ខេត្តសៀមរាប ៖ ឯកឧត្តម កៅ សោភ័ណ សមាជិកក្រុមប្រឹក្សខេត្តសៀមរាប សមាជិកគណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ជាសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្តសៀមរាប ដែលបានទទួលមរណៈភាព កាលពីរសៀលថ្ងៃទី ០៦ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ ត្រូវបានធ្វើពិធីរំកិលសព ដើមី្បដង្ហែប្រទក្សិណទៅតាមដងវិថី ក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ឆ្ពោះទៅដាក់តំកល់នៅលើមេរុ ក្នុងការរៀបចំបូជាសព ឯកឧត្តម កៅ សោភ័ណ ទៅតាមគន្លងព្រះពុទ្ធសាសនា នៃព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ក្នុងពិធីដង្ហែរសពឯកឧត្តម កៅ សោភ័ណ នេះដែរ ក៏មានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ជាច្រើនកុះករ ។ ក្រោយពីធ្វើការដង្ហែរ ប្រទកិ្សណទៅតាមដងវិថីក្នុងក្រុង និង ចូលមកដល់ទីមេរុ ដើមី្បរំកិលសព ដាក់ដំកល់លើមេរុ រួចរាល់មក ព្រះសង្ឃបានធ្វើការសូត្រមន្តបង្សុលឧទិ្ទសកុសល ផលបុណ្យដល់ព្រះវិញ្ញាណក្ខ័ន្តរបស់ឯកឧត្តម កៅ សោភ័ណ ឲ្យបានទៅកាន់សុគតិភពថ្មីខាងមុខ ។
ឆ្លងការអាននូវវិយោគថា ស្តីពីជីវប្រវត្តិរបស់ឯកឧត្តម កៅ សោភ័ណ ជាមន្ត្រីថ្នាក់ដឹកនាំមួយរូប ដ៏ឆ្នើម ដែលពោពេញទៅដោយបទពិសោធន៍ បច្ចេកទេស ក្នុងការដឹកនាំ និងបំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការ កសាង និង អភិវឌ្ឍន៍នូវសមទ្ធិផលនានា នៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក នៃខេត្តសៀមរាប ។
មានប្រសាសន៍នោះដែរ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមា ចំពោះការបាត់បង់នូវវរៈកុលបុត្រដ៏ឆ្នើមមួយរូប ។ ឯកឧត្តមបណ្ឌិតក៏បានរំលឹកដឹងគុណ ពី គុណុបការៈចំពោះឯ.ឧ កៅ សោភ័ណ ឆ្លងតាមដំណាក់កាលក្នុងការបំពេញភារកិច្ច មុនពេលចូលនិវត្តន៍ ឯកឧត្តម ជាថ្នាក់ដឹកនាំមួយដ៏ឆ្នើម ជាអតីតអភិបាលស្រុកជីក្រែង ហើយត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សា ខេត្ត ឯកឧត្តមបានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន ក្នុងការបំពេញកាតព្វកិច្ចជាតិរយៈពេល៣៨ឆ្នាំមកនេះ ។
មានសង្ឃដិកានោះដែរព្រះអនុគណ ឡាច លាង ក៏បានសម្តែងនូវព្រះទ័យ ដ៏សែនក្តុកក្តួល ចំពោះការ បាត់បង់នូវថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលតែបានចូលរួម ដឹកនាំនូវគ្រប់សកម្មភាព ក្នុងការកសាង និង អភិវឌ្ឍន៍ សមទ្ធិផលនានានៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ក្នុងអតីតឯកឧត្តមជាអភិបាលស្រុកជីក្រែង។ ម៉្យាងទៀតឯកឧត្តម ក៏បានពុះពារគ្រប់ឧបសគ្គ័ដោយមិនចេះនឿយណាយនឹងការងារ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយមិនបានប្រកាន់នូវគណបក្សនយោបាយណា មួយឡើយ ។ ព្រះអង្គបានមានសង្ឃដិកាបន្តទៀតថា ការរៀបចំពិធីនេះឡើង ក៏បានសមស្របទៅតាមឋានៈរបស់ឯកឧត្តម ហើយក៏ជាកិច្ចចុងក្រោយរបស់ឯកឧត្តមដែលបានលាទាំងរូបកាយពីភពផែនដី និង ព្រះសង្ឃ ពុទ្ធបរិស័ទយើងទាំងអស់គ្នា ព្រមទាំងបានឧទ្ទិសថ្វាយដល់វិញ្ញាណក្ខ័ន្តសព ឯកឧត្តម កៅ សោភ័ណ សូមឲ្យឯកឧត្តមបាន ទៅកាន់សុគតិភពថ្មី និងធ្វើដំណើរបានទៅកាន់ព្រះនិព្វាន តាមបំណងប្រាថ្នារបស់ឯកឧត្តមកុំបីឃ្លាងឃ្លាតឡើយ ។
បន្តមកគណៈអធិបតី មន្ត្រីរាជការ និងក្រុមគ្រួសារនៃសព បានថ្វាយនូវកម្រងផ្កា និង បូជ្ញាទៀន ធូក ក្នុងការតបស្នងសងគុណ ចំពោះគុណទាំងឡាយរបស់ឯកឧត្តម និង គំរូគុណធម៏ដ៏ល្អរបស់ឯកឧត្តម ក្នុងការប្រតិបត្តិតាម ពុទ្ធឱវាទជាកិច្ចចុងក្រោយ ។ បន្តមកព្រះអនុគណក្រុង ក៏បាននិមន្តប្រទានព្រះភ្លើងបូជាសពនាពេលនោះផងដែរ។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅតាម ទំនៀមទម្លាប់ ប្រពៃណីសាសនា ដែលប្រជាពុទ្ធបរិស័ទតែងតែគោរពប្រតិបត្តិ តរៀងមក ៕ អត្ថបទ ម៉ី សុខារិទ្ធ