសៀមរាប ក៏បានរៀបចំតុបតែងលម្អ ដោយភ្លើងគ្រប់ព័ណ៌ នៅតាមដងផ្លូវធំៗ ស្ពាន និង​ សួនច្បារ ដើមី្បលើកសម្រស់សោភណ្ឌភាពក្រុងបុរាណប្រវត្តិសាស្ត្រ និង ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទស្សនាកម្សាន្ត ។ និយាយដោយឡែក សម្រាប់ការណាត់ជួបដ៏ធំបំផុត របស់ភ្ញៀវជាតិ និង អន្តរជាតិ ក្នុងរាត្រីឆ្លងឆ្នាំនេះ គឺនៅក្នុងតំបន់ផ្សារចាស់ ផាប់ស្ទ្រីប ដែលមានក្រុមមនុស្សដ៏កកកុញ បានជួបជុំគ្នារាំលេងកំសាន្ត កំដរបរិយាកាសរង់ចាំវិនាទីចុងក្រោយ សម្រាប់ការចូលឆ្នាំថ្មី ២០១៧  ។

នារាត្រីនោះដែរក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ឯ.ឧបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ រួមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក៏បានចូលរួមក្នុង ពីធីសាទរចូលឆ្នាំសកល ២០១៧នេះផងដែរ ។

តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក្នុងឱកាសនារាត្រីថ្ងៃឆ្លងឆ្នាំបានឲ្យដឹកថា  ទាំងភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋក្នុងខេត្ត ក្រៅខេត្ត ដែលបានអញ្ជើញចូលមកទទួលសាទរថ្ងៃចូល ឆ្នាំ សកល ២០១៦.២០១៧ នេះ មានចំនួនប្រមាណ ជាង២០ម៉ឺននាក់ នៅក្នុងរាត្រីថ្ងៃទី៣១នេះ នៅលើគោលដៅ ចំនួនបី គឺ សួនច្បារមុខមហាសណ្ឋាគារអង្គរ តំបន់ផាប់ស្ទ្រីប និង អង្គរឃ្យុងយូរ ។ ឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងទៀត ថា ចំពោះភ្ញៀវទេសចរណ៍បរទេស ក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ហើយចំពោះការងារសន្តិសុខ សណ្តាប់ ធ្នាប់ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងធានានូវសុវត្ថិភាពជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យ ឆ្លងឆ្នាំសកលនេះ តែនៅចោទជាបញ្ហាការកកស្ទះចរាចរណ៍ ដោយស្ថានភាពផ្លូវក្នុងក្រុង មានការតូចចង្អៀត មិនអាច ធានាបាននូវកំណើននៃយានយន្តឡើយ  ។

វត្តមានរបស់ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរឆ្លងទ្វីប ដើម្បីប្រារព្វពិធីឆ្លងឆ្នាំនៅលើដែនដីប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា គឺពិតជាមិនធម្មតានោះទេ  សម្រាប់ការវាស់ជម្រៅមនោសញ្ចេតនាដែលប្រកបទៅដោយការ ស្រឡាញ់រាប់អានចំពោះវប្បធម៌ខ្មែរនោះ ។ ជាមួយនឹងការផ្តល់នូវតម្លៃជាមោទនភាពដ៏ខ្ពង់ខ្ពស់នេះ ទោះបីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ហើយបុណ្យឆ្លងឆ្នាំសាកលនេះ ជាប្រពៃណីបែបបស្ចឹមប្រទេស និង ជាប្រពៃណីរបស់គ្រីស្គបរិស័ទយ៉ាងណាក៏ដោយ ក៏មានប្រជាពលរដ្ឋកម្ពុជា ទាំងអ្នកកាន់ព្រះពុទ្វសាសនា ឬ ក៏ដូចអ្នកកាន់សាសនាគ្រីស្គ ត្រូវបានចូលរួមអបអរសាទរ សប្បាយរីករាយចូលឆ្នាំថ្មីទាំងអស់គ្នាដែរ ។  ប្រការដ៏ជាក់ច្បាស់ខាងលើ គឺជាកត្តាបង្ហាញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កើតឡើងនូវបរិយាកាសសង្គមមួយ ដែលជាជោគជ័យនៃការរើបម្រះរបស់មនុស្សជាតិ ចាកចេញពីការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ  នៃពិភពលោក ហើយក៏ជាការកត់សម្គាល់កាន់តែប្រសើរថែមទៀតនោះ គឺការបង្ហាញ ពិភពលោកឲ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺជាសមុទ្របេះដូង គ្មានការរើសអើងពូជសាសន៍ និង សាសនា  ព្រមទាំងជាពិភពដ៏សុខក្រេមក្សាន្តនៃមនុស្សជាតិ  ហើយក៏ជាការបង្ហាញពីសិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោមដំបូលសន្តិភាព នៃថ្ងៃជ័យជំនះ៧មករា និង ភាពជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋា ភិបាល ក៏ដូចអាជ្ញាធរខេត្ត របស់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

697 698 699 700 701 702 703 704 705 706 707 708 709 710 711 712 713 714 715 716 717 718 719