ខេត្តសៀមរាប ៖ នៅចុងសប្តាហ៍នាថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ២០១៧ ប្រតិភូខេត្ត ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដើមី្បចុះត្រួតពិនិត្យលើគម្រោងប្រពលវប្បកម្ម និង ពពិធកម្មកសិកម្ម តាមបែប ក្សេត្របរិស្ថាន តំបន់ជាយក្រុងសៀមរាប របស់អង្គការអាគ្រីស៊ុត ក្នុងស្រុកប្រាសាទបាគង និង គម្រោងអភិវឌ្ឍន៍ នៅកម្ពុជា របស់អង្គការហ្គេ្រត និង សៀដ នៅស្រុកសូទ្រនិគម ដោយរួមដំណើរពីសំណាក់ឯកឧត្តមគណៈអភិបាលខេត្ត ថ្នាក់ ដឹកនាំមន្ទីរពាក់ព័ន្ធ និង អង្គការបៃតងផងដែរ ។
តាមការបញ្ជាក់របស់អង្គការ អាគ្រីស៊ុត និង អង្គការហ្គេ្រត និង សៀដ បានបញ្ជាក់ពីគោលបំណងរួមរបស់ គម្រោង ក្នុងការចូលរួមកែលម្អប្រាក់ចំណូល និង លក្ខខ័ណ្ឌរស់នៅរបស់គ្រួសារកសិករ នៃស្រុកទាំងពីរ តាមរយៈ ការបង្កើនផលិតកម្មកសិកម្មចម្រុះ និង គាំទ្រក្នុងការបង្កើត និង ពង្រឹងសមត្ថភាពក្រុមអ្នកផលិត ។ តាមការបញ្ជាក់ របស់មន្ត្រីអាគ្រីស៊ុតបានឲ្យដឹងផងដែរថា ប្រជាជនក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង មានចំនួន ៣៤២ គ្រួសារ មានមនុស្ស ១ពាន់៥៤២នាក់ ហើយប្រជាកសិករដែលបានទទួលនូវការបណ្តុះបណ្តាលបច្ចេកទេស ក្នុង ការដាំដុះដំណាំកសិកម្ម មាន ៤៩គ្រួសារ ក្នុងនោះ១៩គ្រួសារទទួលការបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែគ្រប់មុខ និង ២១គ្រួសារទទួលការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមជ្រូក និង ០៩គ្រួសារ បច្ចេកទេសធ្វើស្រែ ។ ចំពោះ អង្គការហ្គេ្រត និង សៀដ គម្រោងគ្រប់ដណ្តប់ ចំនួន៥០ភូមិ នៃឃុំចំនួន៧ ក្នុងស្រុកពីរ ដែលមានកសិករ ១ពាន់ ៥០០គ្រួសារដែលទទួលបានគម្រោងនេះ ។
តាមការបញ្ជាក់របស់បងប្អូនប្រជាកសិករបានឲ្យដឹងថា ក្រោយពីបានទទួលការបណ្តុះបណ្តាលបច្ចេកទេស កសិកម្មរបស់អង្គការ បានធ្វើឲ្យក្រុមគ្រួសារពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈនៃចំណូលបានពីការដាំដុះបន្លែ ការចិញ្ចឹមសត្វ ធ្វើឲ្យពួកគាត់ទទួលបានចំណូលជាប្រចាំថ្ងៃ បន្ទាប់ពីការបង្កបង្កើនផលមក ។ ម៉្យាងទៀតរាល់ដំណាំបន្លែបង្កា ដែលបងប្អូនបានផលិតនេះ គឺដាំដុះទៅដោយលក្ខណៈធម្មជាតិ មិនប្រើប្រាស់ជី ឬថ្នាំគីមីនោះឡើយ គឺប្រើប្រាស់ជីធម្មជាតិ និង ថ្នាំសម្លាប់ និងបណ្តេញសត្វល្អិតដោយរួមផ្សំពីដើមរុក្ខជាតិ និង លាមកសត្វ ជាដើម ។
មានប្រសាសន៍នោះដែរលោក លី សំរិទ្ធ ក៏បានឲ្យដឹងផងដែរថា គម្រោងរបស់អង្គការទាំងពីរ គឺធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខស្បៀងអាហារ និង លក្ខខ័ណ្ឌរស់នៅរបស់កសិករខ្នាតតូចនៅខេត្ត សៀមរាប តាមរយៈការផ្សព្វផ្សាយកសិកម្មមាននិរន្តភាព ភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និង ហានិភ័យ ផ្នែកសេដ្ឋកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ទៅលើ បញ្ហាការសិករិចរឹលដី និង ការថែរក្សាជីវៈចម្រុះ ។ ម៉្យាងទៀត ក៏ជាការបង្កើននូវចំណូលដល់កសិករ និង បង្កើនតម្លៃផលិតផលក្នុងស្រុក តាមរយៈការអនុវត្តកសិកម្មបែបក្សេត្រ បរិស្ថាន ព្រមទាំងពង្រឹងសហគមកសិករ ដើមី្បធ្វើឲ្យប្រសើរឡើងនូវគុណភាព បរិមាណ ភាពទៀងទាត់ នៃផលិត ផល ក្នុងការឈានទៅរកតម្រូវការទីផ្សារ ។ ឯកឧត្តមក៏បានបញ្ជាក់ថា បញ្ហាសុខភាពយើងគ្រប់រូបមិនអាចទិញលក់បាននៅតាមទីផ្សារឡើយ មានតែយើងគ្រប់គ្នាបែមកចូលរួមគាំទ្រ នូវផលិតផលរបស់ប្រជាកសិករក្នុងស្រុក ដែលពួកគាត់ផលិត ដោយប្រើជី និង ថ្នាំធម្មជាតិ គ្មានជាតិគីមីឡើយ ។ ឯ.ឧ លី សំរិទ្ធ ក៏បានធ្វើការគាំទ្រផងដែរ លើគម្រោងរបស់ អង្គការទាំងពីរ ក្នុងការទ្រទ្រង់នូវជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមកាត់បន្ថយការធ្វើចំណាកស្រុក របស់ បងប្អូនប្រជាកសិករ និងបង្កើននូវការងារ មុខរបរដល់ប្រជាកសិករនៅតាមមូលដ្ឋាន ធ្វើឲ្យជីវភាពរបស់ប្រជាកសិករ នៅតាមជនបទកាន់តែមានភាពប្រសើរឡើង ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងបាន ផ្តល់នូវគំនិតល្អៗ ដើមី្បជាប្រទីប សម្រាប់ប្រជាកសិករ ក្នុងការចេះកែច្នៃនូវការផលិតផលដំណាំរបស់ខ្លួន ឲ្យត្រូវ ទៅតាមរដូវកាល សំខាន់ក្នុងការបំពេញនូវតម្រូវការទីផ្សារ ដោយខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ សម្បូរទៅដោយសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ដែលចាំបាច់ទាមទានូវការផ្គត់ផ្គង់ បន្លែបង្កាលក្ខណៈធម្ម ជាតិ ក្នុងការធានាបាននូវសុខភាពដល់ភ្ញៀវ ក៏ដូចប្រជាពលរដ្ឋកម្ពុជា ដែលចូលមកទស្សនាកម្សាន្តនៅលើទឹកដី អង្គរនៃយើង ។ ម៉្យាងទៀត នៅពេលការផលិតក្នុងការផ្គត់ផ្គង់បានគ្រប់ហើយនោះ យើងក៏បានទប់ស្កាត់នូវការ នាំ ចូលនូវរាល់បន្លែបង្កាពីប្រទេសជិតខាង ដែលកាន់ធ្វើឲ្យចំណូលប្រចាំថ្ងៃរបស់បងប្អូនកាន់តែខ្ពស់ឡើងថែមទៀត។ ដូច្នេះគ្រប់ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួមគ្នាធ្វើការលើកស្ទួយនូវផលិតផលរបស់ប្រជាកសិករក្នុងស្រុក ដើមី្បផលប្រយោជន៍ប្រជាកសិករ នូវផលិតផលធម្មជាតិ នាំឲ្យសុខភាពយើងមានភាពមាំមួន មានសុភមង្គលក្នុងគ្រួសារ តទៅអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ទ