បើកពិធីបុណ្យចំបើង ឬបុណ្យដាលាន ឬក៏ពិធីបុណ្យកសិទេសចរណ៍


ខេត្តសៀមរាប ៖ ពិធីបុណ្យចំបើង ឬ បុណ្យដាលាន ឬក៏ពិធីបុណ្យកសិទេសចរណ៍ ត្រូវបានបើកដំណើរការជាលើកដំបូង នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប នៅចុងសប្តាហ៍នារសៀលថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៧ ក្រោមវត្តមានចូល រួមរបស់ឯកឧត្តម ប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គឹម ឆៃហៀង អភិបាលរងនៃ គណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវ អស់លោកជា អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្ត សៀមរាប នាយកទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និង វិនិយោគកូរ៉េ រួមទាំងថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង សង្កាត់ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ  ហើយពិធីនេះធ្វើនៅទីតាំងភូមិកន្ត្រក់ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប ។

ការរៀបចំពិធីបុណ្យចំបើង ឬបុណ្យដាលាន ឬពិធីបុណ្យកសិទេសចរណ៍នេះឡើង ក្រោមកិច្ចសហការយ៉ាងស្អិតរមូតជាមួយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៃស្ថានទូតកូរ៉េ ប្រចាំ​​ព្រះរាជាណាចក្រកម្ពុជា និង ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ និង អាជ្ញាធរខេត្តផងដែរ ។ ពិធីបុណ្យចំបើង  ដែលប្រជាពលរដ្ឋខ្មែរនៅតាមនិគមជនបទ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយពីការប្រមូលភោគផលស្រូវបាន រួចរាល់ នៅអំឡុងខែមករា កុម្ភៈ ឬខែមីនា នៅតាមភូមិនិមួយៗ  ដើម្បីរំលឹកនឹកគុណដល់ព្រះធរណី និង ព្រះគង្គា ដែលជាកត្តាសំខាន់ក្នុងការបង្កបង្កើនស្រូវ ដែលខ្មែរយើងតែងហៅថា«ពិធីបុណ្យដាលាន» ។ ម្យ៉ាងទៀតពិធីនេះដែរ គឺធ្វើឡើង  ដើម្បីកំសាន្តសប្បាយក្រោយពីមានការនឿយហត់ពីការបង្កបង្កើនផល និងការបង្ហាញគ្នាទៅវិញទៅមកនូវភោគផលរបស់ពួកគេដែលទទួលបានប្រចាំឆ្នាំ និង ការជួបជុំបងប្អូនជិតឆ្ងាយដែលអញ្ជើញ ចូលរួមក្នុងពិធីបុណ្យនេះ ហើយពិធីបុណ្យនេះភាគច្រើនរៀបចំ ក្នុងរយៈពេលពីរថ្ងៃ ប្រព្រឹត្តទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ព្រមទាំងមានល្ខោន យីកេ ចាប៉ីដងវែង លេងកំដរនៅពេលរាត្រីផងដែរ ។ លុះព្រឹកឡើងក៏មានធ្វើពិធីរាប់បាត្រ ដាឆ្លង ហើយនៅពេលថ្ងៃត្រង់ អ្នកភូមិយកស្រូវតាមសទ្ធាទៅចាក់ «ធា» នៅកន្លែងប្រារព្ធពិធីបុណ្យ ឬនៅសាលាបុណ្យ ហើយស្រូវទាំងនោះនឹងត្រូវយកប្រគេនព្រះសង្ឃ តាមវត្តអារាមដែលមានការខ្វះខាតទៀតផង។ តែចំពោះការរៀបចំពិធីបុណ្យចំបើង ឬ បុណ្យកសិទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបនេះ ដែលរៀបចំដោយទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និង វិនិយោគកូរ៉េ ពេលនេះ គឺ បានរៀបនូវរូមភាព ជាសត្វដ៏កម្រដែលនឹងជិតផុតពូជពីភពផែនដី រួមទាំងធ្វើការតុបតែងជាគ្រឿងសង្ហារឹម ដែលធ្វើឡើងពីចំបើង ព្រមទាំងធ្វើការបញ្ជាក់ផងដែរ អំពីភោគផលកសិកម្មទៀតផង ។

ដូច្នេះការប្រារព្ធពិធីបុណ្យចំបើងនេះ គឺពិតជាបានរួកចំណែកក្នុងការថែរក្សានូវទំនៀមទំលាប់ ប្រពៃណីរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរ  ដែលបានបន្សល់ទុកតាំងពីសម័យដើម ក៏ដូចជាបានធ្វើការបង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ បានជ្រួតជ្រាបអំពីវប្បធម៌ដ៏សម្បូរបែប ដ៏ល្អផូរផង់ ប្រកបដោយគុណតម្លៃយ៉ាងពិសេសអស្ចារ្យ ។ ម៉្យាងទៀតនេះក៏ជាយន្តការមួយ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិនៅលើពិភពលោកចូលមកទស្សនា កម្សាន្ត ក្រៅពីការទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋានវប្បធម៌ និង ធម៌ជាតិ  ហើយក៏ដើម្បីឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យ កាន់តែយល់ដឹង​បន្ថែមអំពី​វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក៏ដូចជាចូលរួមលើកស្ទួយ​វប្បធ​ម៌​​ដ៏ប្រពៃមួយនេះឲ្យបានគង់វង្ស សម្រាប់អ្នកជំនាន់ក្រោយបានសិក្សា​ស្វែង​យល់ និងចូលរួមថែរក្សាទាំងអស់គ្នា ៕ ម៉ី សុខារិទ្ធ

2017-01-20 21-37-01 027 2017-01-20 21-37-03 772 2017-01-20 21-37-06 580 2017-01-20 21-37-10 144 2017-01-20 21-37-13 815 2017-01-20 21-37-17 282 2017-01-20 21-37-20 509 2017-01-20 21-37-24 291 2017-01-20 21-37-27 954 2017-01-20 21-37-31 405 2017-01-20 21-37-34 929 2017-01-20 21-37-38 578 2017-01-20 21-37-41 717 2017-01-20 21-37-45 199 2017-01-20 21-37-48 722 2017-01-20 21-37-52 267