ខេត្តសៀមរាប ៖ នាវេលាម៉ោង ១៥ និង ៣៥នាទី ដំណើរអញ្ជើញមកដល់ប្រកបដោយសុវត្ថិភាពខ្ពស់របស់ឯកឧត្តម តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប តាមជើងហោះហើរ ក្នុងស្រុក អមដំណើរដោយសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងបរមរាជវាំង ។ ក្នុងការអញ្ជើញទទួលបដិសណ្ឋាកិច្ចនៅអាកាស យានដ្ឋានសៀមរាប នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៧នេះ មានវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនិង លោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជាការ បញ្ជាការរងយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ស្នងការ ស្នងការងនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង មន្ត្រីរាជការ គរុសិស្ស សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។
ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូនីតាន់ កេងយ៉ាន់ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរី នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប និង អញ្ជើញទៅទស្សនា នៅតាមប្រាសាទដ៏ល្បីល្បាយរបស់ កម្ពុជា ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ័ពិភពលោក ហើយបានកំពុងក្លាយជាគោលដៅនៃភ្ញៀវទេសចរ លើពិភពលោកចូលមកទស្សនាកម្សាន្តទៀតផង ។ ម៉្យាងទៀតដំណើរទស្សនកិច្ចនៅលើទឹកដីខេត្តសៀមរាប របស់គណៈប្រតិភូជាន់ខ្ពស់សិង្ហបុរី ក៏បានបញ្ជាក់ឲ្យឃើញនូវសុខសន្តិភាពពេញលេញ និង កិច្ចអភិវឌ្ឍន៍ ភាពរិកចម្រើននៅ កម្ពុជាទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ