ខេត្តសៀមរាប ៖ លំនៅដ្ឋានដែលធ្វើអំពីឈើ ប្រកដំបូលសង្ក័សី មានជញ្ជាំងក្តារ និងចាក់ក្រាលសាប មានបណ្តោយ ៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលជាអំណោយរបស់លោក លី ហុងម្ចាស់សណ្ឋាគារអង្គរផាលែសខេត្តសៀមរាប ផ្តល់តាមរយៈ សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់កាលពីព្រឹកថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០១៧ ក្រោមវត្តមានរបស់លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមមរាប ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រគល់ជូនដល់ប្អូនប្រុសថៃ ប៊ុនថាអាយុ ១៧ឆ្នាំ ជាជនពិការ រស់នៅជាមួយជីដូនជីតាដែលមានជីវភាពក្រីក្រ ស្ថិតនៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប ដោយមានការនិមន្ត និង អញ្ជើញ របស់ព្រះអនុគណស្រុកពួកព្រះគ្រូចៅអធិការវត្តព្រៃដង្ហើម អាជ្ញាធរស្រុក ឃុំផងដែរ។
តាមសេចក្តីរាយការណ៍របស់លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ក្រោយពេលដែលឪពុកម្តាយរបស់ក្មួយប្រុសថៃ ប៊ុនថាបានបែកបាក់គ្នាមក ក្មួយប្រុសបានស្ថិតនៅក្រោមការ ថែទាំរបស់លោកយាយលោកតាចាប់តាំងពីអាយុ ១ខួបមក ។ ការពិការភាពជើងទាំងពីររបស់ក្មួយប្រុស កើតមាន ឡើងក្នុងពេលក្មួយប្រុសមានអាយុ ១២ឆ្នាំដោយជម្ងឺទន់ដៃជើង ។ ម៉្យាងទៀតក្មួយប្រុសបានខិតខំតស៊ូសិក្សារៀនសូត្របានដល់ថ្នាក់ទី៧នៅអនុវិទ្យាល័យពួក តែដោយភាពពិបាកក្នុងការធ្វើដំណើររបស់ក្មួយប្រុស ក្នុងការជិះរទេះជនពិការមានការលំបាកនោះ ដោយឆ្ងាយពីសាលាផង ត្រូវបានធ្វើឲ្យក្មួយប្រុសបង្ខំចិត្តឈប់រៀនដោយជីវភាពគ្រួសារក្រីក្រផង ។ ក្រោមការអំពាវនាវ របស់សាខាកាកបាទក្រហមខេត្ត ទើបមានសប្បុរសជន ដែលមានលោក លី ហុងម្ចាស់សណ្ឋាគារអង្គរផាលែសខេត្តសៀមរាប បានជួយឧបត្ថម្ភ ទើបបានសាងសង់លំនៅដ្ឋាននេះឡើង ជូនដល់ក្មួយប្រុសថៃ ប៊ុនថា ឲ្យបានរស់នៅបានសមរម្យ ហើយក៏ជាផ្ទះទី៦ របស់សាខាកាកបាទក្រហមខេត្ត ក៏ដូចជាផ្ទះទី១ឆ្នាំ២០១៧នេះត្រូវសាងសង់អស់ថវិកាសរុប១ពាន់២០០ដុល្លា។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយអ្វីឡើយ ។ លោកជំទាវ ក៏បានបន្តថាដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស ទើបសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូននាពេលនេះ ក្រោមការជួយឧបត្ថម្ភ របស់លោក លី ហុងនិង ក្រុមគ្រួសារជាសប្បុរសជនក្នុងខេត្ត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម កម្ពុជា ។ ទាំងនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប របស់ប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលប្រធានបទបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ លោកជំទាវក៏បានធ្វើការសំណូមពូរដល់លោកយាយ លោកតា និង ក្មួយប្រុសថៃប៊ុនថាសូមថែរក្សាសុខភាពខ្លួនព្រមទាំងធ្វើការដាំដុះដំណាំរួមផំ្ស ចិញ្ចឹមសត្វ ក្នុងការទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារផងដែរ។
អំណោយសង្កត់ផ្ទះថ្មី ដែលផ្តល់ជូននាពេលនោះរួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរឃីត ០១កញ្ចប់ កន្ទេល១ ទឹកសុទ្ធ ៥យួរសម្ភារៈផ្ទះបាយ និង ថវិកា ២០ម៉ឺនរៀលអនុសាខាស្រុកពួក ១០ម៉ឺនរៀល។ ក្នុងនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានឧបត្ថម្ភបន្ថែមនូវគ្រែ ១គ្រឿង រួមទាំងព្រះអនុគណស្រុក និង ចៅអធិការវត្ត ក៏បាន ប្រទាននូវបច្ច័យមួយចំនួនដល់ក្មួយប្រុស ហើយក្នុងនោះដែរលោកជំទាវ រួមទាំងគណៈប្រតិភូក៏បានឧបត្ថម្ភនូវ ថវិកាមួយចំនួន ដល់លោកពូ ជាជនពិការ រស់នៅក្នុងភូមិ រកាយានេះផងដែរ។
ជាមួយគ្នានោះដែរក្មួយប្រុសថៃ ប៊ុនថា ក៍បានថ្លែងអំណរគុណ និង ប្រសិទ្ធិពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង និងម្ចាស់អំណោយដែលបានជួយសាង់សង់ផ្ទះថ្មី និង ផ្តល់អំណោយសប្បុរសធម៌ទាំងនេះដល់រូបគាត់ ព្រោះអំណោយទាំងនេះ ក៏ជាភាពកក់ក្តៅសម្រាប់ក្រុមគ្រួសាររបស់គាត់ទៅអនាគតផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ